អត្ថបទពាណិជ្ជកម្ម
ធនាគារ អេស៊ីលីដាចួលរួមឧបត្ថម្ភកម្មវិធីសកលលោក លើកទី៩ ឆ្នាំ២០២២ស្តីពី SME
23, Sep 2022 , 11:10 am        
រូបភាព
ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ីបានចូលរួមឧបត្ថម្ភកម្មវិធីសម្រាប់វេទិកា ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម            សកលលោក លើកទី៩ ឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅពីថ្ងៃទី១៩ដល់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២នៅរាជធានីភ្នំពេញ ព្រះរាជា ណាចក្រកម្ពុជាដែលរៀបចំដោយស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងសហការរៀបចំដោយធនាគារជាតិនៃកម្ពុជាក្នុងគោលបំណងពង្រីកនូវលទ្ធភាព ទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូចនិងមធ្យមទូទាំងសកលលោក។

បុព្វហេតុចម្បងនៃការចូលរួមឧបត្ថម្ភរបស់ធនាគារ សម្រាប់វេទិកាហិរញ្ញប្បទាន សហគ្រាសធុនតូច និងមធ្យម សកលលោកនេះ គឺ ១) ដើម្បីលើកកម្ពស់ដៃគូធុរកិច្ច សម្រាប់បរិយាប័ន្នហិរញ្ញវត្ថុ ស្របតាមបេសកកម្មស្នូលរបស់ធនាគារ អេស៊ីលីដា និង ២) របៀបវារៈនៃវេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម សកលលោក លើកទី៩នេះ ស្តីពី “តំណភ្ជាប់ទៅនឹងឌីជីថលនីយកម្ម សម្រាប់ហិរញ្ញប្បទាន សហគ្រាសធុនតូច និងមធ្យម ប្របកដោយបរិយាប័ន្ន និងនិរន្តរភាព” ស្របតាមដំណើរការនៃការកម្លាយខ្លួនទៅជាធនាគារឌីជីថលរបស់ធនាគារ អេស៊ីលីដា។


 
ក្នុងថ្ងៃដំបូងនៃដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូ Global SME Finance ទៅកាន់ធនាគារ អេស៊ីលីដា ភីអិលស៊ីនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២ លោកMatthew Gamser អគ្គនាយកវេទិកាហិរញ្ញវត្ថុ SME បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថាបេសកកម្មស្ថាប័នរបស់លោកដែលនាំយកអ្នកចូលរួមជាង ៤០០នាក់មកពី ៦០ ប្រទេសមកកម្ពុជាដើម្បីសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ និងកសាងបណ្តាញSMEs។
 
លោកថ្លែងថា៖ «ជារៀងរាល់ឆ្នាំ យើងមានកិច្ចប្រជុំប្រចាំឆ្នាំ ដែលយើងព្យាយាមនាំមនុស្សមកជួបជុំគ្នានៅទីក្រុងផ្សេងៗគ្នាជុំវិញពិភពលោក ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក។ នៅឆ្នាំនេះ ពួកយើងជ្រើសរើសមកធ្វើនៅទីក្រុងភ្នំពេញ ព្រោះវាជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលយើងមានស្ថាប័នដូចជា ធនាគារអេស៊ីលីដា ពិតជាកត្តាជំរុញនៃរបៀបដែលអ្នកអាចបម្រើអាជីវកម្មខ្នាតតូច មីក្រូសហគ្រាស និងអ្នកប្រើប្រាស់តាមវិធីផ្សេងៗ ដែលនឹងមានប្រសិទ្ធភាពកាន់តែខ្ពស់»។


 
លោកMatthew លើកឡើងថា៖ «ដូច្នេះ យើងមានសេចក្តីសោមនស្សរីករាយ ដែលបានមកទីនេះ ដោយសារបេសកកម្មរបស់យើង គឺលើកកម្ពស់ការសិក្សា និង ដើម្បីស្វែងរកភាពជាដៃគូថ្មី។ យើងអាចកសាងបាន ហើយថែមទាំងមានការសន្ទនាដ៏ល្អពីមនុស្សជាច្រើនពីវិស័យសាធារណៈនៅទីនេះ។ យើងនឹងមានកិច្ចពិភាក្សាល្អអំពីរបៀបបង្កើតបរិយាកាសល្អដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម និងគាំទ្រប្រកបដោយបរិយាប័ន្នហិរញ្ញវត្ថុ»។
 
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ធនាគារ របស់លោកបានឆ្លងកាត់ដំណាក់កាលអភិវឌ្ឍន៍ជាច្រើន ដោយផ្តើមចេញពីអង្គការ ក្រៅរដ្ឋាភិបាលក្នុងស្រុក រហូតក្លាយជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារកម្ពុជាដំបូងគេ ដែលបានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅកាន់ប្រទេសជិតខាងក្នុងតំបន់ រួមមានប្រទេសឡាវ នៅឆ្នាំ ២០០៨ និងមីយ៉ាន់ម៉ា នៅឆ្នាំ ២០១៣។ នៅខែឧសភា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានក្លាយជាធនាគារពាណិជ្ជដំបូងគេនៅកម្ពុជា ដែលបានបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា (ផ.ម.ក)។
 
លោកបណ្ឌិត បញ្ជាក់ថា៖ «យើងមានសេចក្តីសោមនស្ស ក្នុងការចែករំលែក ព្រមទាំងការសិក្សាស្វែងយល់រវាងគ្នានឹងគ្នាជាមួយនឹងគណៈប្រតិភូ ដែលជាថ្នាក់ដឹកនាំអង្គភាពធុរកិច្ចជុំវិញសកលលោក ហើយយើងសង្ឃឹមថា ការចែករំលែកនូវជំនាញ និងបទពិសោធន៍ ប្រកបដោយភាពជោគជ័យនេះ គឺជាគុណប្រយោជន៍ល្អបំផុត សម្រាប់អង្គភាពអាជីវកម្មទៅវិញទៅមក ក៏ដូចជាសហគ្រាសខ្នាតតូច និងខ្នាតមធ្យម នៅទូទាំងសកលលោក»៕




 

© រក្សាសិទ្ធិដោយ thmeythmey.com