អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទីភ្នាក់ងារ UN៖ មនុស្សជិត១លាននាក់កំពុងប្រឈមមុខនឹងបញ្ហាកង្វះអាហារ
23, Sep 2022 , 5:59 pm        
រូបភាព
ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី២១ ខែកញ្ញាបានព្រមានពីបញ្ហាដ៏អាក្រក់ដែល​មនុស្សប្រមាណ១លាននាក់កំពុងតែជួបប្រទះនឹងវិបត្តិកង្វះស្បៀងអាហារក្នុងឆ្នាំនេះ ដោយសារតែ​អវត្តមាននៃជំនួយ និងបញ្ហាពិភពលោកផ្សេងៗរួមទាំងជម្លោះនៅអ៊ុយក្រែន។

 
ជម្លោះក្នុងតំបន់ ស្របជាមួយការប្រែប្រួលអាកាសធាតុយ៉ាងខ្លាំងក្លា ជាកត្តាចម្បងដែលនាំឱ្យ​មាន​វិបត្តិកង្វះស្បៀងអាហារដ៏អាក្រក់។ បន្ថែមពីនេះ អស្ថិរភាពសេដ្ឋកិច្ច ជំងឺកូវីដ-១៩ និងសង្គ្រាមនៅ​អ៊ុយក្រែន ក៏ជាកត្តាចម្បងផ្សេងៗដែលធ្វើឱ្យបញ្ហាមួយនេះរឹតតែធ្ងន់ធ្ងរទៅមួយកម្រិតទៀត។ អ៊ុយក្រែន ជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិធំជាងគេលំដាប់ទីបួន ខណៈរុស្ស៊ីស្ថិតក្នុងលំដាប់៣ និង​លំដាប់ទី១ ក្នុងការនាំចេញជីសម្រាប់កសិកម្ម ហេតុនេះសង្គ្រាមរវាងប្រទេសទាំងពីរ​ធ្វើឱ្យប៉ះពាល់​ដល់​ការផ្គត់ផ្គង់ស្បៀងអាហារដ៏សំខាន់។
 
«គ្រោះរាំងស្ងួតដ៏អាក្រក់នៅតំបន់ឧបទ្វីបអាហ្វ្រិកខាងកើតបានជំរុញឱ្យប្រជាជន ប្រឈមនឹងកង្វះ​ស្បៀងអាហារ។ អសន្តិសុខស្បៀងអាហារកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស និងរីករាលដាលពេញ​ពិភពលោក​»។ ប្រធានអង្គការស្បៀងអាហារនិងកសិកម្ម (FAO) លោក Qu Dongyu បាន​លើក​ឡើង​បែបនេះរួចបន្តថា ប្រសិនបើគ្មានការឆ្លើយតបផ្នែកមនុស្សធម៌ឱ្យបានទូលំទូលាយជាងមុននោះទេ ស្ថានភាពនឹងប្រែអាក្រក់ជាងនេះទៅទៀត។
 
ដើម្បីដោះស្រាយវិបត្តិមួយនេះ នៅចំពោះមុខមេដឹកនាំពិភពលោកដ៏ទៃទៀតក្នុងមហាសន្និបាត ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានប្រកាសផ្ដល់ជំនួយ២,៩ពាន់លានដុល្លារដើម្បី ដោះស្រាយ​បញ្ហា​អសន្តិសុខស្បៀងអាហារ។ ជំនួយនេះបន្ថែមពីលើជំនួយ៦,៩ពាន់លានដុល្លារ​ដែល​អាម៉េរិកបាន​ផ្ដល់​ឱ្យ​ក្នុងឆ្នាំនេះ៕
 

Tag:
 UN
  ស្បៀង
© រក្សាសិទ្ធិដោយ thmeythmey.com