ជាតិ
កម្ពុជា នឹងអាចមាន «មីស៊ីល» នាពេលអនាគត?
20, Sep 2022 , 1:20 pm        
រូបភាព
សម្តេច ទៀ បាញ់ ថ្លែងក្នុងពិធីទទួលសម្ភារៈយោធាពីភាគីចិន។
សម្តេច ទៀ បាញ់ ថ្លែងក្នុងពិធីទទួលសម្ភារៈយោធាពីភាគីចិន។
សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបង្ហើបពីរ-បីមាត់ ដែលហាក់មានន័យថា ទៅថ្ងៃអនាគត កម្ពុជា នឹងឈានដល់ការបំពាក់គ្រាប់មីស៊ីល។ ការបង្ហើបរបស់សម្តេច គេ បានឮក្នុងពិធីទទួលសម្ភារៈយោធា ដែលជាជំនួយរបស់មហាអំណាចចិន នៅតំបន់ហ្វឹកហ្វឺនភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដោយមានវត្តមានលោក វ៉ាង វិនធាង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាផងដែរ។



សម្តេចរដ្ឋមន្រ្តីការពារជាតិ មានប្រសាសន៍ដូច្នេះថា៖«ខ្ញុំ មិនទាន់និយាយទៅវែងឆ្ងាយក្នុងពេលខាងមុខទេ។ បន្ទាប់ពីទំនើបកម្មនៅមូលដ្ឋានសមុទ្ររាម ដែលធ្វើរួចស្រេចហើយនោះ នៅមានកិច្ចការដ៏ស្មុគស្មាញច្រើនទៀត ផ្នែកបច្ចេកទេស បញ្ហារោងជាងសម្រាប់ជួសជុល បញ្ហាកាន់កាប់ និងប្រើប្រាស់នាវា ដែលមានសភាពទំនើប ដែលត្រូវបានបំពាក់នៅក្នុងអនាគត សុទ្ធសឹងតែជាបញ្ហាសំខាន់បំផុត។ លើកឧទាហរណ៍មួយដ៏ខ្លីចុះ យើង អាចនិយាយបានថា មីស៊ីល ដែលនៅបំពាក់ក្នុងនុ៎ង គឺវា មិនមែនមើលនឹងភ្នែកយើង ហើយយើង ចេះតែប៉ាន់ស្មានបានទេ ។ វា ត្រូវតាមបច្ចេកវិទ្យា ដែលបានបំពាក់នុ៎ង ហើយបច្ចេកវិទ្យាឥឡូវនេះ សុទ្ធតែពឹងទៅលើអេឡិចត្រូនិកទាំងអស់។»។

សំឡេងសម្តេច ទៀ បាញ់



សម្តេច បន្តថា៖«[...] អាវុធទាំងនោះ ខ្ញុំ បាននិយាយហើយនិយាយទៀតថា វា ជាជំនួយរបស់យើងដ៏សំខាន់ ហើយមិនមែនជំនួយជិតៗទេ ជំនួយដ៏ឆ្ងាយ ឆ្ងាយរាប់រយគីឡូម៉ែត្រ ដែលយើង ធ្វើឲ្យគូសត្រូវរបស់យើងនៅចម្ងាយរាប់រយគីឡូម៉ែត្រពីយើង គឺអាចនឹងរាបបាន លុះត្រាតែយើង ចេះប្រើគ្រឿងជំនួយទាំងនោះ។»។

សារព័ត៌មានថ្មីៗ បានហៅទូរស័ព្ទទៅសម្តេច ទៀ បាញ់ និងលោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញរឿងនេះ តែលោកទាំងពីរពុំទទួលការហៅចូល៕

Tag:
 ទៀ បាញ់
  មីស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com