អន្តរជាតិ
ប៉ាឡេស្ទីន ទទូចឱ្យ UN ផ្តល់សមាជិកភាពពេញលេញ ហើយចេញផែនការឱ្យអ៊ីស្រាអែលចេញពីទឹកដីខ្លួន
24, Sep 2022 , 3:29 pm        
រូបភាព
ដោយ:
ថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ(UN)នាថ្ងៃទី២៣ ខែកញ្ញា ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas អំពាវនាវជាថ្មីសុំក្លាយជាសមាជិកពេញលេញរបស់អង្គការពិភពលោកមួយនេះ។ មេដឹកនាំរដ្ឋប៉ាឡេស្ទីនរូបនេះ ក៏បានអំពាវនាវឱ្យអគ្គលេខាធិការ UN ស្វែងរកផែនការអន្តរជាតិមួយដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីនផងដែរ។

 
ប៉ាឡេស្ទីនដែលត្រូវបានអ៊ីស្រាអែលទន្ទ្រានយកដីជាច្រើនទសវត្សរ៍មកហើយដាក់ពាក្យចូលជាសមាជិកអង្គការសហប្រជាជាតិ(UN)កាលពីឆ្នាំ២០១១ ហើយនៅឆ្នាំ២០១២ក៏ទទួលបានឋានៈជារដ្ឋអង្កេតការមួយ។ មកទល់ពេលនេះ UN នៅតែមិនទាន់អនុម័តសេចក្តីសម្រេចផ្តល់សមាជិកភាពពេញលេញដល់ប៉ាឡេស្ទីននៅឡើយដោយសារតែជម្លោះព្រំដែននៅតែបន្តកើតឡើងរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលដែលជារដ្ឋ UN។ 
 
«ប៉ាឡេស្ទីនដែលជារដ្ឋអង្កេតការនៅអង្គការនេះ(UN)អស់រយៈពេល១០ឆ្នាំ នៅពេលនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីក្លាយជាសមាជិកពេញលេញហើយ»។ ប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas ថ្លែងបែបនេះនៅចំពោះមុខមេដឹកនាំពិភពលោកនៅមហាសន្និបាតដោយលើកឡើងថា UN ទទួលស្គាល់រឿងនេះបានតាមរយៈការរួមចំណែករបស់ប៉ាឡេស្ទីនក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រទេសកំពុងអភិវឌ្ឍ G-77 ក៏ដូចជាជាសម្ព័ន្ធប្រទេសកំពុងអភិវឌ្ឍរបស់ចិន។
 
ទាក់ទងនឹងផ្លូវរកសន្តិភាពនៅប៉ាឡេស្ទីនវិញ លោក Abbas អំពាវនាវឱ្យប្រមុខ UN លោក អង់តូនីញូ ហ្គូតេរ៉េស សម្របសម្រួលផែនការអន្តរជាតិមួយដើម្បីបញ្ចប់ការកាន់កាប់របស់អ៊ីស្រាអែលលើទឹកដីរបស់ខ្លួន។ ឱ្យស្របជាមួយនឹងដំណោះស្រាយអន្តរជាតិ និងគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ ផែនការនោះនឹងជួយប៉ាឡេស្ទីនសម្រេចបានសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ 
 
បើទោះប្រធានាធិបតីប៉ាឡេស្ទីនរិះគន់ភាគីជម្លោះអ៊ីស្រាអែលពីការមិនអើពើដំណោះស្រាយអន្តរជាតិកន្លងមកក៏ដោយ លោក បង្ហាញការពេញចិត្តជាខ្លាំងចំពោះសុន្ទរកថារបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Yair Lapid អំឡុងសន្និបាតដែលអំពាវនាវឱ្យបន្តធ្វើការលើដំណោះស្រាយរដ្ឋពីរ(Two-state system)ដែលជាប់គាំងដើម្បីបញ្ចប់ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។ 
 
ដំណោះស្រាយរដ្ឋពីរនេះសំដៅលើការៀបចំ និងបែកចែកទឹកដីជាពីររដ្ឋរវាងជនជាតិជី្វហ្វរបស់អ៊ីស្រាអែល និងជនជាតិប៉ាឡេស្ទីនឱ្យរួមរស់ជាមួយគ្នាក្នុងតំបន់តែមួយ ពោលគឺនៅលើទឹកដីរបស់ប៉ាឡេស្ទីនមុនអ៊ីស្រាអែលកាន់កាប់៕ 

© រក្សាសិទ្ធិដោយ thmeythmey.com