អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង រងប្រតិកម្មចំពោះការប្រើពាក្យសម្ដីមិនសមរម្យដាក់អាម៉េរិក
24, Sep 2022 , 8:29 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ចាប់ដៃប្រធានាធិបតីកូរ់េខាងត្បូង យូន សុកយ៉ល។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ចាប់ដៃប្រធានាធិបតីកូរ់េខាងត្បូង យូន សុកយ៉ល។ រូបថត AFP
ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន សុកយ៉ល ជាថ្មីម្ដងទៀតបានរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីលោកបានប្រើពាក្យសម្ដីមិនសមរម្យលើអាម៉េរិកដែលជាសម្ព័ន្ធមិត្តសំខាន់ពាក់ព័ន្ធនឹងការផ្ដល់ជំនួយដល់មូលនិធិសកល។


 
ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន សុកយ៉ល ដែលជាអ្នកនយោបាយថ្មីថ្មោងទើបឡើងកាន់តំណែងកាលពីខែឧសភានេះ បានធ្វើដំណើរទៅទីក្រុងញូវយ៉កដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។ នៅថ្ងៃទី២១ ខែកញ្ញាក៏បានជជែកជាមួយលោក ចូ បៃឌិន ក្នុងអំឡុងពេលថតរូបនៅឯមូលនិធិសកល ដែលជាវេទិកាប្រធានាធិបតីអាម៉េរិកទើបតែបានសន្យាផ្តល់ប្រាក់ចំនួន៦ពាន់លានដុល្លារបន្ថែមក្នុងមូលនិធិនេះ។ 
 
យ៉ាងណាមិញ ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានគេថតជាប់នៅពេលដែលលោកបាននិយាយទៅកាន់ជំនួយការរបស់លោកថា៖«តើលោក បៃឌិន អាចនឹងបាក់មុខយ៉ាងណា ប្រសិនបើសំណើនេះត្រូវបានសមាជិកសភា (F***ers) បដិសេធ?»។ 
 
វីឌីអូដែលលោកបានប្រើប្រាស់ពាក្យមិនសមរម្យនេះត្រូវបានគេចែកចាយពេញប្រទេសកូរ៉េខាងត្បូង។ វីដេអូ YouTube នៃការអត្ថាធិប្បាយរបស់ យូន ទទួលបានការចូលមើលជាង២លានដងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីវាត្រូវបានបង្ហោះ។ ពាក្យមិនត្រឹមត្រូវនេះ កំពុងក្លាយជាប្រធានបទពេញនិយមលេខមួយនៅលើ Twitter នៅកូរ៉េខាងត្បូង។ លោកក៏ទទួលបានការរិះគន់ជាច្រើនពីសំណាក់ប្រជាជនកូរ៉េខាងត្បូងដោយអ្នកខ្លះលើកឡើងថា សម្ដី និងសកម្មភាពរបស់ប្រធានាធិបតីគឺជាកិត្តិយសជាតិរបស់ប្រទេស។
 
អាម៉េរិក គឺជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់របស់កូរ៉េខាងត្បូង ដោយទីក្រុងវ៉ាស៊ីនតោនបានដាក់ទាហានប្រហែល២ម៉ឺន៧ពាន់នាក់នៅក្នុងប្រទេសដើម្បីជួយទប់ទល់នឹងកូរ៉េខាងជើង។
ការប្រើពាក្យសម្ដីមិនសមរម្យនេះ បានកើតឡើងនៅប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការិយាល័យរបស់លោក យូន បង្ខំចេញមុខការពារការសម្រេចចិត្តរបស់លោក យូន ក្នុងការមិនចូលរួមការគោរពសពម្ចាស់ក្សត្រី Elizabethទី ២ កន្លងទៅ ទោះលោកបានចូលរួមពិធីបុណ្យសពដល់ទីក្រុងឡុងដ៍ក្ដី។
 
កាលពីខែសីហា លោកក៏ត្រូវបានគេរិះគន់ផងដែរចំពោះការឆ្លើយតបជាផ្លូវការដ៏ច្របូកច្របល់ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិក Nancy Pelosi ទៅកាន់កូរ៉េខាងត្បូង ជាកន្លែងដែលលោកស្រីបានចុះចតបន្ទាប់ពីទៅតៃវ៉ាន់៕
 

Tag:
 អាម៉េរិក
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com