ជាតិ
វេទិកា​ហ្វេសប៊ុក​លើឃ្លីបវីដេអូអំពីសកម្មភាពលោកនាយក ម៉ម សុធានី លើ​សិស្សមិនគោរពវិន័យ
15, Sep 2022 , 5:49 pm        
រូបភាព
លោកនាយកសាលា ហ៊ុន សែន សេរីភាព ម៉ម សុធានី
លោកនាយកសាលា ហ៊ុន សែន សេរីភាព ម៉ម សុធានី
មាន​ការជជែក​វែកញែកពេញ​បណ្តាញសង្គម​ហ្វេសប៊ុក ជុំវិញឃ្លីប​វីដេអូជាង​១នាទី ដែល​បង្ហាញ​ពីសកម្មភាពនាយក​វិទ្យាល័យ ហ៊ុន សែន​សេរីភាព ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដែល​បាន​វាយ​ទៅលើ​សិស្សស្រីម្នាក់​ពេលឈរតម្រង់ជួរមិនរៀបរយ​។ មតិ​គាំទ្រ មតិដាក់បន្ទុក មតិ​វែកញែក​ ត្រូវបាន​បង្ហោះជាហូរហែ​នៅ​លើ​ហ្វេសប៊ុក ក្នុងនោះក៏​មាន​អ្នកប្រកបអាជីពគ្រូបង្រៀន​ដូចគ្នា អតីតសិស្ស និងអាណាព្យាបាល​សិស្សមួយចំនួន​ផងដែរ។

 
ក្នុងនោះវីដេអូនោះ លោក ម៉ម សុធានី​ ដែលជានាយក​វិទ្យាល័យ​ ហ៊ុន សែន សេរីភាព ត្រូវបាន​សង្កេតឃើញថា លោក​បាន​វាយ​សិស្ស​ស្រីម្នាក់​​ចំ​ស្មា​ពី​ក្រោយ​ និង​បាន​ប្រទាញកាបូប​ស្ពាយ​ក្រោយ​របស់​​នាង។ សិស្ស​ស្រី​ម្នាក់​ទៀត​ បាន​អន្តរាគមន៍​ជួយ​មិត្ត​របស់​ខ្លួន ហើយ​គ្រូ​ក៏​បាន​ចង្អុល​មុខ​សិស្ស​ស្រី​នោះ មុន​ពេល​នាង​ ធ្វើ​​កាយ​វិកាដូច​ជា​វាស​ដៃ​គ្រូ​ចេញ ដែល​មើល​ទៅទង្វើនោះ ​ពុំ​មែន​ជាអាកប្ប​កិរិយា​សិស្ស និង​គ្រូ​​​។​
 
វីដេអូជាង១នាទីនោះ ​ទំនង​ជា​ត្រូវ​បាន​ថត​ដោយ​សិស្ស​ស្រីម្នាក់​ ចេញ​ពី​លើ​អគារ​ខ្ពស់ អម​ដោយ​ការ​អត្ថាធិបាយ​ប្រកប​ដោយ​សម្ដី ​និង​ភាសា​ឆ្គាំឆ្គង​ ហើយ​គេ​ក៏មិនឮច្បាស់​ការនិយាយ​តទល់គ្នា​រវាង​លោកនាយកសាលា និង​សិស្ស​ទាំងពីរនាក់នោះដែរ។
 
ម្ចាស់គណនី​ហ្វេសប៊ុក​មួយចំនួន មានទាំងអ្នកបង្ហាញអត្តសញ្ញាណ ជាគ្រូបង្រៀន ជាអតីតគ្រូ ជាអតីតសិស្ស ជាសិស្សបច្ចុប្បន្ន និងអ្នកមិនបង្ហាញអត្តសញ្ញាណផងនោះ សុទ្ធតែបានបញ្ចេញការយល់ឃើញរបស់ខ្លួន ជុំវិញវីដេអូនោះ។
 
