អន្តរជាតិ
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) មានតួនាទីអ្វីខ្លះ?
18, Sep 2022 , 8:19 pm        
រូបភាព
អាគារទីស្នាក់ការទីភ្នាក់ថាមពលអាតូមិកអន្តរជាតិ។ រូបថតពី IAEA
អាគារទីស្នាក់ការទីភ្នាក់ថាមពលអាតូមិកអន្តរជាតិ។ រូបថតពី IAEA
ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ជាអង្គការអន្តររដ្ឋាភិបាលស្វយ័តដែលធ្វើការលើ​ការ​ការពារសន្តិភាព និងសុខុមាលភាពរបស់ពិភពលោកក្នុងការប្រើប្រាស់ថាមពលអាតូមិក និងត្រួតពិនិត្យការប្រើប្រាស់ថាមពលនុយក្លេអ៊ែរលើពិភពលោក។

 
IAEA ត្រូវបានបង្កើតឡើងដោយតំណាងប្រទេសលើពិភពលោកចំនួន៨០កាលពីខែតុលា ឆ្នាំ១៩៥៦ បន្ទាប់ពីការថ្លែងសុន្ទរកថារបស់ប្រធានាធិបតីអាម៉េរិក Dwight D. Eisenhower អំពី «អាតូម​ដើម្បី​សន្តិភាព» អំឡុងមហាសន្និបាតអង្គការសហប្រជាជាតិ។ ក្នុងខែតុលាឆ្នាំ១៩៥៧ ប្រទេសសមាជិក IAEA សម្រេចបង្កើតទីស្នាក់ការកណ្ដាល​នៅទីក្រុង​វីយែនរបស់អូទ្រីស។
 
ជាកាតព្វកិច្ចមួយនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT) ឆ្នាំ១៩៦៨ ទាំង ប្រទេសមហាអំណាចនុយក្លេអ៊ែរនិងប្រទេសដែលមិនមែនជាមហាអំណាចនុយក្លេអ៊ែរទាំងអស់ ត្រូវមានកិច្ចព្រមព្រៀងជាមួយ IAEA ក្នុងការទទួលបានកិច្ចព្រមព្រៀងការពារ (safeguards agreement)។ បច្ចុប្បន្នប្រទេសដែលជាភាគីនៃសន្ធិសញ្ញា NPT មានចំនួន១៩០ប្រទេស។ ប្រទេស​មិនមែនជាភាគីរួមមានឥណ្ឌា, អ៊ីស្រាអែល, កូរ៉េខាងជើង, ប៉ាគីស្ថាន និង​ស៊ូដង់​ខាង​ត្បូង​។
 
ក្រោមកិច្ចព្រមព្រៀងនេះ IAEA ត្រូវបានផ្តល់សិទ្ធិអំណាចក្នុងការការវាយតម្លៃអំពីភាពត្រឹមត្រូវ និង ភាពពេញលេញនៃសម្ភារនុយក្លេអ៊ែររបស់រដ្ឋ និងសកម្មភាពទាក់ទងនឹងនុយក្លេអ៊ែរ។  វិធាន​ការ​ផ្ទៀងផ្ទាត់រួមមានការត្រួតពិនិត្យរោងចក្រនុយក្លេអ៊ែរនៅនឹងកន្លែង ការធ្វើដំណើរទស្សនកិច្ច និង​ការ​តាមដាន និងការវាយតម្លៃកម្មវិធីអាវុធនុយក្លេអ៊ែរ។
 
តើ IAEA ​មានការត្រួតពិនិត្យបែបណាខ្លះចំពោះរោងចក្រនុយក្លេអ៊ែរប្រទេសសមាជិក?
 
