កីឡាជាតិ
ជាតិ
គ្រូបាល់ទាត់នារី៖ អភិវឌ្ឍធនធានក្នុងស្រុកជាមុន ទើបគិតគូរអ្នកក្រៅប្រទេស
20, Sep 2022 , 9:29 am        
រូបភាព
ប្រតិភូកីឡា តេស្ដកូវីដ-១៩ មុនទៅប្រទេសចិន។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ប្រតិភូកីឡា តេស្ដកូវីដ-១៩ មុនទៅប្រទេសចិន។ រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
លោក ប្រាក់ វុទ្ធី គ្រូបង្វឹកកីឡាបាល់ទាត់ជម្រើសជាតិនារី ចាត់ទុកថា ការអភិវឌ្ឍកីឡាករ កីឡាការិនីក្នុងស្រុក ជារឿងសំខាន់ មុនពេលកោះហៅអ្នកដែលប្រកបអាជីព​នៅបរទេស។ លោកវុទ្ធី យល់ថា អត្ដពលិកក្នុងស្រុក គឺជាធនធានស្នូល និងមានទិន្ន័យក្នុងដៃស្រាប់។



កាលពីថ្ងៃទី១៥ ខែកញ្ញា កន្លងទៅ ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាសរុប ១៦១នាក់ មកពី ១២ ប្រភេទកីឡា ក្នុងនោះមាន២៤រូបជាប្រតិភូកីឡាបាល់ទាត់នារី ចេញទៅហ្វឹកហាត់នៅប្រទេសចិន។ ប្រតិភូកីឡាបាល់ទាត់នារី២៤រូបនោះ មានកីឡាការិនីចំនួន ២១រូប និងថ្នាក់ដឹកនាំចំនួន ៣រូប។
 
លោក ប្រាក វុទ្ធី អះអាងថាកីឡាការិនីបាល់ទាត់ទាំង២៤ រូបនោះ សុទ្ធតែបានឆ្លងកាត់ការជ្រើសរើសយ៉ាងសម្រិតសម្រាំង។ គ្រូបង្វឹករូបនេះបន្ថែមថា៖ «កីឡាការិនីទាំងនោះ សុទ្ធតែជាអ្នកមានបទពិសោធន៍ប្រកួតអន្ដរជាតិ ដូចជា AFC និង Sea Games ។ ហើយយើងក៏បានតេស្ដសមត្ថភាពពួកគាត់ផងដែរ មុនសម្រេចបញ្ជូនពួកគេ ទៅប្រទេសចិន»។
 
ការបញ្ជូនកីឡាការិនីបាល់ទាត់កម្ពុជា ទៅហ្វឹកហាត់នៅចិន ក្នុងគោលដៅដើម្បីត្រៀមសម្រាប់ស៊ីហ្គេម នាឆ្នាំ២០២៣ នៅកម្ពុជា។ គ្រូជម្រើសជាតិរូបនេះ បន្ថែមដូច្នេះថា តាមរយៈការប្រកួតក្នុងប្រទេស និងអន្ដរជាតិ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា អាចដឹងពីសមត្ថភាពកីឡាការិនីក្នុងស្រុក ហើយដឹងពីព័ត៌មានរបស់អ្នកទាំងនោះគ្រប់ជ្រុងជ្រោយ។
 
«យើង ដឹងថាមានកីឡាការិនីកម្ពុជា មួយចំនួន ដែលកំពុងបម្រើសការនៅប្រទេសក្រៅ ហើយយើងក៏មានគម្រោង​ហៅអ្នកទាំងនោះ ចូលរួមប្រកួតតំណាងជាតិដែរ។ ប៉ុន្ដែអ្វី ដែលសំខាន់ យើងត្រូវអភិវឌ្ឍធនធាន មានក្នុងដៃជាមុនសិន ព្រោះអ្នកនៅក្រៅ យើងមិនទាន់ទទួលបានព័ត៌មានពីពួកគាត់គ្រប់ជ្រុងជ្រោយនៅឡើយទេ។»។ លោក ប្រាក់ វុទ្ធី បានប្រាប់ដូច្នេះ។ 
 
គ្រូជម្រើសជាតិ បញ្ជាក់បន្ថែមថា ការបញ្ជូនប្រតិភូទៅហ្វឹកហាត់នៅប្រទេសចិន គឺក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលចិន ហើយការរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC)។ លោក ប្រាក់ វុទ្ធី អះអាងថា ម្ចាស់ផ្ទះចិន បានទទួលប្រតិភូកីឡារបស់កម្ពុជា បានយ៉ាងដិតដល់ ទាំងការស្នាក់នៅ ការបរិភោគ និងការហ្វឹកហាត់។
 
គួរបញ្ជាក់ផងដែរថា កីឡាការិនីបាល់ទាត់នារីកម្ពុជា និងប្រទេសប្រតិភូកីឡា១១ ប្រភេទផ្សេងទៀត ទៅហ្វឹកហាត់នៅប្រទេសចិន ​រយៈពេល១៨០ ថ្ងៃ ដោយគិតថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣៕
 

Tag:
 បាល់ទាត់
  ស៊ីហ្គេម៌
© រក្សាសិទ្ធិដោយ thmeythmey.com