អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីបាលីស្ទីកចម្ងាយខ្លី មុនទស្សនកិច្ចអនុប្រធានាធិបតីអាម៉េរិកនៅកូរ៉េខាងត្បូង
25, Sep 2022 , 10:38 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
អគ្គសេនាធិកាចម្រុះកូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងបានបាញ់មីស៊ីល បាលីស្ទីកចម្ងាយខ្លីទៅកាន់សមុទ្រខាងកើតក្នុងថ្ងៃទី២៥ ខែកញ្ញា មុនពេលសមយុទ្ធយន្តហោះចម្បាំងរួមគ្នារវាងកូរ៉េខាងត្បូង និងអាម៉េរិក ព្រមទាំងដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាម៉េរិក លោកស្រី  Kamala Harris នៅកូរ៉េខាងត្បូង។ រដ្ឋមន្ត្រីការពារជាតិជប៉ុនបានចាត់ទុក ការបាញ់មីស៊ីលនេះបានគំរាមកំហែងដល់សន្តិភាពប្រទេស​ តំបន់​ និងព្រមទាំងពិភពលោកទាំងមូលផងដែរ។

 
ខណៈ​អាម៉េរិក និងកូរ៉េខាងត្បូង ត្រៀមធ្វើសមយុទ្ធយន្តហោះចម្បាំងរួមគ្នា រួមទាំងទស្សនកិច្ចរបស់អនុប្រធានាធិបតីអាម៉េរិកលោកស្រី Kamala Harris ទៅកូរ៉េខាងត្បូងផង​នោះ កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីកចម្ងាយខ្លីមួយគ្រាប់ដែលទំនងជាការគំរាម និងឆ្លើយតបទៅនឹងសកម្មភាពរបស់ប្រទេសទាំងពីរ។
 
យោធាកូរ៉េខាងត្បូងបានលើកឡើងថា កូរ៉េខាងជើង បានបាញ់មីស៊ីលចេញពី​ស្រុក Taechon ដែលជាតំបន់មួយស្ថិតក្នុងខេត្ត North Pyongan នៅម៉ោងប្រហែល ៧ ព្រឹក (ម៉ោងកូរ៉េខាងជើង)។
 
ជុំវិញការតេស្តមីស៊ីលដដែលនេះ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានអះអាងថា ជប៉ុនបានប៉ាន់ស្មាន មីស៊ីលនោះបានទៅបានឈានដល់កម្ពស់អតិបរមា នៅចម្ងាយ៥០ គីឡូម៉ែត្រ ហើយប្រហែលជាបានហោះហើរនៅលើគន្លងមិនទៀងទាត់។ លោកបានបន្តថាមីស៊ីលនោះបានធ្លាក់លើនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុន ប៉ុន្តែមិនមានប៉ះពាល់ដល់ការដឹកជញ្ជូន ឬចរាចរណ៍ផ្លូវអាកាសឡើយ។
 
«ប្រសិនបើអ្នករាប់បញ្ចូលការបាញ់មីស៊ីលនេះទៀត នេះគឺជាការបាញ់សាកល្បងលើកទី១៩ ដែលជាចំនួន មិនធ្លាប់មានពីមុនមក។ សកម្មភាពរបស់កូរ៉េខាងជើងតំណាងឱ្យ ការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខនៃប្រទេសរបស់យើង តំបន់ និងសហគមន៍អន្តរ ជាតិហើយការធ្វើដូច្នេះនៅខណៈពេលនៃការឈ្លានពានអ៊ុយក្រែនកំពុងកើតឡើងគឺមិនអាច អត់ឱនឱ្យបានទេ»។ លោក Hamada បានសង្កត់ធ្ងន់បែបនេះរួចបន្តថា ជប៉ុន​បាន​ដាក់ការ​តវ៉ា​តាម​រយៈ​ស្ថានទូត​កូរ៉េខាង​ជើង​ក្នុង​ទីក្រុង​ប៉េកាំងរួចហើយ។
 
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីការបាញ់មីស៊ីលសាកល្បង មេបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាម៉េរិកបាននិយាយថាពួកគេបានគេដឹងអំពីការបាញ់សាកល្បងនេះ ហើយពួកគេកំពុងតែពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត។ អាម៉េរិកក៏ បានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តចំពោះការការពារកូរ៉េខាងត្បូង និងជប៉ុនផងដែរ៕
 
 
 
 

Tag:
 កូរ៉េខាងជើង អាម៉េរិក
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com