អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាម៉េរិក៖ រុស្សីចាយលុយយ៉ាងហោចណាស់៣០០លានដុល្លារដើម្បីពង្រីកឥទ្ធិពលនៅបរទេស
14, Sep 2022 , 3:59 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន។ រូបថត AFP
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន។ រូបថត AFP
 ដោយ៖ ហ៊ួយ ស៊ីវលី 

ខណៈរុស្ស៊ីកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែន រដ្ឋបាលលោក ចូ បៃដិន បន្តលាតត្រដាងពត៌មាន និងគោលដៅនយោបាយរបស់ទីក្រុងមូស្គូក្នុងការព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងពិភពលោក។ ក្នុងរបាយការណ៍ចុងក្រោយ អាម៉េរិករកឃើញថា រុស្ស៊ីបានចំណាយលុយទៅលើគណបក្សបយោបាយ និង​អ្នកនយោបាយបរទេសដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតថែមទៀត។​



យោងតាមការវាយតម្លៃរបស់ចារកម្មអាមេរិកចេញនៅថ្ងៃទី១៣ ខែកញ្ញា ចាប់តាំងពីឆ្នាំ២០១៤ រុស្សីបានចំណាយលុយយ៉ាងតិច៣០០លានដុល្លារទៅឱ្យគណបក្សនយោបាយ និងបេក្ខជនតំណាងរាស្ត្រនៅក្នុង២៤ប្រទេសជាងក្នុងបំណងជះឥទ្ធិពលនយោបាយរបស់ខ្លួនទៅលើអ្នកនយោបាយ និងប្រទេសទាំងនោះ។  បើតាមមន្ត្រីអាម៉េរិក តួលេខដែលរកឃើញ ជាតួលេខអប្បបរមាប៉ុណ្ណោះ។

អាម៉េរិករំពឹងថា រុស្សីនៅតែមានការផ្តល់លុយបន្ថែមទៀតដោយសម្ងាត់ ដើម្បីទប់ទល់នឹងទណ្ឌកម្មអន្តរជាតិជុំវិញសង្គ្រាមនៅអ៊ុយក្រែន និងរក្សាឥទ្ធិពលរបស់ទីក្រុងមូស្គូនៅបរទេស។ រុស្ស៊ីបានចំណាយប្រាក់ប្រហែល៥០ម៉ឹនដុល្លារអាមេរិក ដើម្បីគាំទ្រគណបក្សប្រជាធិបតេយ្យអាល់បានីនៅក្នុងការបោះឆ្នោតឆ្នាំ២០១៧ ហើយក៏បានគាំទ្រគណបក្ស ឬបេក្ខជនតំណាងរាស្ត្រនៅក្នុងបូស្នី ម៉ុងតេណេហ្គ្រោ និងម៉ាដាហ្គាស្កាផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោក Ned Price ប្រាប់សន្និសីទពត៌មាននៅថ្ងៃទី១៣ ខែកញ្ញាថា ការផ្តល់លុយសម្ងាត់ដោយរុស្ស៊ី ជាការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសដទៃទៀត ដែលវាអាចកាត់បន្ថយជម្រើសរបស់ប្រជាជនក្នុងការជ្រើសរើសរដ្ឋាភិបាលដែលពួកគេគិតថាសក្តិសមបំផុតដើម្បីតំណាងឱ្យពួកគេ ផលប្រយោជន៍របស់ពួកគេ និងតម្លៃរបស់ពួកគេ។ យ៉ាងណាមិញ ការវាយតម្លៃថ្មីនេះមិនបានផ្តោតលើនយោបាយក្នុងស្រុករបស់អាម៉េរិកនោះទេ។ ប៉ុន្តែការវាយតម្លៃរបស់ចារកម្មអាមេរិកពីមុនរកឃើញថាទីក្រុងមូស្គូបានជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាម៉េរិកឆ្នាំ២០១៦ ដោយគាំទ្រលោក ដូណាល់ ត្រាំ តាមរយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម៕

Tag:
 អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com