អន្តរជាតិ
ស្ដេចឆាលស៍ទីបី សន្យានឹងបំពេញតួនាទី និងបម្រើប្រជាជនដូចមាតា
10, Sep 2022 , 8:29 pm        
រូបភាព
ស្ដេចឆាលស៍ទី៣ របស់ចក្រភពអង់គ្លេស។ រូបថត AFP
ស្ដេចឆាលស៍ទី៣ របស់ចក្រភពអង់គ្លេស។ រូបថត AFP
ស្ដេចចក្រភពអង់គ្លេសថ្មី មហាក្សត្រឆាលស៍ទី៣ (Charles III) នៅថ្ងៃទី៩ ខែកញ្ញា បានសន្យា​ដើរ​តាមគន្លងរបស់មាតាទ្រង់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទីពីរ (Elizabeth II) ក្នុងការបំពេញតួនាទី​ជា​ប្រមុខរដ្ឋចក្រភពអង់គ្លេស និងអាណាចក្រចំនួន១៤ផ្សេងទៀត។ ស្ដេចឆាលស៍ ក៏​បានបង្ហាញ​ទឹក​ព្រះទ័យស្រឡាញ់ចំពោះមាតារបស់ទ្រង់ដែលបានសោយទិវង្គត និងចំពោះ​មហេសី បុត្រាបុត្រី និងសមាជិករាជវង្សឯទៀត។

 
មហាក្សត្រឆាលស៍បានស្នងរាជ្យជាស្វ័យប្រវត្តិបន្ទាប់ការចូលទិវង្គតរបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២ ក្នុងព្រះជន្មាយុ៩៦វស្សានៅឯរាជដំណាក់ Balmoral ។ សេ្ដចឆាលស៍ក៏ បានយាង​ពី​ស្កុតឡែនទៅ​ទីក្រុងឡុងដ៍នៅថ្ងៃទី៩ ខែកញ្ញា ដើម្បីថ្លែងសុន្ទរកថាលើកដំបូង។
 
«ម្ចាស់ក្សត្រីយ៍អេលីហ្សាបែតបានចំណាយជីវិតរស់នៅយ៉ាងល្អ»។ ស្តេចឆាលស៍មានព្រះបន្ទូលបែប​នេះរួចបន្តថា ទ្រង់ប្ដេជ្ញានឹងធ្វើតាមការសន្យារបស់ព្រះមាតាទ្រង់ក្នុងការបំពេញតួនាទីពេញមួយជីវិ​ត។
 
ព្រះមហាក្សត្រឆាលស៍ ក៏បានបញ្ជាក់ថា ម្ចាស់ក្សត្រីយ៍ ជាបុគ្គលគំរូមួយរូបដែលជំរុញទ្រង់ឱ្យបំពេញ​កាតព្វកិច្ចឱ្យបានពេញលេញ ហើយក៏បានកោតសរសើរម្ចាស់ក្សត្រីយ៍ចំពោះការប្តេជ្ញាចិត្តបម្រើប្រជា​ពលរដ្ឋចក្រភពអង់គ្លេសក៏ដូចជាអាណាចក្រដទៃផ្សេងៗផងដែរ។
 
ក្នុងការថ្លែងសុន្ទរកថាដដែលនោះ ព្រះអង្គម្ចាស់ឆាលស៍ក៏បានបង្ហាញព្រះហឫទ័យគោរពស្រឡាញ់​មហេសីរបស់ទ្រង់ Camilla និងចំពោះបុត្រាច្បងហើយក៏ជារជ្ជទាយាទបន្ទាប់ពីទ្រង់ព្រះរាជបុត្រា William និងព្រះសុណិសាព្រះនាង Kate ដែលទទួលបានប្រគល់ងារជាព្រះអង្គម្ចាស់ និង​ម្ចាស់ក្សត្រីយ៍នៃ Wales។ 
 
ស្ដេចឆាលស៍ក៏បានបង្ហាញទឹកព្រះទ័យស្រឡាញ់ចំពោះបុត្រាពៅព្រះអង្គម្ចាស់ Harry និងព្រះនាង Meghan ដែលនេះបង្ហាញពីកាយវិការវិជ្ជមានមួយចំពោះព្រះរាជបុត្រដែលនៅឆ្ងាយពីរាជវង្ស៕
 

Tag:
 អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com