អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រជ្ជកាលមហាក្សត្រឆាលស៍ទី៣ ចាប់ផ្ដើម ក្រោយការចូលទិវង្គតរបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២
09, Sep 2022 , 11:29 am        
រូបភាព
មហាក្សត្រឆាលទី៣ (កាលនៅជារជ្ជទាយាទ) ចូលរួមពិធីបើកសម័យប្រជុំសភាក្នុងឆ្នាំ២០២២ ។ រូបថត AFP
មហាក្សត្រឆាលទី៣ (កាលនៅជារជ្ជទាយាទ) ចូលរួមពិធីបើកសម័យប្រជុំសភាក្នុងឆ្នាំ២០២២ ។ រូបថត AFP
ព្រះរាជបុត្រច្បងរបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរ (Elizabeth II) ព្រះអង្គម្ចាស់ ឆាលស៍ (Charles) ព្រះជន្ម៧៣វស្សា ឡើងស្នងរាជ្យជាស្ដេចនៃចក្រភពអង់គ្លេសដោយស្វ័យប្រវត្តិ និង​ជា​ប្រមុខរដ្ឋនៃអាណាចក្រចំនួន១៤ផ្សេងទៀតដែលស្ថិតក្នុងបណ្ដាប្រទេស Commonwealth ។ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Liz Truss ក៏បានជំរុញឱ្យមានការគាំទ្រព្រះមហាក្សត្រថ្មី។

 
រាជវាំង Buckingham បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី៨ ខែកញ្ញាថា ម្ចាស់ក្សត្រីយ៍ អេលីហ្សាបែតទីពីរបានសោយទិវង្គតដោយក្នុងព្រះជន្មាយុ៩៦វស្សា ក្រោយ​បានសោយរាជ្យ៧០ឆ្នាំ។ តាមច្បាប់អង់គ្លេស ព្រះអង្គម្ចាស់ឆាលដែលជារជ្ជទាយាទ ឡើងគ្រងរាជ្យភា្លមៗតែម្ដង ដោយមានព្រះនាមឆាលទី៣ (Charles III) ។
 
ក្នុងសារប្រកាសពីការសោយទិវង្គតរបស់មាតាទ្រង់ មហាក្សត្រឆាលស៍ទីបី បានបញ្ជាក់ថា ការចូល​ទិវង្គត ជាទី​សោក​ស្តាយ​ដ៏​ក្រៀមក្រំ​បំផុត​សម្រាប់​ទ្រង់ និង​សមាជិក​គ្រួសារ​ទាំងអស់។
 
«ពួកយើង​កាន់​ទុក្ខ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​សោយ​ទិវង្គត​របស់​ម្ចាស់​ក្សត្រីយ៍​ជាទីស្រឡាញ់និង​ជា​មាតា​ជាទី​ស្រឡាញ់​ជា​ខ្លាំង»។ មហាក្សត្រឆាលស៍ទីបីមានព្រះបន្ទូលបែបនេះរួចបន្តថា​ ការបាត់បង់នេះ ក៏ជាទុក្ខសោកដ៏ធំមួយចំពោះប្រជាជនទូទាំងប្រទេស ចក្រភព និងមនុស្សជា​ច្រើននៅ​ជុំវិញ​ពិភពលោក។
 
យ៉ាងណាមិញ ពិធីរាជាភិសេកផ្លូវការ នឹងមិនធ្វើឡើងឆាប់នេះឡើយ។ ម្ចាស់ក្សត្រីយ៍អេលីហ្សាបែត​ទីពីរ ត្រូវបានគ្រងរាជ្យនៅខែមិថុនាឆ្នាំ១៩៥៣ ដែលមានរយៈពេល១៦ខែបន្ទាប់ពីមហាក្សត្រ George VI បានចូលទិវង្គត។
 
កន្លងមក មហាក្សត្រឆាលទីបី ត្រូវបានមើលឃើញថា មិនសូវមានប្រជាប្រិយភាពដូចមាតា​របស់​ទ្រង់​ឡើយ តែគេរំពឹងថា ទ្រង់អាចនឹងកែប្រែទិសដៅនៃរាជានិយមអង់គ្លេស។ ព្រះមហាក្សត្រឆាលទី៣ ជា​អ្នកតស៊ូមតិដ៏រឹងមាំសម្រាប់ការពារធម្មជាតិ និងបរិស្ថាន ហើយបានបង្កើតអ​ង្គការសប្បុរសធម៌មួយចំនួនដែរ។
 
ស្ដេចឆាលទី៣ មានបុត្រ២អង្គ។ ព្រះអង្គម្ចាស់ William ដែលជាបុត្រាច្បង នឹងក្លាយជារជ្ជទាយាទថ្មី ហើយបុត្រាបុត្រី៣អង្គ នឹងឈរលំដាប់ទី២ ទី៣ និងទី៤ បន្តបន្ទាប់គ្នា។ ចំណែកព្រះអង្គម្ចាស់ Harry វិញ មានលេខរៀងទី៥ ក្នុងការលំដាប់សមាជិករាជវង្សដែលត្រូវឡើងសោយរាជ្យ៕ 
 
 

Tag:
 រជ្ជកាលមហាក្សត្រឆាលស៍ទី៣ ចាប់ផ្ដើម ក្រោយការចូលទិវង្គតរបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២
© រក្សាសិទ្ធិដោយ thmeythmey.com