អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តុលាការធម្មនុញ្ញថៃ នឹងសម្រេចវាសនាលោក ប្រាយុទ្ធ នៅចុងខែកញ្ញា
14, Sep 2022 , 10:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា។ រូបថត AFP
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា។ រូបថត AFP
 តុលាការធម្មនុញ្ញរបស់ថៃ នឹងសម្រេចនៅចុងខែកញ្ញាពីរយៈពេលនៃអាណត្តិរបស់លោក ប្រាយុទ្ធ ចន្ទអូចាជានាយករដ្ឋមន្រ្តី។ បើតុលាការសម្រេចលោក ប្រាយុទ្ធ កាន់តំណែងគ្រប់៨ឆ្នាំហើយលោកត្រូវបញ្ចប់តំណែងនាយករដ្ឋមន្រ្តីភ្លាមៗ។

 
តុលាការធម្មនុញ្ញថៃបានកំណត់ថ្ងៃទី៣០ ខែកញ្ញាជាថ្ងៃប្រកាសសេចក្ដីសម្រេចចំពោះអាណត្តិនាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ ចន្ទអូចា។ កាលពីខែសីហាលោក ប្រាយុទ្ធ ត្រូវបានតុលាការព្យួរតំណែងជានាយករដ្ឋមន្ត្រីសិនបន្ទាប់ពីទទួលយកញត្តិរបស់បក្សប្រឆាំងឱ្យកំណត់អាណត្តិរបស់លោកជានាយករដ្ឋមន្រ្តី។
 
ក្នុងបណ្ដឹងបក្សប្រឆាំងថៃ Pheu Thai នាយករដ្ឋមន្ត្រីរូបនេះកាន់តំណែងតាំងពីឆ្នាំ២០១៤ មក​ដូចនេះនៅខែសីហា គ្រប់រយៈពេល៨ឆ្នាំហើយ។ តាមរដ្ឋធម្មនុញ្ញឆ្នាំ២០១៧នាយករដ្ឋមន្រ្តីថៃកាន់តំណែងបានតែ៨ឆ្នាំប៉ុណ្ណោះ។

ទោះបីត្រូវព្យួរតំណែងនាយករដ្ឋមន្ត្រីក្ដី លោក ប្រាយុទ្ធ នៅតែបន្តតួនាទីជារដ្ឋមន្រ្តីការពារជាតិថៃហើយអាចត្រលប់មកធ្វើជានាយករដ្ឋមន្ត្រីវិញប្រសិនបើតុលាការសម្រេចថាលោកមិនទាន់កាន់តំណែងគ្រប់៨ឆ្នាំទេនោះ។ បន្ទាប់ពីការព្យួរតំណែងឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន។
 
ចំណែកក្រុមអ្នក​ច្បាប់នៃសភាតំណាងរាស្រ្តដែលមាននិន្នាការទៅរកលោក ប្រាយុទ្ធ អះអាងថា លោកប្រាយុទ្ធអាចកាន់តំណែងដល់ឆ្នាំ២០២៧ព្រោះព្រះមហាក្សត្រថៃតែងតាំងជានាយករដ្ឋមន្រ្តីនៅក្នុងក្រោយការបោះឆ្នោតឆ្នាំ​២០១៩។
 
បើគិតពីការចូលធរមានរដ្ឋធម្មនុញ្ញថ្មីនៅឆ្នាំ២០១៧ លោក ប្រាយុទ្ធ នឹងផុតអាណត្តិនៅឆ្នាំ២០២៥ វិញ៕

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com