អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធាន IMF ប្រាប់ប្រទេសម្ចាស់បំណុលធំៗឱ្យមានការទទួលខុសត្រូវ កុំឱ្យប្រទេសខ្ចីលុយធ្លាក់ចូលវិបត្តិបំណុល
14, Sep 2022 , 7:29 pm        
រូបភាព
នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ Kristalina Georgieva ។ រូបថត AFP
នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ Kristalina Georgieva ។ រូបថត AFP
ដោយ:
ចិន និងម្ចាស់បំណុលធំៗផ្សេងទៀតត្រូវមានការខុសត្រូវលើការឱ្យកម្ចីទៅប្រទេសនានា​ដើម្បីបញ្ចៀសនូវការធ្លាក់ចូលក្នុងវិបត្តិបំណុល ពិសេសចំពោះប្រទេសមានទីផ្សារកំពុងរីកចម្រើន និងបណ្តាប្រទេសមានចំណូលកម្រិតទាប។ នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) Kristalina Georgieva ថ្លែងបែបនេះនៅថ្ងៃទី១៣ ខែកញ្ញា។

 
ថ្លែងនៅព្រឹត្តិការណ៍មួយដែលរៀបចំដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍សកល លោកស្រី Kristalina Georgieva នាយិកកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) លើកឡើងថា ២៥ ភាគរយនៃប្រទេសមានទីផ្សារកំពុងរីកចម្រើន និង៦០ភាគរយនៃបណ្តាប្រទេសមានចំណូលកម្រិតទាបបាន ឬជិតធ្លាក់ក្នុងវិបត្តិបំណុលហើយ។ 
 
«សាររបស់ខ្ញុំទៅកាន់ម្ចាស់បំណុលធំៗ ចិន ក៏ដូចជាវិស័យឯកជនផ្សេងៗ…គឺចំណែករបស់អ្នកកាន់តែច្រើន ការទទួលខុសត្រូវរបស់អ្នកក៏កាន់តែធំដែរ»។ ប្រធាន IMF បញ្ជាក់បែបនេះនៅថ្ងៃទី១៣ ខែកញ្ញាដោយបន្តថា វាជាផលប្រយោជន៍របស់ប្រទេសទាំងនោះដែលក្នុងនាមជាម្ចាស់បំណុលត្រូវទប់ស្កាត់បញ្ហាពីការរីកសាយកាន់តែធំ។
 
ទន្ទឹមនេះ លោកស្រី Georgieva ក៏បានលើកឡើងពីករណីស្រីលង្កាដែរ ដោយលោកស្រីសង្ឃឹមថា ម្ចាស់បំណុលទាំងសាធារណៈ និងឯកជនឆាប់ចូលតុចរចាពីការរៀបចំនិតីវិធីសងបំណុលរបស់ស្រីលង្កាឡើងវិញ ដើម្បីឱ្យរដ្ឋក្ស័យធនមួយនេះទទួលបានកញ្ចប់ជំនួយថ្មីពី IMF ជាផ្លូវការ។ 
 
ទាក់ទងបញ្ហាស្រីលង្កាដែលជាប់បំណុលបរទេសសរុបជាង ៥០ ពាន់លានដុល្លារ រដ្ឋាភិបាលស្រីលង្កានៅថ្ងៃដដែលប្រកាសថា ក្រុមប្រឹក្សាហិរញ្ញវត្ថុ Lazard បានចាប់ផ្តើមកិច្ចចរចាជាមួយឥណ្ឌា ចិន និងជប៉ុនលើការរៀបចំនីតិវិធីសងបំណុលរបស់ខ្លួនឡើងវិញហើយ។​
 
កន្លងមក IMF ចេញការព្រមានថាប្រទេសណាដែលមានបំណុលខ្ពស់អាចប្រឈមនឹងវាសនាដូចស្រីលង្កា ហើយក្នុងនោះក៏បានលើកឡើងពីរដ្ឋអាស៊ីបួនដែរដែលទូរទស្សន៍ BBC ផ្សាយថាមានប៉ាគីស្ថាន បង់ក្លាដែស ម៉ាល់ឌីវ និងឡាវ៕
 

Tag:
 IMF
  ចិន
  ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com