ជាតិ
សេដ្ឋកិច្ច
លីកាដូ៖ ​៥​ឆ្នាំ​នេះ ពលរដ្ឋ១៣ភាគរយ នៃ១៦ម៉ឺននាក់ កំពុងលក់​ដី​ ​ដើម្បី​បង់ក​ម្ចី​ឥណទាន
17, Sep 2022 , 5:59 pm        
រូបភាព
រូបភាព៖ អង្គការលីកាដូ
រូបភាព៖ អង្គការលីកាដូ
ដោយ:
ក្រសួងសេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍរបស់អាល្លឺម៉ង់ ​(B​M​Z​) បានសិក្សាឃើញថា ​ក្នុងរយៈពេល​ ៥​ឆ្នាំ​ចុងក្រោយនេះ ប្រជាពលរដ្ឋកម្ពុជា ១៦៧ ០០០នាក់ ជំពាក់បំណុលដែលនាំឱ្យមានការលក់ដីដោយបង្ខំជាច្រើនករណី ដើម្បី​បង់​សង​ក​ម្ចី​ឥណទាន​។​ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការលីកាដូ ដែលចុះផ្សាយនៅថ្ងៃទី១៤កញ្ញា ឆ្នាំ២០២២។


ចាប់ពីពាក់កណ្ដាលឆ្នាំ២០១៩មក អង្គការសិទ្ធិមនុស្សកម្ពុជាមួយចំនួន បានចេញរបាយការណ៍បង្ហាញពីផលអវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ងរ​ ​នៃ​វិបត្តិ​បំណុល​មីក្រូ​ហិរញ្ញវត្ថុ​ច្រើនលើស​លប់​ ​ដែល​កំពុង​កើតមាន​នៅ​កម្ពុជា​។ ​
 
ការសិក្សាស្វែងរកភស្តុតាង​ជា​តួលេខនេះ មានរួមបញ្ចូលការស្ទង់មតិក្នុងទំហំធំតាមគ្រួសារ, កិច្ចពិភាក្សា​ជា​ក្រុម​ ជាមួយ​អ្នកភូមិ​ ​និង​បទសម្ភាសជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ​នៅ​ក្នុង​ភូមិ​ចំនួន ​២​៤​នៅ​ទូទាំង​ប្រទេសកម្ពុជា។ នេះបើតាមលីកាដូដដែល។
 
លីកាដូ បានបញ្ជាក់ថា បញ្ហាដែលបានរកឃើញទាំងនោះ រួមមាន ក​ម្រិ​ត​ខ្ពស់​ង​នៃ​ទំហំ​ក​ម្ចី​គិត​ជាមធ្យម​​ ​៥​១​៨​៣​ដុល្លារ​ ​ក្នុងចំណោម​គ្រួសារ​​​ជាប់ជំពាក់​បំណុល​ ដែល​ភាគច្រើន​ អ្នក​ទាំងនោះ​គឺ​ជាគ្រួសារ​ក្រខ្សត់​ខ្លាំង​ ហើយពួកគេខ្ចី​ជាមួយនឹង​អត្រា​ការប្រាក់​ ​១​៨​ភាគរយ ​បូក​នឹង​ក​ម្រៃ​សេវា​ឥណទាន​ខ្នាត​តូច។​ 
 
លីកាដូ បានឲ្យដឹងថា ​ជិត​ពាក់កណ្ដាល​នៃ​គ្រួសារ​​​ជំពាក់​បំណុល ​ជួប​ការលំបាក​ក្នុង​ការ​បង់​សងវិញ​។​ ក្នុងចំណោម​គ្រួសារ​​​​ជួប​ការលំបាក​ក្នុង​ការ​បង់​សងមាន ១៣ភាគរយ ដែលពួកគេ​បាន​លក់​ដី​ ដើម្បី​បង់​សងបំណុល​ក្នុងរយៈពេល​ ៥​ឆ្នាំ​ចុងក្រោយ។
 
