អន្តរជាតិ
ស្តេច Charles ទី៣ ត្រៀមទទួលមេដឹកនាំពិភពលោក ខណៈអង់គ្លេសរៀបចំពិធីបុណ្យសពរបស់ព្រះមហាក្សត្រិយានី
18, Sep 2022 , 9:39 pm        
រូបភាព
ព្រះមហាក្សត្រ Charles ទី៣ នៃចក្រភពអង់គ្លេស (រូបពី AFP)
ព្រះមហាក្សត្រ Charles ទី៣ នៃចក្រភពអង់គ្លេស (រូបពី AFP)
អង់គ្លេសនៅថ្ងៃទី១៨ ខែកញ្ញា​កំពុងរៀបចំសម្រាប់ពិធីបុណ្យសពរដ្ឋដ៏សំខាន់របស់ម្ចាស់ក្សត្រី Elizabeth ទី២ ខណៈដែលស្តេច Charles ទី៣ ត្រៀមទទួលមេដឹកនាំពិភពលោកដែលមកចូលរួមបុណ្បសពម្ចាស់ក្សត្រី។


ម្ចាស់ក្សត្រី Elizabeth បានសោយទិវង្គតនៅថ្ងៃទី ៨ ខែកញ្ញាក្នុងព្រះជន្ម ៩៦ព្រះវស្សា បន្ទាប់ពីគ្រងបល្ល័ង្ករយៈពេលជាងប្រាំពីរទសវត្សរ៍។ ការសោយទិវង្គតបានធ្វើឱ្យមនុស្សរាប់សែននាក់សម្ដែងភាពសោកសៅនិងរងចាំចូលមើលមឈូសម្ចាស់ក្សត្រី Elizabeth IIនៅឯសភាអង់គ្លេស។
 
ទន្ទឹមនឹងការសោយទិវង្គតនេះ មេដឹកនាំប្រទេសជាច្រន់បានសម្ដែងភាពសោកស្តាយ ក៏ដូចជាត្រៀមខ្លួនទៅចូលរួមពិធីបុណ្យសពផង។ ប្រធានាធិបតីអាមេរិកលោក ចួ បៃឌិន នៅថ្ងៃទី១៧ ខែកញ្ញា បានហោះហើរទៅអង់គ្លេស ក្នុងចំណោមប្រមុខរដ្ឋរាប់ជាច្រើនទៀតដែលទៅចូលរួមពិធីបុណ្យសពមហាក្សត្រដែលសោយរាជ្យយូរជាងគេ។ ខណៈពេលដែលមេដឹកនាំសហភាពអឺរ៉ុប បារាំង ជប៉ុន និងប្រទេសជាច្រើនទៀតនឹងចូលរួម មេដឹកនាំរុស្ស៊ី អាហ្វហ្កានីស្ថាន មីយ៉ាន់ម៉ា ស៊ីរី និងកូរ៉េខាងជើងមិនត្រូវបានគេអញ្ជើញមកចូលរួមឡើយ។
 
ព្រះមហាក្សត្រទើបឡើងគ្រងរាជ្យក្នុងព្រះជន្ម ៧៣ វស្សា Charles ទី៣ ដែលជាស្តេចដែលមានវ័យចំណាស់បំផុតឡើងសោយរាជ្យ ទទួលត្រៀមទទួលភ្ញៀវឥស្សរជនរាប់សិបនាក់ រួមទាំងលោក បៃឌិនផង ក្នុងពិធីទទួលភ្ញៀវនៅវិមាន Buckingham នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា។ 
 
មេដឹកនាំរួមមានមេដឹកនាំនូវែលហ្សេឡង់លោកស្រី Jacinda Ardern នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Anthony Albanese និងនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានចូលគោរពវិញ្ញាណក្ខន្ធម្ចាស់ក្សត្រី Elizabethដែលជាប្រមុខរដ្ឋនៃប្រទេសទាំងនេះរួចហើយនៅ Westminster Hall ។
 
គួរបញ្ជាក់ថា ពិធីបុណ្យសពរដ្ឋរបស់ម្ចាស់ក្សត្រី Elizabeth គឺជាពិធីបុណ្យសពទីមួយដែលបានរៀបចំចាប់តាំងពីការស្លាប់របស់នាយករដ្ឋមន្ត្រី Winston Churchill ក្នុងឆ្នាំ១៩៦៥ ។ ពិធីបុណ្យសពរដ្ឋនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកញ្ញានៅឯ Westminster Abbey ក្នុងទីក្រុងឡុងដ៍ ម៉ោង ១១​ ព្រឹក។ 
 
ការអញ្ជើញមកចូលរួមពិធីបុណ្យសពរបស់ម្ចាស់ក្សត្រី Elizabeth ពីសំណាក់មេដឹកនាំសំខាន់ៗជុំវិញពិភពលោកនេះ រួមជាមួយនឹងអ្នកកាន់ទុក្ខរាប់សែននាក់ បានបង្កបញ្ហាប្រឈមមិនធម្មតាសម្រាប់ប៉ូលីសអង់គ្លេស។ ប៉ូលីសជាង ២ ពាន់នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសដើម្បីជួយរក្សាសណ្ដាប់ធ្នាប់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com