បុរសចំណាស់ម្នាក់ អះអាងថា លោកជាអតីតគ្រូ ក៏ជាអតីតនាយកសាលាផង​ដែរ។ លោកបានបញ្ចេញគំនិតលើហ្វេសប៊ុករបស់ខ្លួនថា លោកធ្លាប់មានគំនិតចង់ឈប់កាច ព្រោះកិរិយាបែបនោះធ្វើឱ្យលោកហត់។ ប៉ុន្តែលោកមិនអាចបញ្ឈប់បាន ដោយលោក​ស្ម័គ្រចិត្តឱ្យសិស្សនិងអាណាព្យាបាលខឹង និងស្អប់លោក ក៏ព្រោះតែលោកមិនចង់ឱ្យសិស្សល្ងង់។
 
លោកបាន​បន្ថែម​ថា លោកក៏ធ្លាប់ត្រូវបានអាណាព្យាបាលគម្រាមប្ដឹង ហើយខ្លះក៏បានប្ដឹងដែរ ប៉ុន្តែចុងក្រោយអ្នកប្ដឹងនោះ បែរជាគោរពលោក ជាងអាណាព្យាបាលផ្សេងទៅវិញ។ ដ្បិតតែអតីតគ្រូរូបនោះ មិនបានពណ៌នាបន្ថែមក្ដី ក៏អ្នកអានអាចស្មានបានដែរថា ទំនងជាភាពកាចនោះហើយ បានជួយកូនអាណាព្យាបាលនោះប្រែជាល្អ។
 
ម្ចាស់គណនី​ហ្វេសប៊ុកមួយរូបទៀត ដែលអះអាងថាជាអតីតសិស្ស បាននិយាយថា កាលខ្លួននៅរៀន ក៏ធ្លាប់មានគ្រូគំហក បន្ទោស និងវាយដែរ។ បន្ថែមលើការមិនពេញចិត្ត អ្នកប្រើហ្វេសប៊ុករូបនោះ ថែមទាំងស្អប់ទង្វើទាំងនោះខ្លាំងថែមទៀតផង។ ការស្អប់នោះមិនបានកើតជាកំហឹងឡើយ ប៉ុន្តែបែរជាធ្វើឱ្យគេកើតក្ដីពិចារណាពីកំហុសរបស់ខ្លួន ហើយខំប្រឹងប្រែងរៀនទ្វេដង និងព្យាយាមគោរពវិន័យ រហូតធ្វើឱ្យជីវិតរបស់គេល្អប្រសើរដូចសព្វថ្ងៃ។ អតីតសិស្សខ្លះទៀត បានបញ្ចេញមត្តិថា កាយវិការបស់គ្រូដែលបង្ហាញក្នុងវីដេអូនោះ ប្រៀបបាននឹងការស្ដីប្រដៅកូនក្នុងនាមជាឪពុកទី២ប៉ុណ្ណោះ។
 
ចំណែកអ្នកលេងហ្វេសប៊ុកមួយរូបទៀត បានបញ្ចេញគំនិតខុសពីការយល់ឃើញខាងលើថា គេមិនគាំទ្រឱ្យមានការប្រើកម្លាំងបាយ ឬអំពើហិង្សាណាមួយឡើយ។ មិនគាំទ្រ ព្រោះគេធ្លាប់បាក់ស្បាតនឹងអំពើទាំងនោះ កាលពីនៅក្មេង។ អ្នកបញ្ចេញមតិផ្សេងទៀត បានលើកឡើងស្រដៀងគ្នាថា ក្រោមពាក្យថា “ស្រឡាញ់” ដឹងតែពេលសិស្សធ្វើខុសត្រូវតែវាយឬ? ត្រូវតែបណ្ដេញចេញឬ? ត្រូវតែបោះបង់ឬ?
 
អ្នកខ្លះទៀតថា ការវាយត្រូវចាត់ទុកជាអំពើហិង្សាទោះធ្ងន់ ឬស្រាល ហើយវានឹងធ្វើឱ្យក្មេង បាក់ស្មារតី សតិខ្សោយ ឆាប់ខឹង និងមានការគុំគួនជាដើម។ ឯអ្នកលេងហ្វេសប៊ុកមួយរូបទៀត បាននិយាយថា គេមិនគាំទ្រអំពើហិង្សាឡើយ ទោះតិចតួច ឬស្រាលក្ដី។ គេថែមទាំងនិយាយថា បើគ្រូប្រដៅសិស្សមិនស្ដាប់ គួរតែហៅអាណាព្យាបាលទៅជួប ជជែកពីបញ្ហានោះ។
 
