អន្តរជាតិ
នាវាដឹកយន្តហោះចម្បាំងអាម៉េរិក ទៅដល់កូរ៉េខាងត្បូងដើម្បីឆ្លើយតបការគំរាមរបស់កូរ៉េខាងជើង
24, Sep 2022 , 12:29 pm        
រូបភាព
នាវាអាម៉េរិក USS Ronald Reagan និងក្រុមនាវាអមបានធ្វើដំណើរទៅដល់ទីក្រុងកំពង់ផែ Busan នៅថ្ងៃទី២៣ ខែកញ្ញាដើម្បីធ្វើសមយុទ្ធរួមគ្នាជាលើកដំបូងបន្ទាប់ពីផ្អាករយៈពេលបួនឆ្នាំ។ ទោះបើជាសមយុទ្ធនេះបានគ្រោងធ្វើជាយូរមកហើយ វត្តមានរបស់នាវាចម្បាំងនេះ ជាការប្ដេជ្ញាចិត្តរបស់អាម៉េរិកឆ្លើយតបការគំរាមរបស់កូរ៉េខាងជើង និងការបង្កើនការពារសម្ព័ន្ធមិត្តក្នុងតំបន់។

 
នាវា USS Ronald Reagan និងនាវាអមដទៃទៀតបានចូលចតនៅមូលដ្ឋានទ័ពជើងទឹកមួយ នៅទីក្រុង Busan ដែលស្ថិតនៅភាគខាងត្បូងនៃកូរ៉េខាងត្បូង។
 
មេបញ្ជាការក្រុមនាវាដឹកយន្តហោះចម្បាំងអាម៉េរិកឧត្តមសេនីយ៍ Michael Donnelly បានលើកឡើងក្នុងសន្និសីទកាសែតមួយថា នាវាដែលធ្វើដំណើរទស្សនកិច្ចនេះ ត្រូវបានគ្រោងទុកជាយូរណាស់មកហើយ និងត្រូវបានធ្វើឡើងដើម្បីកសាងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងជំរុញអន្តរប្រតិបត្តិការរវាងកងនាវាចរ។
 
«ពួកយើងបានផ្ញើសារទៅកាន់កូរ៉េខាងជើង»។ លោក Donnelly បានឆ្លើយបែប នេះទៅកាន់សំណួរដែលចោទសួរថាអាម៉េរិកបានផ្ដល់សញ្ញាឱ្យកូរ៉េខាងជើងដែរឬយ៉ាងណា។ យ៉ាងណាមិញលោក Donnelly បានបញ្ជាក់ថា សមយុទ្ធយោធានេះមានគោលបំណងធ្វើ ឡើងដើម្បីបញ្ជាក់ឱ្យបានច្បាស់ថាសម្ព័ន្ធមិត្តអាម៉េរិកអាចឆ្លើយតបនឹងការគំរាមកំហែងបាន គ្រប់កាលៈទេសៈ។ មេបញ្ជាការអាម៉េរិករូបនេះក៏បានសង្កត់ធ្ងន់ថា ពេលនេះជាឱកាសដ៏ល្អ សម្រាប់ឱ្យអាម៉េរិក និងកូរ៉េខាងត្បូងដើម្បីអនុវត្តយុទ្ធសាស្ត្រ និងប្រតិបត្តិការផ្ទាល់។
 
ក្នុងការឆ្លើយទៅសំណួរជាច្រើនទាក់ទងនឹងតួនាទីរបស់កងទ័ពអាម៉េរិកជាង២៩,០០០នាក់នៅកូរ៉េខាងត្បូងដែលអាចនឹងអូសទាញឱ្យកូរ៉េខាងត្បូងចូលរួមក្នុងសង្គ្រាម ចិន-កោះតៃវ៉ាន់ដែលអាចកើតមានលោក Donnelly បញ្ជាក់ថា សំណួរបែបនេះគឺសម្រាប់អ្នកបង្កើតគោលនយោបាយដែលមានឋានៈខ្ពស់ជាងលោក។ ក៏ប៉ុន្តែលោក Donnelly បញ្ជាក់ថាប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តដែលមានគំនិតដូចគ្នាដូចជាកូរ៉េខាងត្បូងគឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចខិតខំរបស់កងទ័ពជើងទឹកអាម៉េរិកដើម្បីរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ដែលមានជាងប្រាំពីរទសវត្សរ៍មកហើយ។
 
គួរបញ្ជាក់ថា ប្រធានាធីបតីកូរ៉េខាងត្បូងលោក យូន សុកយ៉លបានជំរុញឱ្យមានសមយុទ្ធរួម បន្ថែមទៀតនិងការបង្ហាញពីអំណាចយោធាផ្សេងទៀតជាការព្រមានដល់កូរ៉េខាងជើងដែល ក្នុងឆ្នាំនេះបានធ្វើការសាកល្បងមីស៊ីលជាច្រើនសារ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com