អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំពិភពលោក ចេញសារសោកស្តាយចំពោះការសោយទិវង្គតម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២
09, Sep 2022 , 2:29 pm        
រូបភាព
បាច់ផ្កាជាច្រើន ត្រូវបានដាក់ខាងមុខរាជវាំង Buckingham ក្នុងទីក្រុងឡុងដ៍។ រូបថត Xinhua
បាច់ផ្កាជាច្រើន ត្រូវបានដាក់ខាងមុខរាជវាំង Buckingham ក្នុងទីក្រុងឡុងដ៍។ រូបថត Xinhua
ដោយ៖ ហ៊ួយ ស៊ីវលី 
 
ការសោយទិវង្គតរបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរធ្វើឱ្យមេដឹកនាំក្នុងពិភពលោកជាច្រើន បង្ហាញការសោកស្តាយផង និងកោតសរសើរផងចំពោះស្នាដែរបស់ទ្រង់។

 
ស្តេចដែលសោយរាជ្យយូរជាងគេ និងជាប្រមុខរដ្ឋរបស់ចក្រភពអង់គ្លេសរយៈពេល៧០ឆ្នាំ ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២ សោយទិវង្គតក្នុងព្រះជន្ម៩៦ព្រះវស្សានៅថ្ងៃទី៨ ខែកញ្ញា។ ការសោយទិវង្គតរបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២ ធ្វើឱ្យមេដឹកនាំក្នុងពិភពលោកជាច្រើនសម្តែងភាពសោកស្តាយចំពោះការបាត់បង់ទ្រង់ និងស្ងើចសរសើរចំពោះស្នាដែ និងកេរដំណែលរបស់ទ្រង់នៅពេលដែលទ្រង់នៅមានព្រះជន្ម។
 
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស
ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះព្រះគុណ សេចក្តីថ្លៃថ្នូរ និងការលះបង់របស់ព្រះអង្គ។ វត្តមានរបស់ទ្រង់បានធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំធេង រួមមានការបញ្ចប់អាណានិគមនៅទ្វីបអាហ្រ្វិក និងអាស៊ី និងការវិវត្តន៍របស់អង្គការអន្តរជាតិ Commonwealth។ «ខ្ញុំ​សូម​គោរពសសើរម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរ ចំពោះ​ការ​លះបង់​ពេញមួយ​ជីវិត​ក្នុង​ការ​បម្រើ​ប្រជាជន​របស់​ព្រះអង្គ។ ពិភពលោកនឹងចងចាំការលះបង់ និងការដឹកនាំរបស់ទ្រង់។»
 
ប្រធានាធិបតីអាម៉េរិក ចូ បៃដិន
នៅក្នុងពិភពលោកដែលមានការប្រែប្រួលឥតឈប់ឈរ វត្តមានរបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរជាប្រភពនៃការលួងលោម និងមោទនភាពសម្រាប់ជនជាតិអង់គ្លេសគ្រប់ជំនាន់។​ កេរដំណែលរបស់ទ្រង់នឹងស្ថិតនៅក្នុងទំព័រប្រវត្តិសាស្ត្រអង់គ្លេស និងនៅក្នុងរឿងរ៉ាវនៃពិភពលោករបស់យើង។
 
នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូឌូ
«វាពិតជាសោកសៅយ៉ាងខ្លាំង ដែលម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរ​សោយ​ទិវង្គត​។ ព្រះមហាក្សត្រិយមានវត្តមានឥតឈប់ឈរនៅក្នុងជីវិតរបស់យើង ហើយការបម្រើរបស់ទ្រង់ចំពោះជនជាតិកាណាដានឹងបន្សល់ទុកជាផ្នែកមួយដ៏សំខាន់នៃប្រវត្តិសាស្ត្ររបស់ប្រទេសយើងជារៀងរហូត»។
 
នាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីនដា អាឌើន
«ខ្ញុំតំណាងប្រជាជននៅទូទាំងនូវែលសេឡង់រំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតចំពោះសមាជិកនៃគ្រួសាររាជវង្សចំពោះការសោយទិវង្គតរបស់ម្ចាស់ក្សត្រីយ៍។ ចំពោះពួកយើង ព្រះមហាក្សត្រិយគឺជាក្សត្រីដែលគួរកោតសសើរ និងគោរព។»
 
នាយករដ្ឋមន្ត្រី​អូស្ត្រាលី អាន់​ថូ​នី អាល់​បា​នីស
«ការសោយទិវង្គតរបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរគឺជាការបញ្ចប់រជ្ជកាលជាប្រវត្តិសាស្ត្រ និងការបម្រើពេញមួយជីវិតរបស់ទ្រង់ចំពោះកាតព្វកិច្ច គ្រួសារ និងជំនឿ។ ប្រជាជនអូស្ត្រាលីមានភាពសោកសៅដូចដែលប្រជាជនអង់គ្លេសកាន់ទុក្ខនៅថ្ងៃនេះ។»
 