ដោយឡែក ​អ្នក​ខ្ចីប្រាក់​បាន​រងគ្រោះ​ពី​ការរំលោភ​សិទ្ធិ ​ហើយការបរិភោគអាហារ ត្រូវបានកាត់បន្ថយ ដើម្បីឆ្លើយតបនឹងបន្ទុកបំណុល។​ ​ក្មេងៗ​ត្រូវ​ឈប់​រៀន​ ​ដើម្បី​ធ្វើការ​រក​ប្រាក់​សងបំណុល​ឱ្យគ្រួសារជាដើម។ នេះបើតាមលីកាដូ។ 
 
លីកាដូ បានលើកឡើងបែបនេះ៖ «ការ​វិភាគ​របស់​អ្នកស្រាវជ្រាវ​ វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​ចង្អៀត​ពេក​ ​ដែល​នាំ​ឱ្យ​មាន​ការប្រកួតប្រជែង​ជា​ខ្លាំង​ក្នុងចំណោម​អ្នកផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​ជា​ផ្លូវការ​។​ ហើយមានការ​ផ្សព្វផ្សាយ​យ៉ាង​សម្បើម​តាម​ផ្ទះ​របស់​ពលរដ្ឋ​ ​ដែលប្រើវិធី​សា​ស្រ្ត​ជ្រុល​និយម​នៃ​ការ​យក​ដីធ្លី​ដាក់ជា​ទ្រព្យ​ធានា​សម្រាប់​ក​ម្ចី​ខ្នាត​តូច​ ​ដើម្បី​បង្កើន​ ​ឬ​រក្សា​អតិថិជន​»។
 
បើតាមប្រភពដដែល កាលពីឆ្នាំ២០១៧​ ​មានការសិក្សាមួយដែលទាក់ទងពីភាពជំពាក់បំណុលច្រើន ដែលគាំទ្រថវិកាដោយម្ចាស់ជំនួយអ្នកស្រាវជ្រាវ​នៃ ​IN​E​F​ ​បាន​សន្និដ្ឋាន​ថា​ ​នៅចន្លោះ​ពី​ ​២​៥​ភាគរយ ទៅ​ ៥០ភាគរយ ​នៃ ​២​,​៨​លាន​គ្រួសារ​ ​ដែល​ជាប់ជំពាក់​បំណុល​នៅ​កម្ពុជា។​​
 
ជាមួយគ្នានេះ អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​ ​និង​ម្ចាស់​ជំនួយ​ផ្សេងទៀត​នៃ​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​ ឱ្យ​គោរព​ការទទួលខុសត្រូវ​របស់​ពួកគេ​ ​និង​ចាត់វិធានការ​ជាក់លាក់​ ​និង​ជាបន្ទាន់​ ​ដើម្បី​ដោះស្រាយ​ស្ថានភាពនៃបញ្ហាមួយនេះផងដែរ។
 
លោក កាំង តុងងី អ្នកនាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានលើកឡើងថា អង្គកាលីកាដូ អង្គហ្វីអាន និងអង្គការសមធម៌កម្ពុជា ដែលបានធ្វើសេចក្ដីថ្លែងការណ៍ គឺផ្អែកទៅលើរបាយការណ៍របស់ Frank Bliss ដែលបានផ្ដល់មូលនិធិដល់រដ្ឋាភិបាល ដើម្បីសិក្សាស្រាវជ្រាវផ្នែកមីក្រូហិរិញ្ញវត្ថុនៅកម្ពុជា។
  


លោក បន្តថា របាយការណ៍បានការសិក្សាទៅលើអ្នកកម្ចីឥណទានជាង ១០០០គ្រួសារនៅកម្ពុជា ក្នុងនោះបានរកឃើញ ៦,២ភាគរយ នៃចំនួនប្រជាជនដែលបានលក់ដី។ ការលក់ដីនេះ​ មិនបានបញ្ជាក់ថាពាក់ព័ន្ធនឹងមីក្រូហិរញ្ញវត្ថុ ឬជាមួយឥណទានតាមហាងប្រចាំ ក៏ដូចជាឥណទានក្រៅផ្លូវការនោះទេ។ លោក បន្ថែមថា អ្វីដែលអង្គការទាំង ៣ បាន​សិក្សាឃើញតួលេខច្រើននេះ ព្រោះពួកគាត់យក ៦,២ភាគនោះ ទៅគុណពង្រីក ទើបមានចំនួនច្រើនបែបនេះ។
 
