សង្គមអន្តរជាតិ​
អន្តរជាតិ
ជប៉ុនជំរុញឱ្យមនុស្សជាង ៤លាននាក់ជម្លៀសខ្លួនចេញ ខណៈព្យុះទីហ្វុងជិតមកដល់
18, Sep 2022 , 5:40 pm        
រូបភាព
រូបពី AFP
រូបពី AFP
យ៉ាងហោចណាស់មនុស្ស ៤លាននាក់នៅភាគខាងត្បូងជប៉ុន ត្រូវបានអាជ្ញាធរបញ្ជាឱ្យជម្លៀសចេញ ខណៈដែលព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយបោកបក់មកលើតំបន់នេះ ដោយនាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងកាត់ផ្ដាច់ការដឹកជញ្ជូនផ្លូវគោក និងផ្លូវអាកាស។



ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) នៅថ្ងៃទី១៨ ខែកញ្ញាបានចេញ ការព្រមានពិសេសដ៏កម្រមួយទៅកាន់ទីក្រុង Kagoshima និង Miyazaki នៅក្នុងតំបន់ Kyushu ដែលជាការប្រកាសអាសន្នស្តីពីព្យុះទីហ្វុង Nanmadol ដ៏ខ្លាំងក្លាមួយមិនធ្លាប់ឃើញក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ព្យុះទីហ្វុងដ៏ខ្លាំងមួយនេះ បានបោកបក់នៅជិតកោះ Yakushima ភាគខាងត្បូងប្រទេស ដោយមកជាមួយកម្លាំងខ្យល់អតិបរមា ១៦២ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងជើងទៅតំបន់ Kyushuដែលជាកោះធំជាងគេទីបីរបស់ជប៉ុន។ ព្យុះនេះ នឹងអាចបង្កឱ្យមានការបាក់ដីនៅតំបន់ Kyushu ផងដែរ។ នេះបើតាមការប្រកាសរបស់ទីភ្នាក់ងារឧតុនិយមជប៉ុននៅថ្ងៃទី១៨ ខែកញ្ញា។

លើសពីនេះ ព្យុះទីហ្វុង Nanmadol ត្រូវបានគេព្យាករថានឹងធ្វើដំណើរឆ្ពោះទៅទិសខាងកើត និងទៅដល់ទីក្រុងតូក្យូនៅទី២០ ខែកញ្ញាខាងមុខ។

បើតាមទូរទស្សន៍ជប៉ុន NHK អាជ្ញាធរក្នុងតំបន់បញ្ជាឱ្យប្រជាជនចំនួន ៤ លាននាក់ដែលរស់នៅលើកោះ Kyushu ចាកចេញទៅរកកន្លែងសុវត្ថិភាពជាបន្ទាន់ ដោយទីភ្នាក់ងារឧតុនិយមជប៉ុនបានព្យាករណ៍ថាកោះនេះមានទឹកភ្លៀង ៥០០ មីលីម៉ែត្រនិងខ្យល់បក់រហូតដល់ ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ទីភ្នាក់ងារនេះក៏បានព្រមានអ្នកស្រុកនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ថាអាចប្រឈមនឹងទឹកជំនន់ ការរអិលបាក់ដី ក៏ដូចជាខ្យល់ និងរលកដ៏ខ្លាំងក្លាដែលមិនធ្លាប់មានហើយបានជំរុញឱ្យពួកគេជម្លៀសចេញឱ្យបានឆាប់។ យ៉ាងណាមិញ អាជ្ញាធរមូលដ្ឋាននៅមិនបានរាយការណ៍ពីការខូចខាត ឬរបួសធ្ងន់ធ្ងរទេរហូតមកដល់ពេលនេះ។

នៅក្នុងខេត្ត Kagoshima ដែលរងគ្រោះខ្លាំងនោះ អ្នកស្រុកជាង ៩ពាន់នាក់បានជ្រកកោននៅមជ្ឈមណ្ឌលជម្លៀសនៅថ្ងៃទី១៨ ខែកញ្ញា។ នៅក្នុងខេត្ត Miyazaki ដែលនៅជិតនោះ មនុស្ស ៤,៧០០ នាក់ផ្សេងទៀតក៏ត្រូវបានជម្លៀសចេញផងដែរ។

គិតត្រឹមព្រឹកថ្ងៃទី១៨ខែកញ្ញា ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងបានបោកបក់តំបន់នៅលើកោះភាគខាងត្បូងជប៉ុន បានធ្វើឱ្យគ្រួសារជិត ៩ ម៉ឺន ៨ ពាន់គ្រួសារនៅ Kagoshima, Kumamoto, Nagasaki និង Miyazaki រស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់។

លើសពីនេះ ជើងហោះហើរក្នុងស្រុករាប់រយជើងក្នុង និងក្រៅតំបន់ត្រូវបានលុបចោល ខណៈជើងហោះហើរនៅតំបន់ផ្សេងទៀតភាគខាងលិចប្រទេសក៏គ្រោងនឹងផ្អាករហូតដល់ថ្ងៃទី២០ ខែកញ្ញា។ ការដឹកជញ្ជូនសាធារណៈ រួមមានរថភ្លើង និងឡានក្រុង នៅ Kagoshima និង Miyazaki ក៏ត្រូវបានផ្អាកពេញមួយថ្ងៃទី១៨ខែកញ្ញានេះដែរ៕

Tag:
 ជប៉ុន
  ព្យុះ
© រក្សាសិទ្ធិដោយ thmeythmey.com