សិល្បៈអន្តរជាតិ
អន្តរជាតិ
ធ្លាប់ឈ្នះ BGT តែធ្លាក់ The Voice នៅវគ្គដំបូង.. អ្នកតាមដានរិះគន់គណៈកម្មការ​នៅអង់គ្លេស
14, Sep 2022 , 2:31 pm        
រូបភាព
ដោយ: ធីតា
Richard Hadfield ជាអតីតសមាជិកក្រុម Collabro ដែលបានឈ្នះពាន Britain’s Got Talent កាលពីឆ្នាំ២០១៤។ កាលពីចុងសប្តាហ៍កន្លងមក ទូរទស្សន៍ ITV បាន​ចាក់​ផ្សាយ​ពីកម្ម​វិធីប្រឡង​ចម្រៀង The Voice UK ដោយបង្ហាញវត្តមាន​តារាចម្រៀង​រូបនេះ ធ្លាក់នៅ​វគ្គ Blind Audition ក្រោយគ្មាន​សមាជិក​គណៈកម្មការណាម្នាក់សោះ ចុចបង្វិល​កៅអី​ជ្រើស​រើស​យក​រូបគេ។
 
«តើ​ត្រចៀកគណៈកម្មការទាំងនោះ មាន​បញ្ហាមែនទេ? ពួកគេ​ឮយ៉ាងម៉េចទៅវិញ?»។ នេះជា​សារមួយក្នុងចំណោម​សាររិះគន់​ជាច្រើន​នៅ​លើ​បណ្តាញសង្គម ក្រោយពេលដែល Richard Hadfield ត្រូវចាក​ចេញពីកម្មវិធី The Voice UK តាំងពីវគ្គ​ដំបូង Blind Audition។

 
 
Richard អតីតសមាជិក​ក្រុម​តន្ត្រី Collabro ដែលបានឈ្នះ​ពាន BGT កាលពីឆ្នាំ២០១៤ រូបនេះ បាន​ច្រៀង​បទ I (Who Have Nothing) របស់ Shirley Bassey និង​ជាបទដែល Sir Tom Jones សមាជិកគណៈកម្មការមួយរូប ធ្លាប់ទទួលបានភាព​ល្បីល្បាញ។ 
 
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សំឡេង​របស់​ Richard មិនបានទាក់ទាញ Sir Tome Jones និងសមាជិកគណៈកម្មការបីរូបទៀត រួមមាន will.i.am, Olly Murs និង Anne Marie បង្វិល​កៅអី​ជ្រើសរើស​យក​រូបគេធ្វើ​ជាកូន​ក្រុម​ដើម្បីឈានទៅវគ្គ​បន្តនោះឡើយ។ Richard បានធ្លាក់ចេញពីវគ្គ Blind Audition ទាំងខកចិត្ត ខណៈពិធីការិនី Emma Willis ក៏មិននឹកស្មានដល់នោះដែរ។
អ្នកតាមដាន​ The Voice UK បាន​នាំគ្នា​រិះគន់​ពេញបណ្តាញសង្គម ជាពិសេស​ Twitter ដោយពួក​គេ​យល់ថាសំឡេង​របស់ Richard មិនសម​ធ្លាក់នោះឡើយ។ មតិខ្លះបាន​លើកឡើងថា ជាការ​រៀបចំទុក​របស់កម្មវិធី​ក្នុងការទម្លាក់បេក្ខជន រីឯអ្នកខ្លះទៀតចាត់ទុក​ដូចជាការកំប្លែង។
 
ច្រៀងពីរោះតែធ្លាក់ មិនយល់ពី​គ្រូបង្វឹកទាំងអស់ហ្នឹងសោះ! អយុត្តិធម៌​សម្រាប់ Richard! តើជាកម្មវិធី The Voice ឬកម្មវិធីអី? ទាំងនេះ ជាការរិះគន់​របស់អ្នក​តាម​ដាន ដោយ​យល់ថា សមាជិកគណៈកម្មការទាំងអស់ មានកម្សោយ​ភាព​ក្នុងការវិនិច្ឆ័យ​សំឡេង​បេក្ខជន។
 
 Richard ផ្ទាល់ខ្លួនក៏មិន​បាន​តបតបកស្រាយ​អ្វី​នោះដែរ ដោយ​គេបាន​សរសេរនៅ​លើ​ Instagram ថ្លែងអំណរគុណ​ចំពោះការគាំទ្រ​ ហើយ​បាន​តាំង​ចិត្តពង្រឹង​អាជីព​របស់ខ្លួន ដើម្បីនាំអ្វីប្លែកៗ និងអស្ចារ្យ​បន្ថែមទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com