អន្តរជាតិ
រូបិយវត្ថុ ភ្លេងជាតិ ត្រា នឹងត្រូវផ្លាស់ប្តូរនៅក្នុងរជ្ជកាលមហាក្សត្រឆាលស៍ទី៣
10, Sep 2022 , 7:29 pm        
រូបភាព
រូបភាព៖ Bloomberg
រូបភាព៖ Bloomberg
ក្រោយការចូលទិវង្គតរបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២ មេដឹកនាំ និងមហាក្សត្រនៃបណ្តាប្រទេសជាច្រើនបានសំដែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ។ ព្រះរាជបុត្រច្បងរបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរ (Elizabeth II) ព្រះអង្គម្ចាស់ ឆាលស៍ (Charles) ព្រះជន្ម៧៣វស្សា ត្រូវឡើងស្នងរាជ្យជាស្ដេចនៃចក្រភពអង់គ្លេសដោយស្វ័យប្រវត្តិ និង​ជា​ប្រមុខរដ្ឋនៃអាណាចក្រចំនួន១៤ផ្សេងទៀតដែលស្ថិតក្នុងបណ្ដាប្រទេស Commonwealth ។



បន្ទាប់ពីរជ្ជកាលរបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២ អ្វីៗជាច្រើនត្រូវផ្លាស់ប្តូរក្នុងរជ្ជកាលរបស់មហាក្សត្រឆាលស៍ទី៣។ តើមានអ្វីខ្លះត្រូវផ្លាស់ប្តូរបន្ទាប់ពីការកាន់តំណែងរបស់មហាក្សត្រឆាលស៍ទី៣។ 
 
រូបិយវត្ថុ

រូបតំណាងរបស់មហាក្សត្រអង់គ្លេសថ្មី នឹងបង្ហាញនៅលើកាស និងក្រដាសប្រាក់របស់អង់គ្លេស។ មិនតែប៉ុណ្ណោះ រូបិយវត្ថុនៃបណ្តាប្រទេសផ្សេងទៀត ដូចជា កាណាដា​ អូស្រ្តាលី នូវែលសេឡង់ និងលុយដុល្លាររបស់ប្រទេសនៅតំបន់ការ៉ាអ៊ីបខាងកើត ត្រូវកែប្រែឡើងវិញ។ 
 
ភ្លេងជាតិ លិខិតឆ្លងដែន ត្រា 
 
ភ្លេងជាតិរបស់អង់គ្លេសដែលមានពាក្យ Queen នឹងប្តូរទៅពាក្យ King វិញ ដែលនេះអាចធ្វើឱ្យប្រជាជនអង់គ្លេសមួយចំនួនពិបាក ក្នុងការផ្លាស់ប្តូរ ដោយសារប្រជាជនអង់គ្លេស មិនធ្លាប់សូត្របែបនេះ ចាប់តាំងពីឆ្នាំ១៩៥២ មក។ បន្ថែមពីនេះ ភ្លេងជាតិនូវែលសេឡង់ អូស្រ្តាលី និងកាណាដា ក៏ត្រូវផ្លាស់ប្តូរដែរ។ 
 
ទន្ទឹមនេះ ពាក្យមួយចំនួន ដែលមាននៅក្នុងលិខិតឆ្លងដែនរបស់អង់គ្លេស អូស្រ្តាលី កាណាដា នូវែលសេឡង់ ត្រូវដាក់ជំនួសពាក្យមហាក្សត្រ។ ចំណែកត្រា ដែលមានរូបមហាក្សត្រីយ៍ នឹងប្តូរទៅដាក់រូបស្តេចឆាលស៍ទី៣។ លើសពីនេះ ពាក្យ EIIR ដែលតំណែងឱ្យមហាក្សត្រីយ៍ Elizabeth II Regina ក៏ដូរចេញផង។ 
 
នយោបាយ ច្បាប់ និងសុន្ទរកថារបស់មហាក្សត្រ

ក្រៅពី រូបិយវត្ថុ ភ្លេងជាតិ និងអ្វីៗខាងលើ ឈ្មោះរដ្ឋាភិបាលអង់គ្លេស ក្រសួងហិរញ្ញវត្ថុ និងគយ ដែលមាននៅពីមុខ (Her Majesty) នឹងដាក់ជារបស់មហាក្សត្រ (His Majesty) ដែរ។ ចំណែកសុន្ទរកថានៅក្នុងសភា ត្រូវប្តូរទៅជាមហាក្សត្រវិញ។ 
ឈ្មោះរបស់កងកម្លាំងការពាររាជវាំង មន្រ្តីជាន់ខ្ពស់ផ្នែកច្បាប់ នឹងត្រូវរៀបចំឡើងវិញ។ បន្ថែមពីនេះ រោងល្ខោន រួមទាំងការប្រើពាក្យមួយចំនួនទាក់ទិននឹងអ្នកទោស នឹងដូរដែរ៕
 

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com