ជាតិ
សេដ្ឋកិច្ច
៨ខែ កម្ពុជា ប្រមូលពន្ធដារបានជិត ២ ៤០០លានដុល្លារ កើនជាង ២៧ភាគរយ
18, Sep 2022 , 6:59 pm        
រូបភាព
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ។ រូបពី GDT ។
លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ។ រូបពី GDT ។
ថវិកាប្រមាណ ២ ៤០០លានដុល្លារ ជាចំណូលដែលកម្ពុជាទទួលបានពីការប្រមូលពន្ធដារ-អាករគ្រប់ប្រភេទនារយៈពេល៨ខែ ឆ្នាំ២០២២នេះ។ ចំណូលដែលកម្ពុជាទទួលបាននេះ គឺកើនក្នុងអត្រា ២៧,៦៦ភាគរយ បើធៀបនឹងពេលវេលាដូចគ្នា កាលឆ្នាំ២០២១។​




ពីខែមករា-សីហា  អគ្គនាយកដ្ឋានពន្ធប្រមូលចំណូលចូលថវិកាជាតិ បានសរុប ២ ៤៣៩,២៩លានដុល្លារ។ ទំហំថវិកាដែលសម្រេចបាននេះ គឺស្មើនឹង ៨៦,៥១ភាគរយនៃផែនការប្រចាំ ២០២២។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកពន្ធដារ កាលពីថ្ងៃទី១៥កញ្ញា ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលការងារពន្ធដារខែសីហា និងសម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២២។ 
 
ដោយឡែក ចំណូលប្រចាំខែសីហា អគ្គនាយកពន្ធដានប្រមូលបាន ២២៩,១២លានដុល្លារ ដោយកើនក្នុងអត្រា ៨,១៣ភាគរយ ធៀបខែដូចគ្នា កាលឆ្នាំ២០២១។ ​
  

រូបពី អគ្គនាយកដ្ឋានពន្ធដារ ។

បើតាមលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ កំណើនចំណូលពន្ធនេះ គឺជាលទ្ធផលកំណែទម្រង់ពន្ធដារ ប្រព័ន្ធពន្ធដាររឹងមាំ​ និងការបង់ពន្ធមានតម្លាភាពជាងមុន។ ជាពិសេស ការផ្តល់់សេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធ និងសេវាគាំទ្រការប្រើប្រាស់ប្រព័ន្ធនិងកម្មវិធីនានា​(E-Tax service) ព្រមទាំងការអនុវត្តការបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាជាដើម។ 
 
កាលឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារប្រមូលចូលជាតិ បាន ២ ២៤៣លានដុល្លារ ដែលលើសផែនការរហូតដល់ជាង២៤ភាគរយ។
 
សូមជម្រាបថា ច្បាប់ស្តីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ បានកំណត់ការប្រមូលចំណូលពី ពន្ធដារ វិភាគទាន អាករ ផលទុន និងចំណូលនានាឱ្យបានប្រមាណ ៧,៤ពាន់លានដុល្លារ( ៣០ ៥៤៤ ៣៦៦លានរៀល) ក្នុងនោះការប្រមូលចំណូលតាមរយៈអគ្គនាយកដ្ឋានពន្ធដារនឹងសម្រេចឱ្យបាន ២ ៨១៩លានដុល្លារ៕ 
 

Tag:
 ពន្ធដារ ចំណូល
© រក្សាសិទ្ធិដោយ thmeythmey.com