អន្តរជាតិ
ការភ័យខ្លាច​ពី​ទឹកជំនន់កើនឡើង​កាន់តែ​ខ្លាំង ខណៈ​​អ្នកស្លាប់​នៅ​ប៉ា​គី​ស្ថាន​ឡើង​ដល់​១៤០០​នាក់
14, Sep 2022 , 9:42 pm        
រូបភាព
ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅប៉ាគីស្ថានបានកើនដល់ជាង ១៤០០ នាក់គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា។ លើសពីនេះ ប៉ាគីស្ថាន បានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅផ្នែកខ្លះនៃខេត្ត Sindh ស្ថិតភាគខាងត្បូងនៃប្រទេស ខណៈខេត្តនេះបច្ចុប្បន្នកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីទឹកជំនន់។
 
ខណៈទឹកជំនន់នៅបន្តកើតមាន អាជ្ញាធរប៉ាគីស្ថានកំពុងព្យាយាមជម្លៀសប្រជាជនចេញពីតំបន់លិចទឹកនៅខេត្ត Sindh ខណៈដែលនាយកដ្ឋានឧតុនិយមបាននិយាយថា ភ្លៀងធ្លាក់ពីមធ្យមទៅច្រើនត្រូវបានគេរំពឹងថានឹងកើតមានជាបន្ត នៅក្នុងស្រុកជាច្រើន ក្នុងខេត្ត Sindh ក្នុងរយៈពេល ២៤ ទៅ ៧២ ម៉ោងបន្ទាប់​។ គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៣៨ នាក់បានស្លាប់នៅក្នុងខេត្តនេះ រួមទាំងកុមារចំនួន ២៧៤ នាក់ផងដែរ។ អ្នកស្លាប់សរុបនៅទូទាំងប្រទេសមានលើសពី ១៤០០នាក់។ 
 
លើសពីនេះ រោងចក្រថាមពលដ៏សំខាន់មួយនៅក្នុងស្រុក Dadu ខេត្ត Sindh​ ចម្ងាយប្រហែល ៣៣៥ គីឡូម៉ែត្រពីទីរួមខេត្ត Karachi ដែលផ្គត់ផ្គង់ថាមពលដល់មនុស្សរាប់លាននាក់ក្នុងប្រទេសកំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីទឹកជំនន់។ នេះបើតាមការលើកឡើងរបស់អាជ្ញាធរក្នុងតំបន់។ 
 
គួររំលឹកថា ប្រហែលមួយភាគបីនៃប្រទេសប៉ាគីស្ថានត្រូវបានលិចទឹកដោយសារការរលាយផ្ទាំងទឹកកក និងទឹកភ្លៀងមូសុងដែលចាប់ផ្តើមនៅក្នុងខែមិថុនា។ ទឹកជំនន់នេះបានប៉ះពាល់ដល់មនុស្សជាង ៣៣លាននាក់។ កាលពីសប្តាហ៍មុនរដ្ឋាភិបាលក៏បានប៉ាន់ប្រមាណថា ទឹកជំនន់បានបង្កការខាតបង់គិតជាទឹកប្រាក់ជាង ៣០ ពាន់លានដុល្លារ។ បច្ចុប្បន្ន មនុស្សជិតមួយលាននាក់គ្មានផ្ទះសម្បែងរស់នៅ ហើយពួកគេភាគច្រើនបានទៅរស់នៅលើផ្លូវថ្នល់ខ្ពស់ៗវិញ។
 
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េសដែលបានទៅទស្សនកិច្ចនៅប៉ា​គី​ស្ថានថ្មីៗនេះ បាននិយាយថាលោកមិនដែលបានឃើញការសម្លាប់រង្គាលពីអាកាសធាតុបែបនេះទេ។ «ខ្ញុំបានឃើញគ្រោះមហន្តរាយមនុស្សធម៌ជាច្រើននៅក្នុងពិភពលោក ប៉ុន្តែខ្ញុំមិនដែលឃើញការសម្លាប់រង្គាលពីអាកាសធាតុក្នុងទំហំបែបនេះទេ»។ លោក ហ្គូតេរ៉េស បាននិយាយបែបនេះកាលពីសប្តាហ៍មុន បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចទៅកាន់តំបន់រងគ្រោះ។ 
 
ជាមួយគ្នានេះ UN ក៏បានធ្វើការអំពាវនាវជាបន្ទាន់មួយដើម្បីរៃអង្គាសប្រាក់ចំនួន​១៦០ លានដុល្លារដើម្បីជួយប៉ាគីស្ថាន ខណៈដែលប្រទេស និងស្ថាប័នពិភពលោកមួយចំនួនបានសន្យាគាំទ្រដល់ប៉ាគីស្ថាន​ក្នុងវិបត្តិនេះ។ គ្រោះទឹកជំនន់ខាងលើ បានធ្វើឱ្យខូចខាតដល់មណ្ឌលសុខភាពជាង ១,៤៦០​ កន្លែងក្នុងប្រទេសហើយអង្គការសុខភាពពិភពលោកបានព្រមាន ពីលទ្ធភាពនៃការរីករាលដាលនៃជំងឺផ្សេងៗផងដែរ ដូចជាការគំរាមកំហែងនៃការកើនឡើងនៃការចម្លងជំងឺគ្រុនចាញ់ ក្នុងចំណោមប្រជាជនដែលរងគ្រោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com