ប៉ុន្តែអ្នកបញ្ចេញមតិផ្សេងទៀត ដែលទំនងជាធ្លាប់ធ្វើជាគ្រូដែរ បាននិយាយថាក្មេងសព្វថ្ងៃនេះខ្លះ ទំនើងខ្លាំងណាស់។ ក្មេងខ្លះគ្រូហៅទៅអប់រំផ្ទាល់មាត់ជាច្រើនដង រហូតដល់ធ្វើកិច្ចសន្យា ប៉ុន្តែនៅតែមិនស្ដាប់ រហូតសាលាត្រូវបង្ខំចិត្តបញ្ឈប់សិស្សនោះ ហើយបណ្ដេញគេចេញពីសាលារៀន។
 
ហាក់ធ្លាប់ជួបរឿង អប់រំក្មេងមិនស្ដាប់ អ្នកលេងហ្វេសប៊ុកមួយរូប បានបញ្ចេញយោបល់ខ្លួន នៅក្រោមវីដេអូវិវាទគ្រូនិងសិស្សនោះថា “វ៉ៃខ្លះទៅ បើមិនដូចនោះទេ ទំពាំងនឹងរលួយ” ដោយគេថែមទាំងភ្ជាប់មកជាមួយនូវរូបថតសិស្សស្រីម្នាក់ ត្រូវបានសិស្សប្រុសយកប៊ិកទៅគូសលើអាវផ្នែកខាងមុខ ដែលរូបភាពនោះ មិនសមរម្យទាល់តែសោះ។
 
ទំនងជាគ្រូបង្រៀន អ្នកបញ្ចេញមតិមួយរូបទៀត បានសរសេរថា ការងារជាគ្រូបង្រៀនពិតជាលំបាក ផ្ដល់ទាំងចំណេះដឹង ការអប់រំ ហើយផ្ដល់ទាំងដំបូន្មាន។ បើប៉ះចំសិស្សដែលចេញពីគ្រួសារមានវិន័យ ឪពុកម្ដាយយកចិត្តទុកដាក់ នោះគ្រូមិនសូវជាហត់ប៉ុន្មានឡើយ។ ប៉ុន្តែបើប៉ះចំក្មេងដែលពិបាកប្រដៅ ឬក្មេងមានចរិតរឹងរូស គឺមហាសែនលំបាក ហត់ទាំងកាយទាំងចិត្ត។ អ្នកលេងហ្វេសប៊ុករូបនោះបន្ថែមថា បច្ចុប្បន្នទាំងក្មេងស្រីនិងក្មេងប្រុស ពិបាកអប់រំដូចគ្នា។ គាត់បន្ថែមថា គាត់ត្រូវ (ឃ្វាល)សិស្សសឹងគ្រប់ពេល ព្រោះខ្លាចពួកគេ ធ្វើអំពើឆ្គាំឆ្គងក្នុងសាលារៀន។
 
ស្របពេលដែលមានទាំងមតិគាំទ្រទង្វើរបស់គ្រូ និងការដាក់បន្ទុកគ្រូ ក៏មានដែរអ្នកបញ្ចេញមតិលើបណ្ដាញសង្គមថា ការត្រឹមតែឃើញសកម្មភាពណាមួយដោយភ្នែក គេពុំអាចវិនិច្ឆ័យថាអ្នកណាត្រូវឬអ្នកណាខុសបានឡើយ រឹតតែមិនអាចស្ដីបន្ទោសភាគីណាម្នាក់បានទៀត។ ផលរមែងកើតឡើងពីហេតុ ដូចនោះហើយ អ្នកលេងហ្វេសប៊ុករូបនោះ ចង់ឱ្យអ្នកដែលបានឃើញវីដេអូនោះ ស្វែងរកប្រភពរឿង និងដើមហេតុនៃរឿងសិន។ គេថែមទាំងបានបញ្ចប់ដោយឃ្លាថា “ពុំមែនគ្រប់ជនរងគ្រោះ សុទ្ធតែជាមនុស្សត្រូវឡើយ”។
 
