ជាតិ
ពីនេះ ពីនោះ
ខេត្ត៨ អាចនឹងមានជំនន់ទឹកភ្លៀង រយៈពេល៤ថ្ងៃ
26, Sep 2022 , 3:40 pm        
រូបភាព
 ជំនន់ទឹកភ្លៀង នៅក្នុងខេត្តសៀមរាប នាពេលកន្លងមក។ រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប។
ជំនន់ទឹកភ្លៀង នៅក្នុងខេត្តសៀមរាប នាពេលកន្លងមក។ រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប។
ភ្នំពេញ៖ ខេត្តឧត្ដរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យប៉ៃលិន បាត់ដំបង និងពោធិ៍សាត់ អាចប្រឈមនឹងជំនន់ទឹកភ្លៀង និងជំនន់ទឹកដោយបរិមាណទឹកហួសកម្រិត ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

 
យោងតាមការព្យាការណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ព្យុះទី១៦ ឈ្មោះ ណូរុ (NORU) កើតឡើងនៅភាគខាងកើតប្រទេសហ្វីលីពីន និងធ្វើឱ្យប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងប្រទេសកម្ពុជា បានចុះថមថយឥទ្ធិពលជាលំដាប់។
 
តាមការព្យាករដដែល នៅថ្ងៃទី២៧ ខែកញ្ញា ព្យុះណូរុ នេះ នឹងវិវត្តទៅជាព្យុះទីហ្វុង TY នៅពេលវាបក់ចូលកៀកឆ្នេរភាគកណ្ដាលប្រទេសវៀតណាម។ 
 
បន្ទាប់ពីពីព្យុះនេះ ឆ្លងកាត់ប្រទេសវៀតណាម និងអាងទន្លេមេគង្គប្រទេសឡាវ និង ថៃ។ នៅថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា វាបានថមថយឥទ្ធិពលបន្តបន្ទាប់ជាព្យុះកម្រិត TS វិសម្ពាធ TD និង សម្ពាធទាប។ ចំណែកចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញាខ្យល់មូសុងនិរតី និងបង្កើនល្បឿនបក់ក្នុងកម្រិតពីបង្គួរទៅខ្លាំងក្នុងតំបន់មាត់សមុទ្រ​។ 
 
ស្ថានភាពរៀបរាប់ខាងលើនេះ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២០ ខែកញ្ញាបណ្ដាលឱ្យខេត្តឧត្ដរមានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបងនិងពោធិ៍សាត់ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន រួមផ្សំនឹងបរិមាណទឹកភ្លៀងដែលហូរមកពីប្រទេសថៃបន្ថែមទៀតមកកាន់ខេត្តទាំងនោះ។ កម្រិតទឹកភ្លៀង និង ទឹកហូរមកពីប្រទេសថៃនេះនឹងធ្វើឱ្យបណ្ដាខេត្តទាំង៨ខាងលើ អាចបង្កឱ្យទំនាបជាប់ផ្លូវទឹកនិងផ្លូវទឹកក្នុងបណ្ដាខេត្តទាំងនោះ ប្រឈមនឹងជំនន់ទឹកភ្លៀង និងជំនន់ដោយបរិមាណទឹកហួសកម្រិត។ 
 
ដោយឡែក បណ្ដារាជធានី និងខេត្តដទៃទៀតមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ខណៈខេត្តជាប់មាត់សមុទ្រ ដូចជាខេត្តកោះកុងនិងព្រះសីហនុ អាចមានភ្លៀងធ្លាក់ច្រើន។ ឯនៅលើផ្ទៃសមុទ្រ នឹងមានភ្លៀងធ្លាក់ច្រើនខ្យល់បក់បោក និងរលកសមុទ្រខ្ពស់។ 
 
ជាមួយគ្នានេះ ភ្លៀងនឹងបន្តធ្លាក់ច្រើន នៅតំបន់ផ្ទៃរងទឹកភ្លៀងនៃអាងទន្លេមេគង្គ ដែលអាចធ្វើឱ្យទឹកទន្លេមេគង្គ កើនឡើងវិញ ជាបន្តបន្ទាប់។អាស្រ័យដូចស្ថានភាពខាងលើនេះ ក្រសួងធនធានទឹក និងឧតុននិយម បានអំពាវនាវដល់ក្រសួងពាក់ព័ន្ធ អាជ្ញាធរដែនដី និង សាធារណជនទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់៕
 
 
 

Tag:
 ThmeyThmey
  ជំនន់ទឹកភ្លៀង
  ក្រសួងធនធានទឹក
© រក្សាសិទ្ធិដោយ thmeythmey.com