អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាម៉េរិក ផ្តល់ទិដ្ឋាការឱ្យលោក ឡាវរ៉ូវ ចូលប្រជុំមហាសន្និបាត UN ហើយ
14, Sep 2022 , 9:59 am        
រូបភាព
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ ។ រូបថត AFP
ដោយ:
អាម៉េរិកបានចេញទិដ្ឋាការឱ្យរដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ សម្រាប់ធ្វើដំណើរទៅទីក្រុង New York ចូលរូមប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយ ខណៈទិដ្ឋាការដែលរុស្ស៊ីស្នើសុំសម្រាប់ប្រតិភូជាងពាក់កណ្តាលទៀតមិនទាន់បានផ្តល់ឱ្យនៅឡើយ។ នេះបើតាមការប្រកាសរបស់ប្រភពការទូតរុស្ស៊ីនៅថ្ងៃទី១៣ ខែកញ្ញា។

 
បើតាមលិខិតលោក Vassily Nebenzia អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ​(UN)ផ្ញើជូនអគ្គលេខាធិការ UN លោក អាន់តូនីញូ ហ្គូតេរ៉េស កាលពីដើមកញ្ញា ក្រុងមូស្គូស្នើសុំទិដ្ឋាការ​ពីក្រុងវ៉ាស៊ីតោនសម្រាប់ប្រតិភូខ្លួនចំនួន ៥៦ ។ ប៉ុន្តែប្រភពការទូតរុស្ស៊ីប្រកាសនៅថ្ងៃទី១៣ ខែកញ្ញាថា អាម៉េរិកទើបតែអនុម័តបានចំនួន ២៤ ទិដ្ឋាការប៉ុណ្ណោះ។ 
 
ក្រោមកិច្ចព្រមព្រៀងជាមួយ UN ក្នុងនាមជាម្ចាស់ផ្ទះ អាម៉េរិកមានកាតព្វកិច្ចចេញទិដ្ឋាការសម្រាប់មន្រ្តីនៃរដ្ឋសមាជិកដែលត្រូវចូលរួមប្រជុំមហាសន្និបាតនៅថ្ងៃទី២០ ខែកញ្ញា។ ប៉ុន្តែ អាម៉េរិកក៏អាចបដិសេធសំណើសុំទិដ្ឋាការដែរក្រោមលក្ខខណ្ឌភេរវកម្ម សន្តិសុខ និងគោលនយោបាយការបរទេសរបស់ខ្លួន។
 
ពាក់ព័ន្ធនឹងបញ្ហានេះ បើតាមការប្រកាសរបស់វិមានក្រេមឡាំង ការណ៍ដែលអាម៉េរិកមិនបានផ្តល់ទិដ្ឋការឱ្យប្រតិភូរុស្ស៊ីទាំងអស់បែបនេះគឺកំពុងបំពានកាតព្វកិច្ចខ្លួនឯងហើយ។ វិមានក្រេមឡាំងព្រមានថា ខ្លួននឹងឱ្យUN និង អាម៉េរិកទទួលខុសត្រូវចំពោះស្ថានភាពនេះ។ កន្លងមក UN អះអាងថាខ្លួនកំពុងនិយាយជាមួយអាម៉េរិកដែរពីបញ្ហានេះ។
 
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងមូស្គូបានប្រេះឆាតាំងពីរុស្ស៊ីចាប់ផ្តើមឈ្លានពានអ៊ុយក្រែនដែលបណ្តាលឱ្យអាម៉េរិកអនុម័តទណ្ឌកម្មជាច្រើនដើម្បីជាសម្ពាធឱ្យបញ្ឈប់ប្រតិបត្តិការសឹក។ មន្រ្តីរុស្ស៊ីជាច្រើនស្ថិតក្នុងបញ្ជីទណ្ឌកម្មអាម៉េរិកដែលក្នុងនោះក៏មានរដ្ឋមន្រ្តីការបរទេសរុស្ស៊ីដែរ ហើយបើទោះទទួលបានទិដ្ឋាការហើយក្តីលោក ឡាវរ៉ូវ អាចតែដើរហើរតែក្នុងបរិវេណទីក្រុង New York ប៉ុណ្ណោះ៕
 
 
 
 
 
 
 
 

Tag:
 រុស្ស៊ី
  អាម៉េរិក
  UN
© រក្សាសិទ្ធិដោយ thmeythmey.com