អន្តរជាតិ
WEF៖ កោះសីស្ហែល មាន​ប្រព័ន្ធអប់រំល្អជាងគេនៅអាហ្វ្រិក
23, Sep 2022 , 8:19 pm        
រូបភាព
ដោយ: ធីតា
វេទិកាអប់រំពិភពលោក​(World Education Forum) ជារៀងរាល់ឆ្នាំ បាន​ចេញ​តារាងចំណាត់ថ្នាក់ស្តីពី​ប្រព័ន្ធ​អប់រំ ដោយឈរលើមូលដ្ឋានជំនាញអភិវឌ្ឍន៍ និងកត្តាមួយចំនួនទៀត។ ក្នុង​ចំណោម​ប្រទេស​១៤០ មាន​៣៨ពីតំបន់អាហ្វ្រិក។

 
នារយៈពេល​ចុងក្រោយនេះ វិស័យ​អប់រំថ្នាក់មូលដ្ឋាន​នៅអាហ្វ្រិក ត្រូវបាន​វាយតម្លៃ​ថា មាន​ស្ថានភាព​ប្រសើរ ក្នុងជំហាន​លុប​បំបាត់គ្រោះមិន​ចេះអក្សរ។ ប៉ុន្តែ​ទោះបីជាយ៉ាងណាក៏ដោយ ប្រទេស​អាហ្រ្វិកជាច្រើន​នៅតែជាប្រទេសក្រីក្រ ដែលទាមទារឲ្យមាន​គោលការណ៍អប់រំច្បាស់លាស់។
 
អតីត​មេដឹកនាំអាហ្វ្រិក​ខាងត្បូង លោក Nelson Mandela បាន​លើកឡើង​ថា «អប់រំគឺជាអាវុធ​ដ៏មាន​ថាមពល​បំផុត​ដែលអ្នក​អាច​ប្រើ​ប្រាស់​ដើម្បីផ្លាស់ប្តូរពិភពលោល»។ សម្រាប់ចំណាត់​ថ្នាក់ World Education Forum កាលពីឆ្នាំ​២០២១ កន្លង​មក កោះសីស្ហែល ជាប់ជា​ប្រទេសដែលមាន​ប្រព័ន្ធអប់រំល្អជាងគេនៅអាហ្វ្រិក។
 
ស្ថិតនៅ​អាហ្វ្រិក​ខាងលិច ដែលមាន​ប្រជាជន​ជិត​១០ម៉ឺននាក់ កោះសីស្ហែល (Seychelles) ជាប្រជាជាតិតែមួយនៅ​អាហ្វ្រិក​ដែល​សម្រាប់បាន​គោលនយោបាយ «អប់រំសម្រាប់ទាំងអស់គ្នា​» របស់អង្គការយូណេស្កូ។ ដែនកោះមួយនេះ ជា​រដ្ឋអាហ្វ្រិកតែមួយគត់​ដែលស្ថិតក្នុងចំណោម Top 50 នៃចំណាត់ថ្នាក់​ប្រព័ន្ធអប់រំរបស់ WEF ពោល​គឺលេខ​៤៣ ដោយឈរលើអ៊ុយក្រែន ហុងគ្រី រុស្ស៊ី និងអេមីរ៉ាតអារ៉ាប់រួម។
 
ទុយនីស៊ី ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២ប្រចាំទ្វីប និងលេខ​៧១លើពិភពលោក ដោយ​ថវិកាជាតិ​២០ភាគរយនៃប្រទេសនេះ ត្រូវប្រើ​ប្រាស់​លើ​វិស័យ​អប់រំ។ កោះម៉ូរីស, អាហ្វ្រិកខាងត្បូង និង អាល់ហ្សេរី ស្ថិតក្នុងចំណោម Top 5 ក្នុងតំបន់។
 
ប្រទេសអាហ្វ្រិក​​៥ទៀត ដែលមាន​ប្រព័ន្ធអប់រំល្អ​ផងដែរនោះ មានដូចជា បុតស្វាណា, កេនយ៉ា, កាប់វែរ, អេហ្ស៊ីប និងណាមីប៊ី។ នេះបើតាម​តារាង​ចំណាត់ថ្នាក់ឆ្នាំ២០២១ របស់ WEF៕
 

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com