«អ្វីដែលខ្ញុំឃើញ ខ្ញុំបានពិនិត្យមើលរបាយការណ៍ដើម របស់ Frank Bliss ដែលជារដ្ឋាភិបាលអាម្លឺម៉ង់ គឺមានលក្ខណៈខុសដាច់ពីអ្វីដែលអង្គការលីកាដូ និងអង្គការពាក់ព័ន្ធបានយកមកផ្សព្វផ្សាយ ដោយសារអង្គការទាំង ៣បានច្បិចយកតែចំណុចអវិជ្ជមាន ហើយយកមកបំប៉ោង ដែលធ្វើឱ្យបាត់បង់រូបរាងដើមនៃរបាការណ៍ហ្នឹង»។ លោក តុងងី បានបញ្ជាក់បែបនេះ។
 
លោកថ្លែងថា នៅក្នុងរបាយការណ៍ដើម មានទាំងចំណុចអវិជ្ជមាន និងចំណុចវិជ្ជមាន មិនមែនមានតែចំណុចអវិជ្ជមាន ដូចអង្គការក្រៅរដ្ឋាភិបាល យកមកផ្សព្វផ្សាយនោះទេ។ បើយើងពិនិត្យតាមរបាយការណ៍នោះ គឺជាង ៨០ភាគរយនៃប្រជាជន ទទួលបានផលល្អពីវិស័យឥណទាន ហើយក្នុងចំណោមអ្នកដែលឆ្លើយ ៩៥ភាគរយ ពួកគេមានផ្ទះសម្បែង, ៤ភាគរយសម្រាប់ផ្ទះដែលគេឱ្យកម្ចី។ ទន្ទឹមនេះ ប្រមាណជិត ៦០ភាគរយ ដែលជាអ្នកឆ្លើយសំណួរ គឺមានដីចម្ការ ដីស្រែ ដូច្នេះបើមើលតែជ្រុងមួយនៃការបកស្រាយរបស់សង្គមស៊ីវិល គឺបាត់រូបភាពដើមច្រើន។
កាលពីឆ្នាំ២០២០ មានវិបត្តិកូវីដ-១៩ មីក្រូហិរិញវត្ថុ បានដាក់ចេញគោលការជាច្រើន ដែលគោលការណ៍មួយក្នុងចំណោមនោះ បានជួយសម្រួលការបង់សងត្រឡប់របស់អតិថិជន និងរៀបចំគោលនយោបាយឡើងវិញជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៣០ម៉ឺននាក់ ក្នុងទំហំឥណទានសរុបជាង ១៧០០លានដុល្លារ។ លោក តុងងី រៀបរាប់បែបនេះ រួចបន្តថា យន្តការនេះ បានដំណើរការរយៈពេល ២ឆ្នាំហើយ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តពង្រឹងគុណភាពវិស័យហិរិញវត្ថុនៅកម្ពុជា។
 
លោក កាំង តុងងី បានបន្ថែមថា អតិថិជនក្នុងវិស័យមូក្រូហិរិញវត្ថុ ត្រូវយល់ពីតម្រូវការខ្លួនឯងឱ្យបានច្បាស់ មុនពេលកម្ចីឥណទាន។ មួយទៀត ការខ្ចីឥណទាន មិនខុសពីការទិញដូរទំនិញនោះទេ ដូច្នេះត្រូវចេះសួរនាំព័ត៌មានលម្អិត និងសិក្សាឱ្យបានច្រើនកន្លែង ដើម្បីប្រៀបធៀបពីតម្លៃ និងលក្ខខណ្ឌផ្សេងៗរបស់សេវាឥណទាន មុនពេលកម្ចី។ បើជួបបញ្ហាអ្វី ត្រូវប្រាប់មន្រ្តីឥណទាន ដើម្បីរួមគ្នារកដំណោះស្រាយ៕
 

Tag:
 សេដ្ឋកិច្ច
  ក​ម្ចី​ឥណទាន
 លក់ដី
© រក្សាសិទ្ធិដោយ thmeythmey.com