អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំរុស្ស៊ីនិងឥណ្ឌា នឹងជួបពិភាក្សាពីបញ្ហាពាណិជ្ជកម្មនិងការផ្គត់ផ្គង់ស្បៀងអាហារ
14, Sep 2022 , 8:29 pm        
រូបភាព
ប្រធានធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ចាប់ដៃនាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី ។ រូបថត AFP
ប្រធានធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ចាប់ដៃនាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី ។ រូបថត AFP
វិមានក្រេមឡាំងនៅថ្ងៃទី១៣ ខែកញ្ញា ប្រកាសថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នឹងជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី នៅអ៊ូសបេគីស្ថាននៅថ្ងៃទី១៦ ខែកញ្ញាខាងមុខ។ ការពង្រឹងពាណិជ្ជកម្ម ដូចជាការលក់ជីកសិកម្មរបស់រុស្ស៊ី និងការផ្គត់ផ្គង់ស្បៀងអាហារទៅវិញទៅមក ជាប្រធានបទនៃជំនួបនេះ។



រុស្ស៊ី និងឥណ្ឌា នៅតែបន្តទំនាក់ទំនងពាណិជ្ជកម្មយ៉ាងស្អិតល្មួត បើទោះជារុស្ស៊ីរងប្រតិកម្មជុំទិសដោយសារសង្រ្គាមនៅអ៊ុយក្រែនក្ដី។ ឥណ្ឌា នៅតែបន្តទិញប្រេងពីរុស្ស៊ីដែលលក់ក្នុងតម្លៃថោក ជាមួយការច្រានចោលការរិះគន់របស់លោកខាងលិចថា លុយឥណ្ឌាត្រូវប្រើក្នុងការឈ្លានពានអ៊ុយក្រែន។
 
បើតាមការប្រកាសវិមានក្រេមឡាំងនៅថ្ងៃទី១៣ ខែកញ្ញា មេដឹកនាំប្រទេសទាំងពីរនេះនឹងជួបគ្នានៅថ្ងៃទី១៦ ខែកញ្ញាខាង ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មបន្ថែម ពិសេសការទិញជីកសិកម្មពីរុស្ស៊ី និងការផ្គត់ផ្គង់ស្បៀងអាហារទៅវិញទៅមក។ 
 
«វាមានគម្រោងពិភាក្សាអំពីបញ្ហាទីផ្សារទិញលក់ជីរបស់រុស្ស៊ីជាមួយឥណ្ឌា និងការផ្គត់ផ្គង់ស្បៀងអាហារទ្វេភាគី»។ របាយការណ៍របស់វិមានក្រេមឡាំងត្រៀមសម្រាប់កិច្ចប្រជុំនៅអ៊ូសបេគីស្ថានបានបញ្ជាក់បែបនេះ។ 
 
ចំណូលពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយឥណ្ឌាឈានដល់១១,៥ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំ ២០២២ ដែលកើនឡើងជិត១២០ភាគរយ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងតួលេខវេបសាយក្រសួងពាណិជ្ជកម្មឥណ្ឌា ការនាំចូលជីរបស់ឥណ្ឌាពីរុស្ស៊ីបានកើនឡើងដល់ជាង១ពាន់លានដុល្លារ គិតចាប់ពីខែមេសា ដល់ខែកក្កដា។ លើសពីនេះ ឥណ្ឌា​បាន​ស្វះស្វែងធ្វើកិច្ច​ព្រម​ព្រៀង​នាំ​ចូល​ជីកសិកម្ម​ពី​រុស្ស៊ីរយៈពេល៣ឆ្នាំបន្ថែម ដើម្បីចៀសវាងការជួបបញ្ហាឡើងថ្លៃ ពេលមានអស្ថិរភាពភូមិសាស្ត្រនយោបាយ។ 
 
ជំនួបមេដឹកនាំរុស្ស៊ី និងឥណ្ឌា ធ្វើក្រៅកិច្ចប្រជុំមេដឹកនាំអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ដែលធ្វើនៅអ៊ូសបេគីស្ថាននៅថ្ងៃទី១៥-១៦ ខែកញ្ញា។ លោក ពូទីន ក៏នឹងជួបប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី១៥ ខែកញ្ញា នៅអ៊ូសបេគីស្ថានដែរ ជុំវិញបញ្ហានៅអ៊ុយក្រែន និងតៃវ៉ាន់។
 
ទាំងឥណ្ឌា ទាំងចិន ជាដៃគូពាណិជ្ជកម្មរបស់រុស្ស៊ីដ៏សំខាន់ដែលបានជួយទ្រទ្រង់សេដ្ឋកិច្ចប្រទេសនេះទោះបីរងនៃទណ្ឌកម្មរបស់លោកខាងលិច។ ឥណ្ឌា និងចិនមិនបានរិះគន់ចំពោះសកម្មភាពឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនទេ ស្របពេលខ្លួនអាចនាំចូលថាមពល ក៏ដូចជាស្បៀងអាហារពីរុស្ស៊ីក្នុងតម្លៃទាប បើធៀបទៅនឹងការផ្គត់ផ្គង់ពីប្រទេសដទៃទៀត៕ 
 

Tag:
 រុស្ស៊ី
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com