អន្តរជាតិ
សកម្មជនថៃមួយរូប ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីរឆ្នាំ ដោយសារពាក់ឈុតដូចមហេសីថៃ
14, Sep 2022 , 10:59 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
តុលាការថៃ នៅថ្ងៃទី១២ ខែកញ្ញា បានកាត់ទោសសកម្មជនមួយរូបឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ដោយសារពាក់សូត្រពណ៌ផ្កាឈូក ដែលស្រដៀងនឹងឈុតរបស់មហេសីថៃ។ យ៉ាងណាមិញ សេចក្តីសម្រេចរបស់តុលាការ ត្រូវបានសកម្មជនវ័យ ២៥ឆ្នាំរូបនោះច្រានចោល។

 
ចាប់តាំងពីមហាក្សត្រមហា វ​ជិ​រាល​ង្ក​រណ៍ ឡើងកាន់តំណែងនៅក្នុងឆ្នាំ២០១៩ អាជ្ញាធរថៃបានអនុវត្តច្បាប់ការពារមហាក្សត្រយ៉ាងខ្លាំង។ សកម្មជនប្រមាណ ២១០រូប នៅក្នុងឆ្នាំ២០២០ កន្លងមក ត្រូវបានចោទប្រកាន់ពីបទប្រមាថមហាក្សត្រ។ ក្នុងឆ្នាំ២០២០ ដដែល នាពេលបាតុកម្មមួយ  កញ្ញា Jatuporn 'New' Saeoueng បានពាក់សូត្រពណ៌ផ្កាឈូក ដែលស្រដៀងនឹងឈុតរបស់មហេសីដែរ។ 
 
ដោយផ្អែកលើសំលៀកបំពាក់បែបនេះ តុលាការថៃ នៅថ្ងៃទី១២ ខែកញ្ញា បានកាត់ទោសឱ្យយុវតីវ័យ ២៥ឆ្នាំរូបនេះ ជាប់ពន្ធនាគារចំនួន ៣ឆ្នាំ មុននឹងសម្រាលទោសមកពីរឆ្នាំវិញ ក្រោមហេតុផលប្រមាថរាជវង្សថៃ ។ មហេសីថៃ Suthida តែងគ្រោងសំលៀកបំពាក់សូត្រ នៅពេលចូលរួមក្នុងកម្មវិធីសាធារណៈ។ 
 
សេចក្តីសម្រេចរបស់តុលាការថៃបែបនេះ ត្រូវបានក្រុមសកម្មជនសិទ្ធិមនុស្សរិះគន់យ៉ាងខ្លាំង ខណៈកញ្ញា Jatuporn 'New' Saeoueng បានច្រានចោលសេចក្តីសម្រេចរបស់តុលាការជុំវិញការប្រមាថលើខ្សែរាជវង្ស។  
 
ក្នុងកិច្ចសម្ភាសន៍មួយមុនតុលាការថៃចេញសេចក្តីសម្រេច យុវតីថៃរូបនេះ បានអះអាងថា កញ្ញាគ្មានបំណងចំអកដាក់នរណាម្នាក់ឡើយ ប៉ុន្តែកញ្ញាគ្រាន់តែពាក់សំលៀកបំពាក់បែបប្រពៃណីប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
គួររំឮកថា នៅក្នុងឆ្នាំ២០២១ អតីតមន្រ្តីរាជការថៃមួយរូប ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤៣ឆ្នាំ ក្រោមហេតុផលប្រមាថរាជវង្សថៃនៅលើបណ្តាញសង្គម Facebook និង YouTube៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com