អន្តរជាតិ
ចិន៖ មនុស្ស២៧នាក់ស្លាប់ក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្តដែលដឹកពួកគេទៅចត្តាឡីស័ក
× មនុស្សចំនួន២៧នាក់ បានស្លាប់កាលពីថ្ងៃអាទិត្យ ក្នុងគ្រោះថ្នាក់រថយន្តធ្លាក់ក្រឡាប់ នៅភាគនិរតីរបស់ចិន។ បើតាមអាជ្ញាធរតំបន់ ជនរងគ្រោះស្ថិតក្នុងចំណោមមនុស្សជិត៥០នាក់ ដែលត្រូវបាននាំទៅកាន់ទីតាំងចត្តាឡីស័កមួយកន្លែងដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩។
គ្រោះថ្នាក់រថយន្តក្រឡាប់ ក្រោយធ្លាក់ផ្លូវ បានកើតឡើងនៅលើផ្លូវជនបទមួយកន្លែងក្នុងខេត្ត Guizhou ដែលជាតំបន់សម្បូរទៅដោយជនជាតិភាគតិចរស់នៅ។ ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សំដីប៉ូលិសមូលដ្ឋាន ដែលបានបញ្ជាក់ថា ក្នុងរថយន្តមានមនុស្សសរុប៤៧នាក់។
ក្រៅពីមនុស្ស២៧នាក់ ដែលត្រូវបានអះអាងថា ស្លាប់ភ្លាមៗ មនុស្សនៅសេសសល់ប្រមាណ២០នាក់ទៀត សុទ្ធតែរងរបួស ដោយភាគច្រើនត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជាបន្តបន្ទាប់។
ក្រោយហេតុការណ៍គ្រោះថ្នាក់ អាជ្ញាធរខេត្ត Guizhou បានបញ្ជាក់ថា ជនរងគ្រោះទាំងនោះ ជាអ្នកដែលត្រូវដឹកទៅកាន់ទីតាំងចត្តាឡីស័កមួយកន្លែង ប៉ុន្តែមិនមានការបញ្ជាក់ថា មនុស្សប៉ុន្មាននាក់កើតកូវីដ-១៩នោះឡើយ។
យោងតាម AFP ខេត្ត Guizhou ទើបមានករណីឆ្លងថ្មីជិត៩០០ករណីនារយៈពេល២ថ្ងៃចុងក្រោយ ហើយការរៀបចំទីតាំងចត្តាឡីស័ក គឺជាការអនុវត្តតាមគោលនយោបាយ សូន្យ-កូវីដ (Zero-Covid) របស់ចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com