អន្តរជាតិ
រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia​ ត្រូវផ្អាកប្រតិបត្តិការទាំងស្រុង
11, Sep 2022 , 8:29 pm        
រូបភាព
ទីភ្នាក់ងាររដ្ឋអ៊ុយក្រែនទទួលបន្ទុករោងចក្រនុយក្លេអ៊ែរ Zaporizhzhia​ នៅថ្ងៃទី១១ ខែកញ្ញា ប្រកាសថា ប្រតិបត្តិការនៅរោងចក្រនុយក្លេអ៊ែរដែលគ្រប់គ្រងដោយកងម្លាំងរុស្ស៊ី ត្រូវ ផ្អាកដំណើរការទាំងស្រុងដើម្បីរក្សាសុវត្ថិភាព ខណៈដែលការបាញ់បោះគ្នារវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តក្បែរ​រោងចក្រ​មួយ​នេះ។

 
ក្នុងសេចក្ដីថ្លែងការណ៍មួយ ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអ៊ុយក្រែន Energoatom បាន​លើកឡើង​អំពីការផ្អាកដំណើរការរោងចក្រ Zaporizhzhia​ ទាំងស្រុងបន្ទាប់ពីទីភ្នាក់ងារបានផ្តាច់ខ្សែថាមពល​លេខ៦ ពីបណ្តាញរោងចក្រអគ្គិសនី។ 
 
«(ពួកយើងកំពុង) ត្រៀមរៀបចំកំពុងដំណើរការសម្រាប់ភាពត្រជាក់របស់សារធាតុនុយក្លេអ៊ែរ និងការផ្ទេរទៅស្ថានភាពត្រជាក់»។ ទីភ្នាក់ងារខាងលើបានបន្ថែមបែបនេះដោយចង់សំដៅលើ ការផ្អាក​ប្រតិបត្តិការរោងចក្រ តែត្រូវបន្តរក្សាភាពត្រជាក់របស់ថាមពលនុយក្លេអ៊ែរដើម្បីរក្សាសុវត្ថិភាព។
 
កាលពីថ្ងៃទី១០ ខែសីហា ទីភ្នាក់ងារ ​Energoatom បានអះអាងថា​ ពួកគេបានស្ដារសមត្ថភាព ប្រតិបត្តិការ និងខ្សែភ្ជាប់កាន់ប្រព័ន្ធថាមពលឡើងវិញដែលត្រូវបានខូចខាតដោយសារការបាញ់​ផ្លោង​របស់រុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយទីភ្នាក់ងារមួយនេះបានសម្រេចចិត្តបិទខ្សែថាមពលលេខ៦ ពីបណ្តាញរោងចក្រ ខណៈហានិភ័យការប៉ះពាល់និងខូចខាតអាចកើតមានឡើងនៅពេលខាងមុ​ខ​។
 
គួរបញ្ជាក់ថា ក្រុងកៀវកាលពីថ្ងៃទី៧ ខែកញ្ញា បានជំរុញឱ្យប្រជាជនដែលរស់នៅក្បែររោងចក្រនោះ ភៀសខ្លួនចេញដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន។ ក្រុងកៀវ និងក្រុងមូស្គូនៅតែចោទគ្នាទៅវិញទៅ​មក​ពីការបាញ់ផ្លោងក្បែររោងចក្រនុយក្លេអ៊ែរដែលអាចនឹងបង្កជាគ្រោះថ្នាក់​នុយក្លេអ៊ែរដ៏អាក្រក់មួយ៕
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com