អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ី មីយ៉ាន់ម៉ា​ មិនត្រូវបានអញ្ជើញចូលរួមពិធីបុណ្យសពម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២ឡើយ
14, Sep 2022 , 9:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
តំណាងមកពីរុស្ស៊ី បេឡារុស និងមីយ៉ាន់ម៉ា មិនត្រូវបានអង់គ្លេសអញ្ជើញឱ្យចូលរួមពិធីបុណ្យសពព្រះមហាក្សត្រីយ៍អេលីហ្សាបែតទី២ ឡើយដែលនឹងរៀបចំនៅដើមសប្តាហ៍ក្រោយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារ Reuters នៅថ្ងៃទី១៣ ខែកញ្ញា ដែលស្រង់ប្រភពរដ្ឋាភិបាលអង់គ្លេស។

 
អង់គ្លេស ក៏ដូចជាសម្ព័ន្ធមិត្តលោកខាងលិចដទៃទៀតបានព្យាយាមផាត់រុស្ស៊ី និងសម្ព័ន្ធមិត្តបេឡារុសឱ្យកាន់តែឃ្លានឆ្ងាយពីអន្តរជាតិតាមរយៈទណ្ឌកម្មសេដ្ឋកិច្ច និងវិធានការផ្សេងទៀត តាំងពីរុស្ស៊ីចាប់ផ្តើមឈ្លានពានអ៊ុយក្រែននៅចុងខែកុម្ភៈ។ រីឯ របបសឹកមីយ៉ាន់ម៉ាវិញក៏ត្រូវបានអង់គ្លេសដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចដែរដែលជាសម្ពាធជំរុញឱ្យយោធាមីយ៉ាន់ម៉ាត្រឡប់ទៅរកសន្តិភាព និងលទ្ធិប្រជាធិបតេយ្យវិញ។
 
យោងតាមទូរទស្សន៍ BBC ឥស្សរជនបរទេសប្រហែល៥០០នាក់រំពឹងថា នឹងចូលរួមពិធីបុណ្យសពព្រះមហាក្សត្រីយ៍អេលីហ្សាបែតទី២ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញានាទីក្រុងឡុងដ៍ ខណៈលិខិតអញ្ជើញបានផ្ញើទៅប្រមុខរដ្ឋនៃប្រទេសភាគច្រើនដែលអង់គ្លេសមានទំនាក់ទំនងការទូតជាមួយ។ 
 
មកទល់ពេលនេះ មេដឹកនាំពិភពលោកជាច្រើនរួមមាននាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ នាយករដ្ឋមន្រ្តីអូស្រ្តាលី អាន់ថូនី អាល់បានីស និងនាយករដ្ឋមន្រ្តីនូវែលសេឡង់ ចាស៊ីនដា អាឌើន ដែលមានព្រះមហាក្សត្រអង់គ្លេសជាប្រមុខរដ្ឋ ក៏ដូចជាប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានបញ្ជាក់ពីវត្តមានរួចហើយ។ 
 
សូមបញ្ជាក់ថា ព្រះមហាក្សត្រីយ៍អេលីហ្សាបែតទី២ដែលជាស្តេចសោយរាជ្យយូរជាងគេក្នុងប្រវត្តិសាស្រ្តអង់គ្លេស និងជាប្រមុខរដ្ឋនៃ ១៤ ប្រទេសក្នុងអាណាចក្រ Commonwealth បានសោយទិវង្គតនៅថ្ងៃទី៨ ខែកញ្ញាក្នុងព្រះជន្ម ៩៦ ព្រះវស្សា។ បុត្រាច្បងរបស់ទ្រង់ ព្រះមហាក្សត្រឆាលស៍ទី៣ ក៏បានឡើងសោយរាជ្យបន្តពីព្រះមាតាដោយស្វ័យប្រវត្តិ៕
 
 
 
 
 
 
 
 
 
 

Tag:
 រុស្ស៊ី
  មីយ៉ាន់ម៉ា
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com