ជាតិ
ព្រះតេជគុណ ជូ ធិន ៖ ទម្លាប់បោះបាយបិណ្ឌមិនអាចលុបចោលបាន តែគួរកាត់បន្ថយ
20, Sep 2022 , 8:59 am        
រូបភាព
បាយបិណ្ឌដាក់លក់នៅមុខក្លោងទ្វាវត្តស្ទឹងមានជ័យ
បាយបិណ្ឌដាក់លក់នៅមុខក្លោងទ្វាវត្តស្ទឹងមានជ័យ
ព្រះតេជគុណ ជូ ធិន ភិក្ខុវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង បានពន្យល់ថា ការបោះបាយបិណ្ឌ មានគុណវិបត្តិច្រើនជាងគុណសម្បត្តិ តែមិនអាចលុបបំបាត់ចោលបានទេ ព្រោះជាប្រពៃណីមានតាំងពីបុរាណ។ ប៉ុន្ដែ ទម្លាប់នេះ គួរតែកាត់បន្ថយ ព្រោះមិនមានគុណតម្លៃអប់រំច្រើនទេ។



ព្រះតេជគុណ ជូ ធិន បានប្រាប់សារព័ត៌មានថ្មីៗថា ការបោះបាយបិណ្ឌមានគុណវិបត្តិច្រើន ដូចជាការខ្ជះខ្ជាយធនធានធម្មជាតិ ពេលវេលា កង្វក់បរិស្ថានវត្ត​ ជាដើម។ ព្រះសង្ឃអង្គនេះ ពន្យល់ថា ការយកបាយទៅចោលបែបនេះ គឺជាការខ្ជះខ្ជាយណាស់ ព្រោះមានមនុស្សខ្វះខាតជាច្រើន ត្រូវការអាហារហូបចុក។ «អ្នកខ្វះខាត មានច្រើនអ្នកណាស់ បើមើលតាមវត្តនីមួយៗ អំឡុងពេលបុណ្យនេះ។ អ្នកខ្លះ រកតែបាយហូបមិនបាន ប៉ុន្ដែបែជា យើងយកបាយទៅចោលលើដីទៅវិញ។ ចំពោះអ្នក មិនមែនពុទ្ធសាសនិក ចោទថាព្រះពុទ្ធសាសនា បង្រៀនមនុស្សឲ្យខ្ជះខ្ជាយ ព្រោះអត់មានប្រេត មកស៊ីទេ តែបែជាអ្នកមានជីវិតអាចហូបបាន មិនព្រមយកបាយ និងចំណីនោះទៅឲ្យពួកគេ។»។ នេះជាសង្ឈដីការរបស់ព្រះអង្គ ជូ ធិន។


សកម្មភាពបោះបាយបិណ្ឌនៅវត្តស្ទឹងមានជ័យ វេនទី៥
 
ព្រះអង្គ បកស្រាយបន្ថែមថា ការពង្រាយ និងធ្វើឲ្យសោភ័ណ្ឌភាពវត្ដប្រឡាក់ មានបាប។ បើតាមព្រះអង្គ ជូ ធិន ពេលពុទ្ធបរិស័ទ បោះបាយបិណ្ឌ ហើយទុកដល់១៥ថ្ងៃ វាបង្កជាដង្កូវ ហើយមានក្លិនមិនល្អក្នុងវត្តទៀត។ នៅវត្តខ្លះ បាយបិណ្ឌ មិនត្រូវសម្អាតទេ ដោយទុកឲ្យគ្រប់ ១៥ថ្ងៃ ព្រោះជឿថា ញាតិដែលជាប្រេត និងមកបរិភោគបាយនោះ ក្នុងថ្ងៃណាមួយ ចន្លោះ១៥ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌទៀតផង។
 
«ទម្លាប់ប្រពៃណី មិនអាចលុបបំបាត់ចោលទេ ព្រោះចាស់បុរាណ បានចងក្រងទុកឲ្យ ដោយមានគោលគំនិតអប់រំណាមួយ។ ប៉ុន្ដែយើង ជាអ្នកប្រតិបត្តិគួរ អនុវត្តដោយមានបញ្ញា។ នោះ មានន័យថា យើង បោះបាយបិណ្ឌបាន ប៉ុន្ដែគួរតែ កាត់បន្ថយបរិមាណដុំបាយ។»។ ព្រះតេជគុណអង្គនេះ ប្រាប់ដូច្នេះ។


សម្រាមនៅផ្លូវឡើងព្រះវិហា_វត្តស្ទឹងមានជ័យ
 
ចំពោះចំណីនៃការបោះបាយបិណ្ឌទាំងនោះ នឹងបានទៅសត្វតិរច្ឆាន ហើយសាច់ញាតិក្នុងវដ្តសង្សារណាមួយ អាចក្លាយជាសត្វទាំងនោះ។ ដូច្នេះហើយ ការបោះបាយបិណ្ឌនេះ ក៏ជាការចូលរួមធ្វើបុណ្យសត្វទាំងនោះផងដែរ ។ 
 