ក្រោមកិច្ចព្រមព្រៀងការពារខាងលើ IAEA អនុវត្តការត្រួតពិនិត្យនៅនឹងកន្លែងផ្ទាល់តាម ប្រភេទផ្សេងៗគ្នាដូចរៀបរាប់ខាងក្រោម៖
 
ការត្រួតពិនិត្យ Ad Hoc (Ad Hoc inspections)
ការត្រួតពិនិត្យ Ad Hoc ជាធម្មតាត្រូវបានធ្វើឡើងដើម្បីផ្ទៀងផ្ទាត់របាយការណ៍ដំបូងរបស់រដ្ឋអំពី​សម្ភារៈនុយក្លេអ៊ែរ។
 
ការត្រួតពិនិត្យជាប្រចាំ (Routine inspections)
ការត្រួតពិនិត្យជាប្រចាំ ជាប្រភេទមួយនៃការត្រួតពិនិត្យរបស់ IAEA ដែលត្រូវបានឡើងតាមកាល​វិភាគកំណត់ ឬក្នុងពេលនៃការជូនដំណឹងខ្លីមួយ។ សិទ្ធិអំណាចរបស់ IAEA ក្នុងការត្រួតពិនិត្យ​ប្រភេទ​នេះត្រូវបានកំណត់ចំពោះទីតាំងទាំងឡាយណាដែលមានរោងចក្រនុយក្លេអ៊ែរ ឬទីតាំង​ផ្សេង​ទៀត​ដែលផ្ទុកសារធាតុនុយក្លេអ៊ែរ។
 
ការត្រួតពិនិត្យពិសេស (special inspections)
ខណៈដែលប្រទេសសមាជិកមិនបានផ្ដល់ព័ត៌មានពេញលេញទៅកាន់ IAEA ទីភ្នាក់ងារមួយនេះ​អាច​ចាត់វិធានការត្រួតពិនិត្យពិសេសដើម្បីបំពេញកាតព្វកិច្ចក្រោមកិច្ចព្រមព្រៀងការពារឱ្យបានពេញលេញ។
 
ការចុះត្រួតពិនិត្យការពារ (Safeguards visits)
ការចុះត្រួតពិនិត្យការពារធ្វើឡើងដើម្បីប្រកាសថា រោងចក្រនុយក្លេអ៊ែរណាមួយបានផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវក្នុងគម្រោងសាងសង់រោងចក្រ (design information) ឬក្នុងករណីមានការប្រែប្រួលក្នុងរោងចក្រ សំដៅធានាថា គ្មានការកែប្រែណាមួយត្រូវបានធ្វើឡើងដែលអាចនាំឱ្យមានសកម្មភាពដែលមិន​ត្រូវបានរាយការណ៍។ 
 
ក្នុងករណីមួយទៀត IAEA អាចចុះត្រួតពិនិត្យការពារអំឡុងពេលរោងចក្រនុយក្លេអ៊ែរត្រូវរុះរើ សម្ភារបរិក្ខារដើម្បីផ្ទៀងផ្ទាត់ថាឧបករណ៍នោះពិតជាមិនអាចប្រើការទៀតបាន។
 
ចំពោះសកម្មភាពថ្មីៗនេះ ការត្រួតពិនិត្យរោងចក្រនុយក្លេអ៊ែរអ៊ុយក្រែន Zaporizhzhya ដែល​ស្ថិត​ក្រោមការគ្រប់គ្រងរបស់រុស្ស៊ីតាំងពីខែមីនា ជាការត្រួតពិនិត្យពិសេសមួយ​ក្រោម​បេសកកម្ម​ធានា​សុវត្ថិភាព និងសន្តិសុខ និងវាយតម្លៃការខូចខាតរោងចក្រនុយក្លេអ៊ែរមួយនេះខណៈការបាញ់បោះ គ្នា​ក្បែររោងចក្រមួយនេះបានបន្តកើតឡើង។ 
 
បេសកកម្មនេះបានធ្វើឡើងក្រោយ​ទទួលបានការយល់ព្រមពីមេដឹកនាំអ៊ុយក្រែននិងរុស្ស៊ី។ ក្រុមអ្នក​ត្រួតពិនិត្យ IAEA ក៏នឹងឆែកមើលការផ្គត់ផ្គង់អគ្គិសនីដែលតម្រូវឱ្យ​មានគ្រប់គ្រាន់ដើម្បី​រក្សាភាព​ត្រជាក់សម្រាប់ឥន្ធនៈនុយក្លេអ៊ែរ៕
 
 

Tag:
 IAEA
© រក្សាសិទ្ធិដោយ thmeythmey.com