ក៏មានដែរអាណាព្យាបាល ដែលបានបញ្ចេញមតិយោបល់របស់ខ្លួន នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនិងខ្លីបវីដេអូខ្លីនោះ។ គាត់ទទួលស្គាល់ថា ខ្លួនមិនបាននៅជិតកូនគ្រប់ពេលវេលាឡើយ ព្រោះរវល់ធ្វើការ ដូច្នេះមានតែលោកគ្រូអ្នកគ្រូនោះហើយ ដែលនៅក្បែរ អប់រំណែនាំ ប្រៀនប្រដៅកូនរបស់គាត់។ អាណាព្យាបាលរូបនោះ ថែមទាំងពោលថា គ្រូបានជួយកូនគាត់ឱ្យចេះអាន ចេះសរសេរ រហូតអប់រំទាំងចិត្តគំនិតពួកគេឱ្យល្អផង ហើយនោះគឺជាគុណរបស់លោកគ្រូអ្នកគ្រូ។
 
កញ្ញា ចិណ សុវណ្ណដាវីត អតីតសិស្សវិទ្យាល័យសេវីភាពមួយ​រូប​ផងដែរនោះ បានប្រាប់សារព័ត៌មានថ្មីៗថា លោក ម៉ម សុធានី គឺជានាយកដែលមានវិន័យតឹង។ កញ្ញាថា តាំងពីគ្រូរូបនោះ ចូលទៅគ្រប់គ្រងសាលា វិទ្យាល័យហ៊ុនសែនសេរីភាព បានប្រែមុខមាត់ក្លាយជាសាលាដែលមានកេរ្ដិ៍ឈ្មោះល្អ ហើយជាសាលាលេចធ្លោជាងគេនៅក្រុងតាខ្មៅ។ លេចធ្លោក៏ព្រោះសិស្សមានវិន័យ ហើយកម្រិតអប់រំរបស់សិស្សក៏ខ្ពស់។
 
យ៉ាងណាក៏ដោយ អតីតរូបនេះ ក៏បានទទួលស្គាល់ថា អតីតនាយកសាលារបស់ខ្លួនកាចដែរ ប៉ុន្តែភាពកាចនោះ គឺនៅពេលដែលគាត់អប់រំសិស្ស ដោយវិធីត្រជាក់ច្រើនដងហើយនៅតែមិនបានផល។ កញ្ញាបន្ថែមបែបនេះ៖«គាត់កាច ប៉ុន្តែនៅពេលដែលគាន់និយាយម្ដងជាពីរដងហើយ សិស្សនៅតែមិនស្ដាប់ប៉ុណ្ណោះ។ និយាយរួមតាំងពីគាត់ចូលមកគ្រប់គ្រង សាលាមានកេរ្ដិ៍ឈ្មោះល្អជាងគេនៅតាខ្មៅ ព្រោះមានសិស្សពូកែច្រើន ហើយសាលាមានវិន័យល្អថែមទៀតផង»។
 
សារព័ត៌មានថ្មីៗ នៅពុំទាន់អាចទាក់ទងលោក ម៉ម សុធានី នាយកវិទ្យាល័យ ហ៊ុនសែន សេរីភាព ក្នុងក្រុងតាខ្មៅ ដើម្បីសុំសេចក្ដីពន្យល់បន្ថែមអំពីដំណើរដើមទង ដែលនាំឱ្យកើតវិវាទនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ នាយកសាលាខាងលើ បានផ្ដល់បទសម្ភាសឱ្យដល់សារព័ត៌មានក្នុងស្រុកមួយ ដោយបានលើកឡើងថា គាត់ទទួលស្គាល់ថាកាយវិការបស់លោកក្នុងវីដេអូនោះ ពិតជាឆ្គាំឆ្គងមែន ប៉ុន្តែក៏ដោយសារតែសិស្សនោះ ធ្វើទង្វើផ្គើនដែរ។
 