ព្រះតេជគុណ ជូ ធិន បន្ដថា ចាស់បុរាណ អាចបង្កប់គំនិតអប់រំខ្លះក្នុងកម្មវិធីបោះបាយបិណ្ឌ ព្រោះក្មេងៗ ចូលចិត្តនូវអ្វីដែលប្លែក ហើយការបោះបាយបិណ្ឌនេះ អាចជាវិធី ដែលទាក់ទាញក្មេងទាំងនោះ ចូលវត្តស្ដាប់ព្រះសង្ឃ សូត្រនៅធម៌ដែលនាំឲ្យទៅសេចក្ដីវិនាស (បរាភវសូត្រ)។ 
 
«អាត្មា មិនហ៊ានថា ជាទម្លាប់អវិជ្ជមានទេ ប៉ុន្ដែអាត្មា ឃើញនូវចំណុចអវិជ្ជមានច្រើនជាង វិជ្ជមាន។»។ ព្រះតេជគុណអង្គនេះ បានបង្ហាញពីការយល់ឃើញដូច្នេះ។
 
ដូចគ្នានេះដែរ ព្រះតេជគុណ សៀ កុសល គ្រូធម្មាចារ្យ សាលាពុទ្ធិកអនុវិទ្យាល័យឥន្ទញ្ញាណ និងជានាយកសាលាកសាងអនាគតដើម្បីកុមារវត្តព្រៃនប់ បានប្រាប់សារព័ត៌មានថ្មីៗ អំពីជំនឿ ចំពោះការចាប់កំណើតជាថ្មី បន្ទាប់ពីបុគ្គលបានស្លាប់ ដោយផ្អែកលើការបង្រៀនរបស់ព្រះពុទ្ធសាសនា។ មនុស្សស្លាប់ រមែងទៅកើតនៅទីកន្លែងល្អ ឬអាក្រក់ ទៅតាមអ្វីដែលខ្លួនបានសាង។ ការបង្រៀននេះ សមទៅអ្វីដែលពុទ្ធសាសនិកកម្ពុជា ជឿថា «ធ្វើល្អ បានល្អ ធ្វើអាក្រក់ បានអាក្រក់»។ 
 
ព្រះតេជគុណដដែរនេះ មានថេរៈដីកាថា បុគ្គលធ្វើអាក្រក់ នឹងកើតនៅ នរក ប្រេត តិរច្ឆាន និងអសុរកាយ។ «បុគ្គល នឹងកើតក្នុងចំណោម អាបាយភូមិ៤ គឺនរក ប្រេត តិរច្ឆាន និងអសុរកាយ ទៅតាមកម្រិតនៃអកុសលកម្ម ដែលពួកគេបានសាង។»។ គ្រូធម្មាចារ្យរូបនេះ បន្ថែម។
  

បាយបិណ្ឌបោះរួច ត្រូវបានទុកចោលនៅជុំវិញព្រះវិហា

ឋានទាំង៤ខាងលើនេះ គឺមានតែតិរច្ឆានទេ ដែលអាចទទួលអាហារ ដែលមនុស្សបានដាក់ឲ្យបាន ។ ដោយឡែកឋាន៣ផ្សេងទៀត មិនអាចទទួលចំណីអាហារទេ ប៉ុន្តែអាចទទួលចំណែកបុណ្យខ្លះ។ បើតាមព្រះអង្គ កុសល ប្រជាពលរដ្ឋខ្មែរ មានជំនឿថាសាច់ញាតិក្នុងសង្សារវដ្ដ ដែលបានកើតជាប្រេត និងអាចទទួលបានបាយបិណ្ឌ ដែលបោះនោះ។ ជាក់ស្ដែង បាយបិណ្ឌ ដែលបោះរួចត្រូវបានសត្វតិរច្ឆាន ដូចជាឆ្កែ ឆ្មា ចាប ស្រមោច ជាដើម មកស៊ីវិញ។ នេះ ក៏ជាការធ្វើបុណ្យមួយបែបដែរ សម្រាប់សត្វតិរច្ឆានអនាថា។
 
បច្ចុប្បន្ន ការបោះបាយបិណ្ឌ មានការធ្លាក់ចុះ បើប្រៀបធៀបទៅ២០ឆ្នាំមុន។ គេ សង្កេតឃើញថា មិនមានដុំបាយបិណ្ឌជាគំនរៗ ដូចមុនឡើយ។ ទោះយ៉ាងនេះ ក៏ដោយ ពុទ្ធបរិស័ទ និងប្រជាជនកម្ពុជា គួរតែធ្វើបុណ្យ ឬប្រកាន់ជំនឿណាមួយ ដោយមានការត្រិះរិះពិចារណា ដឹងអំពីហេតុ ហើយនិងផល៕
 

Tag:
 បិណ្ឌ
  ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com