អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
វិមានក្រេមឡាំង៖ លោក ពូទីន និងលោក ស៊ី នឹងជជែកពីបញ្ហាអ៊ុយក្រែននិងតៃវ៉ាន់ក្នុងជំនួបនៅអ៊ូសបេគីស្ថាន
14, Sep 2022 , 12:09 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន និងសមភាគីចិន ស៊ី ជិនភីង នាជំនួបខែកុម្ភៈ។ រូបថត Xinhua
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន និងសមភាគីចិន ស៊ី ជិនភីង នាជំនួបខែកុម្ភៈ។ រូបថត Xinhua
ដោយ:
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងសមភាគីចិនលោក​ ស៊ី ជិនភីង នឹងជួបពិភាក្សាគ្នាដោយផ្ទាល់នៅអ៊ូសបេគីស្ថានអំពីបញ្ហានៅអ៊ុយក្រែន និងតៃវ៉ាន់។ នេះបើតាមការប្រកាសរបស់វិមានក្រេមឡាំងនៅថ្ងៃទី១៣ ខែកញ្ញា។

 
ប្រធានាធិបតីចិន ស៊ី ជិនភីង នឹងចាកចេញពីប្រទេសជាលើកដំបូងក្នុងរយៈពេលជាងពីរឆ្នាំចុងក្រោយនេះដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៥-១៦ ខែកញ្ញានៅអ៊ូសបេគីស្ថាន។ នៅក្រៅកិច្ចប្រជុំ SCO ដែលជាប្លុកមានចិន រុស្ស៊ី និងប្រទេសតំបន់អាស៊ីកណ្តាលបួនទៀតជាសមាជិក លោក ស៊ី នឹងជួបផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៥ ខែកញ្ញានាទីក្រុង Samarkand។
 
«ប្រធានាធិបតី( វ្ល៉ាឌីមៀ ពូទីន)នឹងពិភាក្សាទាំងរបៀបវារៈទ្វេភាគី និងប្រធានបទសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ»។ ជំនួយការវិមានក្រេមឡាំងលោក Yuri Ushakov ថ្លែងបែបនេះក្នុងសន្និសីទកាសែតខ្លីមួយនៅថ្ងៃទី១៣ ខែកញ្ញានាទីក្រុងមូស្គូដោយបន្ថែមថា ជាធម្មតាមេដឹកនាំទាំងពីរនឹងផ្តល់ការវាយតម្លៃដោយភាពវិជ្ជមានទៅលើទំនុកចិត្តដ៏ខ្ពស់ក្នុងភាពជាដៃគូយុទ្ធសាស្រ្តទ្វេភាគី។ 
 
ជំនួបផ្ទាល់មុខរវាងមេដឹកនាំនេះ នឹងរុញទំនាក់ទំនងរវាងរុស្ស៊ី និងចិននឹងកាន់តែជិតស្និទ្ធបន្ថែមទៀត ខណៈប្រទេសទាំងពីររងសម្ពាធពីលោកខាងលិចដូចគ្នា ពិសេសពីអាម៉េរិកជុំវិញបញ្ហានៅអ៊ុយក្រែន និងតៃវ៉ាន់តែម្តង។ បើតាមលោក Ushakov ជំហរកណ្តាលរបស់ចិនចំពោះវិបត្តិអ៊ុយក្រែនពិតជាសំខាន់ណាស់សម្រាប់ក្រុងមូស្គូ ហើយហេតុផលដែលរុស្ស៊ីបើកប្រតិបត្តិការយោធានៅអ៊ុយក្រែនក៏នឹងត្រូវបានលើកឡើងអំឡុងកិច្ចប្រជុំដែរ។
 
ទណ្ឌកម្មលោកខាងលិចលើរុស្ស៊ីបានរុញប្រទេសនេះបែរទៅរកបណ្តាប្រទេសនៅអាស៊ី ពិសេសចិនដែលក្លាយជាដៃគូគ្មានដែនកំណត់។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏កាន់តែកើនឡើង ហើយចិនក្លាយជាម៉ូយទិញប្រេងរុស្ស៊ីដ៏ធំដែលវាជាប្រភពចំណូលដ៏សំខាន់សម្រាប់រុស្ស៊ីធ្វើសង្រ្គាមនៅអ៊ុយក្រែន។ 
 
សូមបញ្ជាក់ថា ចិន និងរុស្ស៊ីបានបង្ហាញជំហរគាំទ្រគ្នាទៅមកជុំវិញបញ្ហាតៃវ៉ាន់ និងអ៊ុយក្រែន។ ក្រុងមូស្គូចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីចិន ខណៈក្រុងប៉េកាំងមិនបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនឡើយ តែបែរជាបានរិះគន់អាម៉េរិកដែល​បន្តលក់អាវុធឱ្យ​ក្រុងកៀវទៅវិញ៕
 
 
 
 
 

Tag:
 ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com