លោក សុធានី បន្ថែមថា សាលាបានកោះហៅសិស្សទាំងអស់ឱ្យទៅតម្រង់ជួរ ដើម្បីអប់រំកុំឱ្យពួកគេ គូសវាស ឬសរសេរអក្សរនៅលើអាវរៀនទៀត ព្រោះតែពួកគេមិនទាន់ចប់ឆ្នាំសិក្សា ហើយអាវនោះត្រូវទុករៀនទៀត។ ប៉ុន្តែមានសិស្សខ្លះ មិនបានស្ដាប់ការទូន្មានរបស់គ្រូឡើយ បែរជាយកប៊ិកទៅគូសវាសលើអាវបន្ថែមទៀត ដោយបង្ហាញពីការផ្គើនត្រឡប់ទៅគ្រូវិញ ទើបបានជាលោកទ្រាំមិនបាន ក៏កើតហេតុដូចដែលឃើញនៅក្នុងវីដេអូ។ សារព័ត៌មានថ្មីៗ ក៏ពុំទាន់អាចរកការបំភ្លឺពីសាមីសិស្ស ដែលមានវិវាទជាមួយគ្រូ ក្នុងហេតុការណ៍នោះបានដែរ។
 
សារព័ត៌មានថ្មីៗ បានទាក់ទងទៅអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សុវាចា តាមបណ្ដាញសង្គមតេលេក្រាម នៅព្រឹកថ្ងៃទី១៥នេះ  ដើម្បីដឹងពីជំនួបជាមួយលោក ម៉ម សុធានី នាយកសាលាសេរីភាពដែរ ប៉ុន្តែលោកបានត្រឹមប្រាប់ថា ក្រសួងកំពុងស្រាវជ្រាវករណីនេះ។
 
យ៉ាងណាក៏ដោយ ទំព័រហ្វេសប៊ុកមួយ ឈ្មោះ មហាគ្រួសារតាខ្មៅ បានសរសេរសំណេរមួយ នៅថ្ងៃទី១៥ ខែកញ្ញានេះ ថាក្រោយពីគណៈគ្រប់គ្រងសាលា បានប្រជុំជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាលរួចមក មានការដាក់គោលការណ៍៣ចំនុចឱ្យសាលាអនុវត្តន៍។ គោលការណ៍ទាំង៣នោះមាន ១សាលាត្រូវតែបង្កើនគុណភាពអប់រំ ឱ្យបានកាន់តែប្រសើរឡើង ២សាលាត្រូវអប់រំណែនាំសិស្ស ដោយមិនប្រើហិង្សា ទោះអចេតនា ឬចេតនាក្ដី។ ៣ សាលាត្រូវអញ្ជើញអាណាព្យាបាល សិស្សស្រីដែលពាក់ព័ន្ធ ទៅជួបពិភាក្សា បកស្រាយ និងណែនាំ។
 
សូមបញ្ជាក់ថា វិទ្យាស័យហ៊ុនសែន សេរីភាព ធ្លាប់បានទទួលប័ណ្ណសរសើរ ពីក្រសួងអប់រំយុវជន និងកីឡា ថាជាសាលាដែលមានការប្រឹងប្រែងខ្ពស់ ក្នុងកាតបង្ហាត់បង្រៀនសិស្ស រហូតសិស្សជាប់និទ្ទេស A ចំនួន១១រូប ក្នុងសម័យប្រឡង ២០សីហា ឆ្នាំ២០១៨។ បន្ថែមពីនោះ សាលានេះ ក៏ទទួលបានប្រកាសនីយបត្រពានរង្វាន់ “វិទ្យាល័យសិស្សពូកែ” ចំណាត់ថ្នាក់លេខ៤ ឆ្នាំសិក្សា២០១៧-២០១៨ ពីក្រសួងអប់រំយុវជន និងកីឡាផងដែរ។
 
អ្នកវិភាគសង្គមមួយចំនួន ជាពិសេស លោក ប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា តែងតែទទូចហើយទទូចទៀត សុំឱ្យក្រសួងអប់រំយុវជន និងកីឡា ពង្រឹងការបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះគុណធម៌ សុជីវធម៌ និងសីលធម៌ ឱ្យដល់សិស្សឱ្យបានរឹងមាំតាំងពីថ្នាក់ក្រោមទៅ។ បន្ថែមពីនោះ អាណាព្យាបាល ក៏ជាផ្នែកសំខាន់បំផុត នៃការដឹកនាំធ្វើគំរូល្អឱ្យកូនធ្វើតាម។ ពត់ឈើទាន់នៅខ្ចី ប្រដៅកូនចៅទាន់នៅក្មេង៕
 
 

Tag:
 សិក្សា​
  អប់រំ​
  សាលា​
  នាយក​
 
© រក្សាសិទ្ធិដោយ thmeythmey.com