អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង ចេញច្បាប់ហាមយកកម្មវិធីនុយក្លេអ៊ែរទៅចរចា
09, Sep 2022 , 3:59 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ រូបថត KCNA
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ រូបថត KCNA
ដោយ:
សភាកូរ៉េខាងជើង នៅថ្ងៃទី៨ ខែកញ្ញា បានអនុម័តច្បាប់ថ្មីមួយជុំវិញគោលនយោបាយអាវុធនុយក្លេអ៊ែរសំដៅពង្រឹងមុខមាត់ប្រទេសខ្លួនបន្ថែមក្នុងនាមជារដ្ឋអាវុធនុយក្លេអ៊ែរ។ ច្បាប់នេះនឹងអនុញ្ញាតឱ្យទីក្រុងព្យុងយ៉ាងវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរនៅពេលណាក៏បាន ពេលរងការគំរាមកំហែង ហើយបិទផ្លូវរាល់ការចរចាណាមួយទាក់ទងការរំសាយអាវុធនុយក្លេអ៊ែរថែមទៀត។

 
កូរ៉េខាងជើងនៅតែមិនបោះបង់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ហើយបន្តធ្វើតេស្តមីស៊ីលជាច្រើនលើកនៅឆ្នាំនេះ បើទោះជារងទណ្ឌកម្មអន្តរជាតិ ហើយត្រូវបានកូរ៉េខាងត្បូង និងអាម៉េរិកជាដើមស្នើឱ្យមានការចរចារំសាយក៏ដោយ។ ខណៈចែងក្នុងរដ្ឋធម្មនុញ្ញជារដ្ឋនុយក្លេអ៊ែរស្រាប់ទៅហើយ កូរ៉េខាងជើងនៅថ្ងៃទី៨ ខែកញ្ញា បានឈានជើងមួយជំហានទៀតក្នុងការពង្រឹងគោលនយោបាយអាវុធនុយក្លេអ៊ែររបស់ខ្លួន​ដែលគ្មានប្រទេសណាអាចលូកដៃចូលឱ្យក្រុងព្យុងយ៉ាងរំសាយអាវុធនុយក្លេអ៊ែរឡើយ។ 
 
«សារសំខាន់បំផុតនៃការបង្កើតគោលនយោបាយស្តីពីអាវុធនុយក្លេអ៊ែរនេះគឺដើម្បីគូសខ្សែរបន្ទាត់មិនអាចកែប្រែបាន សំដៅបញ្ចៀសការចរចាលើអាវុធនុយក្លេអ៊ែររបស់យើង»។ មេដឹកនាំកូរ៉ខាងជើង លោក គីម ជុងអ៊ុន ថ្លែងទៅកាន់កិច្ចប្រជុំសភាប្រជាជនជាន់ខ្ពស់កូរ៉េខាងជើងនៅថ្ងៃទី៨ ខែកញ្ញា។ 
 
យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ច្បាប់ដែលសភាប្រជាជនជាន់ខ្ពស់កូរ៉េខាងជើងអនុម័តនៅថ្ងៃទី៨ ខែកញ្ញា បានចែងពីលក្ខខណ្ឌប្រើប្រាស់អាវុធនុយក្លេអ៊ែរបានរួមមានការឆ្លើយតបទៅនឹងការវាយប្រហារ ឬប​ញ្ឈប់ការឈ្លានពាន។ វាក៏អនុញ្ញាតឱ្យកូរ៉េខាងជើងវាយប្រហារដោយអាវុធនុយក្លេអ៊ែរជាមុន ប្រសិនបើជិតមានការវាយប្រហារដោយអាវុធប្រល័យលោក ឬរកឃើញថាមានការវាយប្រហារប្រឆាំងគោលដៅយុទ្ធសាស្រ្តរបស់ខ្លួន។​ ច្បាប់នេះដែរក៏ហាមប្រាមការចែករំលែកបច្ចេកវិទ្យា ឬអាវុធនុយក្លេអ៊ែរជាមួយប្រទេសដទៃផង។
 
ច្បាប់ថ្មី ក៏ប្រគល់អំណាចបញ្ជានុយក្លេអ៊ែរនេះឱ្យមេដឹកនាំកំពូល គីម ជុងអ៊ុនដែរ។
 
ក្នុងសុន្ទរកថាដដែល លោក គីម អះអាងថា កូរ៉េខាងជើងនឹងមិនបោះបង់អាវុធនុយក្លេអ៊ែរ និងមីស៊ីលចោលទេ បើទោះជាប្រទេសលោកត្រូវរងទណ្ឌកម្ម១០០ឆ្នាំក៏ដោយ ពីព្រោះក្រុងព្យុងយ៉ាងត្រូវការអាវុធទាំងអស់នេះដើម្បីប្រឈមនឹងអាម៉េរិកដែលព្យាយាមដាក់សម្ពាធលើការពារជាតិ និងផ្តួលរលំរដ្ឋាភិបាលកូរ៉េខាងជើង។ លោក គីម ក៏ចោទទីក្រុងវ៉ាស៊ីនតោនថា ព្យាយាមផ្ដួលរំលំរបបដឹកនាំទីក្រុងព្យុងយ៉ាងតែម្ដង មិនត្រឹមការរំសាយនុយក្លេអ៊ែរឡើយ៕
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com