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង
«ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរតំណាងឱ្យការបន្ត និងការរួបរួមរបស់ប្រជាជាតិអង់គ្លេសអស់រយៈពេលជាង ៧០ឆ្នាំមកហើយ។ ខ្ញុំចាំថាទ្រង់ជាមិត្តរបស់បារាំង និងជាម្ចាស់ក្សត្រីយ៍ដែលមានចិត្តសប្បុរស ដែលបានបន្សល់ទុកការកោតសសើរដ៏យូរអង្វែងដល់អង់គ្លេស។»
 
នាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី
«ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរនឹងត្រូវចងចាំទុកថាជាក្សត្រដ៏រឹងមាំក្នុងសម័យកាលរបស់យើង។ ព្រះអង្គបានផ្តល់ការលើកទឹកចិត្តនៃភាពជាអ្នកដឹកនាំដល់ប្រទេសជាតិ និងប្រជាជនរបស់ទ្រង់។ ខ្ញុំសូមចូលរួមរំលែកទុក្ខជាមួយគ្រួសាររបស់ទ្រង់ និងប្រជាជនអង់គ្លេសនៅក្នុងពេលវេលានេះ។»
 
នាយករដ្ឋមន្ត្រីអៀរឡង់ មីឆេល ម៉ាទីន
ក្នុងនាមរដ្ឋាភិបាលនៃអៀរឡង់ ខ្ញុំសូមសម្តែងការអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាជនអង់គ្លេសចំពោះការបាត់បង់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរ។ ដំណើរ​ទស្សនកិច្ច​ផ្លូវការរបស់ទ្រង់​ទៅកាន់​​អៀរឡង់​ក្នុង​ឆ្នាំ ២០១១ជា​ជំហាន​ដ៏សំខាន់​មួយ​ក្នុងការ​ធ្វើឱ្យ​​ទំនាក់ទំនង​រវាងប្រទេសទាំងពីរធម្មតាវិញ​។
 
អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល
«យើងកាន់ទុក្ខចំពោះការសោយទិវង្គតរបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរ។ ព្រះមហាក្សត្រិយគឺ​ជាជន​គំរូ និង​ជន​លើកទឹកចិត្តសម្រាប់​មនុស្ស​រាប់​លាន​នាក់ ក៏ដូចជានៅ​​អាល្លឺម៉ង់ផងដែរ។ ការប្តេជ្ញាចិត្តរបស់ទ្រង់ចំពោះការផ្សះផ្សាអាល្លឺម៉ង់ និងអង់គ្លេស បន្ទាប់ពីសង្គ្រាមលោកលើកទី២នឹងត្រូវចងចាំទុកដោយបំភ្លេចមិនបាន ហើយទ្រង់នឹង​ត្រូវ​បាននឹករលឹក។»
 
នាយករដ្ឋមន្ត្រី​អ៊ីតាលី ម៉ារីអូ ដ្រាហ្គី
ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរ គឺជាតួអង្គសំខាន់មួយរូបក្នុងប្រវត្តិសាស្ត្រពិភពលោកក្នុងរយៈពេល៧០ឆ្នាំចុងក្រោយនេះ។ ព្រះអង្គតំណាងឱ្យចក្រភពអង់គ្លេស និងបណ្តាប្រទេសដែលធ្លាប់ស្ថិតក្រោមអាណានិគមអង់គ្លេស(Commonwealth) ជាមួយនឹងគតិបណ្ឌិត និងការគោរពចំពោះស្ថាប័ន និងលទ្ធិប្រជាធិបតេយ្យ។ ទ្រង់គឺជានិមិត្តរូបដែលទទួលបានការគោរព ការស្រលាញ់ និងអារម្មណ៍កក់ក្តៅគ្រប់ទីកន្លែង។ 
 
ប្រធានគណៈកម្មការអឺរ៉ុប អឺស៊ូឡា វ៉ុន ដឺ លៃអេន 
«ខ្ញុំពិតជាសោកសៅយ៉ាងខ្លាំងនៅពេលបានដឹងពីការសោយទិវង្គតរបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរ។ព្រះមហាក្សត្រិយគឺជាប្រមុខរដ្ឋដែលកាន់តំណែងយូរជាងគេបំផុតក្នុងពិភពលោក និងជាបុគ្គលដែលគួរឱ្យគោរពបំផុតមួយរូប។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះគ្រួសាររាជវង្ស និងប្រជាជនអង់គ្លេស។»
 
ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរប្រសូតនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩២៦។ ព្រះមហាក្សត្រិយឡើងសោយរាជ្យនៅឆ្នាំ ១៩៥២ដែលជាក្សត្រីសោយរាជ្យយូរជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្តអង់គ្លេស។ ក្នុងរយៈពេល៧០ឆ្នាំនៃការសោយរាជ្យ ម្ចាស់ក្សត្រីយ៍បានធ្វើការជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសចំនួន ១៥នាក់៕
 

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com