កីឡាជាតិ
ជាតិ
កីឡាម៉ូតូទឹក៖ សាលី អ៊ូមើត ប្តេជ្ញាយកពានពិភពលោកឲ្យកម្ពុជា ទោះមានបញ្ហាជាមួយថៃនៅជុំទី១
09, Sep 2022 , 3:29 pm        
រូបភាព
ព្រឹត្តិការណ៍ប្រណាំង World Serier Season 2022 រូបពី Jet Ski World Series
ព្រឹត្តិការណ៍ប្រណាំង World Serier Season 2022 រូបពី Jet Ski World Series
សាលី អ៊ូមើត ប្ដេជ្ញាចិត្ត ដណ្ដើមពានលំដាប់ពិភពលោកកីឡាម៉ូតូទឹកក្នុងព្រឹត្តិការណ៍ World Series Season 2022 ដើម្បីលើកមុខមានជាតិ មុនពេលរូបគេឈប់ប្រកួតតំណាងឲ្យកម្ពុជា។ អ៊ូមើត ដែលជួបឧបសគ្គនៅជុំទីមួយដោយសារភាគីថៃទាមទារមិនឲ្យខ្លួន ប្រកួតលើវិញ្ញាសាសក្ដានុពលនៅប្រទេសប៉ូឡូញកន្លងទៅ ត្រូវចូលទៅជុំទីពីរនៅទឹកដីអាម៉េរិក ដោយត្រៀម៣វិញ្ញាសា។



សាលី អ៊ូមើត បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា ការប្រកួតជុំទីពីរ នឹងប្រព្រឹត្តទៅបែបណានោះ មិនទាន់ដឹងច្បាស់ទេ ប៉ុន្ដែកីឡាកររូបនេះ បានត្រៀមលក្ខណៈរួចរាល់ ទាំងការបម្រុងទុកនូវវិញ្ញាសាប្រកួតផងដែរ។ សាលី អ៊ូមើត នឹងចុះឈ្មោះប្រកួតវិញ្ញាសា Expert Ski GP ដែលថៃបានទាមទារមិនឲ្យប្រកួត។ ប្រសិនជា ភាគថៃ តវ៉ាមិនឲ្យកម្ពុជាប្រកួតលើវិញ្ញាសានេះទៀត នោះកីឡាករកម្ពុជារូបនេះ នៅតែអាចប្រកួតបាន ព្រោះបានត្រៀមវិញ្ញាសាផ្សេងរួចហើយ។


សាលី អ៊ូមើត ក្នុងព្រឹត្តិការណ៍​ Jet Ski Pro Tour 2020 រូបពី សាលី អ៊ូមើត



វិញ្ញសា ដែល សាលី អ៊ូមើត ត្រៀមមានអ្វីខ្លះ? កីឡាកររូបនេះ មិនបានបញ្ជាក់ទេ គឺគ្រាន់តែប្រាប់ថា ចាំមើលស្ថានភាពសិន ព្រោះ អ៊ូមើត អាចនឹងចុះឈ្មោះប្រកួតលើសពី៣ វិញ្ញាសាប្រសិនជាស្ថានភាពជាក់ស្ដែងអំណោយផល។ កីឡាករម៉ូតូទឹករូបនេះ ថាកីឡាករម្នាក់ អាចចុះឈ្មោះប្រកួតបាន៥វិញ្ញាសា។
 
សាលី អ៊ូមើត​ បានប្រាប់ទាំងមានឆន្ទៈមុនមាំថា៖«ខ្ញុំ នឹងយកពានរង្វាន់ពិភពលោក ឲ្យបានដើម្បីកម្ពុជា មុនពេលខ្ញុំឈប់ប្រកួតតំណាងឲ្យជាតិ។»។
កីឡាករម៉ូតូទឹកកម្ពុជា ៥នាក់ផ្សេងទៀត និងរួមដំណើរជាមួយ សាលី អ៊ូមើត មានដូចជា ម៉ីន មូសស្ដាន, កៃ វ៉ាន់ស៊ីដែន, ម៉ីន អូស្មាន់, សាលី ហ្វីលីន និង ស៊ីម សាក់នី។ អ្នកទាំងនោះ នឹងចេញទៅសហរដ្ឋអាម៉េរិក នៅថ្ងៃទី២៣ ខែកញ្ញា។ អ៊ូមើត បញ្ជាក់ថា៖«យើង ត្រូវចេញទៅដល់ទីតាំងមុន ដើម្បីត្រៀមខ្លួន និងដឹងច្បាស់ពីទីតាំង ដូចជាអាកាសធាតុ និងកន្លែងស្នាក់នៅ ជាពិសេសត្រូវរៀបចំម៉ូតូទឹក និងពិនិត្យឲ្យគ្រប់ជ្រុងជ្រោយ»។
 
គួរបញ្ជាក់ថា ការប្រកួតជុំទី២ នឹងធ្វើនៅទឹកដីអាម៉េរិក ចាប់ពីថ្ងៃទី៥-៩ ខែតុលា និងជុំផ្ដាច់ព្រ័ត្រ នៅប្រទេសថៃ ថ្ងៃទី១៤-១៨ ខែធ្នូ ឆ្នាំ២០២២។ សម្រាប់ជុំទី១ កីឡាករកម្ពុជាទាំងពីររូប គឺ សាលី អ៊ូមើត និង ម៉ីន មូស្ដាន ធ្វើមិនបានល្អទេ ដោយ​គណៈកម្មការរៀបចំបដិសេធចំពោះការចុះឈ្មោះលើវិញ្ញាសា ដែលពួកគេមានសក្ដានុពល។ ការបដិសេធនេះ ព្រោះមានការតវ៉ាពីភាគីម៉ូតូទឹកថៃ ក្រោមហេតុផលថា កីឡាករកម្ពុជា ឈ្នះពានរង្វានច្រើនលើក លើវិញ្ញាសាមួយនេះ។ ដោយឡែក កីឡាករ៤ផ្សេងទៀត កៃ វ៉ាន់ស៊ីដែន, ម៉ីន អូស្មាន់, សាលី ហ្វីលីន និង ស៊ីម សាក់នី មិនបានចូលរួមប្រកួតជុំទី១ ព្រោះមិនអាចជួលម៉ូតូទឹកនៅប្រទេសប៉ូឡូញបាន៕
 

Tag:
 កីឡាម៉ូតូទឹក
  សាលី អូមើត
  World Series
© រក្សាសិទ្ធិដោយ thmeythmey.com