កីឡាជាតិ
ជាតិ
AFC Futsal៖ អ៊ីរ៉ង់ ស៊ីឥណ្ឌូណេស៊ី ៥-០ ឯវៀតណាម លត់កូរ៉េខាងត្បូង ៥-១
29, Sep 2022 , 11:29 am        
រូបភាព
ខ្សែបម្រើវៀតណាម Pham Duc Hoa ក្រោយរកគ្រាប់បាល់ជូនក្រុម២ម្នាក់ឯង ក្នុងជំនួបទល់នឹង កូរ៉េខាងត្បូង។ រូបពី Vietnam Futsal
ខ្សែបម្រើវៀតណាម Pham Duc Hoa ក្រោយរកគ្រាប់បាល់ជូនក្រុម២ម្នាក់ឯង ក្នុងជំនួបទល់នឹង កូរ៉េខាងត្បូង។ រូបពី Vietnam Futsal
ដោយ:
អ៊ីរ៉ង់ដណ្តើមបាន៣ពិន្ទុក្រោយឈ្នះឥណ្ឌូណេស៊ី ៥-០ ខណៈលីបង់ស្មើឆាយនីសតៃប៉ិ ១-១ ក្នុងការប្រកួតវគ្គសន្សំពិន្ទុពូល C ក្នុងព្រឹត្តិការពានរង្វាន់បាល់ទាត់ក្នុងសាល AFC Futsal Asian Cup2022 នាកីឡដ្ឋាន Saad Al Abdullah Hall ថ្ងៃទី២៨ ខែកញ្ញា។ ចំណែកពូល D វៀតណាម បំបាក់កូរ៉េខាងត្បូង ៥-១ បន្ទាប់ពីស៊ាំម៉ូរ៉ៃជប៉ុន ចាញ់ អារ៉ាប៊ីសាអូឌីត ២-១។

 
អ៊ីរ៉ង់ នៅក្នុងវគ្គទី១ គេអាចស៊ុតទម្លាយសំណាញ់ទីឥណ្ឌូណេស៊ីរហូតទៅដល់ ៣គ្រាប់ពោលនៅនាទី២ រកបាន២គ្រាប់ដោយខ្សែប្រយុទ្ធ Saeid Ahmadabbasi និងខ្សែបម្រើ Moslem Oladghobad ចំណែកគ្រាប់ទី៣ ធ្វើបានដោយខ្សែបម្រើ Mehdi Asadshir នៅនាទី៩។ ចូលដល់វគ្គទី២ អ៊ីរ៉ង បន្ថែម២គ្រាប់ទៀតពោលនៅនាទី២២ ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ Saeid Ahmadabbasi និងនាទី២៤ បញ្ចប់ទីដោយប្រធានក្រុម Hossein Tayyebi។
 
ចំណែកលីបង់ បានត្រឹមស្មើជាមួយឆាយនីសតៃប៉ិ ១-១។ សម្រាប់ឆាយនីសតៃប៉ិ រកគ្រាប់បាល់បានដោយខ្សែបម្រើ Haung Wei-Lun បញ្ចប់ទីជើងស្តាំនៅនាទី១៣ ហើយលីបង់តាមពីក្រោយនាំគ្រាប់បាល់តាមស្មើដោយខ្សែការពារ Hammoud ធ្វើបាននៅនាទី១៨។ បញ្ចប់ការប្រកួតក្រុមទាំងពីរចែកគ្នាម្នាក់១ពិន្ទុ។
 
រីឯពូល D វៀតណាមបង្កើតព្យុះភ្លៀងដោយបំបាក់ក្រុមកូរ៉េខាងត្បូង ៥-១ ក្នុងជំនួបសន្សំពិន្ទុវិលជុំ។ ត្រឹមនាទី១ក្នុងវគ្គទី១ កូរ៉េខាងត្បូង បើកការនាំមុខ១គ្រាប់ធ្វើបានដោយខ្សែការពារ Shin Hong-hoon តែវៀតណាម វាយបកមកវិញដល់ទៅ៥គ្រាប់ដោយគ្រាប់ទី១ បាល់បង្ករកំហុសចូលទីខ្លួនឯងដោយកីឡាករ Shin Hong-hoon នៅនាទី២។ ខ្សែប្រយុទ្ធTran Thai Huy រកបាន២គ្រាប់នៅនាទី១៥ និង៣៤ និង២គ្រាប់ទៀតធ្វើបានដោយខ្សែបម្រើ Pham Duc Hoa នៅនាទី១៧ និង៣៥។
 
រីឯក្រុមស៊ាំម៉ូរ៉ៃជប៉ុន បាត់បង់៣ពិន្ទុក្រោយចាញ់ អារ៉ាប៊ីសាអូឌីត ២-១។ ជប៉ុន រកគ្រាប់បាល់បានដោយខ្សែការពារ Crepaldi នៅនាទី៣ និងនាទី១-១ អារ៉ាប៊ីសាអូឌី វាយបកមកវិញតាមស្មើធ្វើបានដោយកីឡាករ Al- Harthi និងគ្រាប់ទីពីរសម្រាប់ក្រុមបញ្ចប់ទីជើងឆ្វេងដោយខ្សែបម្រើ Fqihe នៅនាទី១៥។
 
បញ្ចប់ការប្រកួតពូល C អ៊ីរ៉ង់ឈរលេខ១ មាន៣ពិន្ទុតាមពីក្រោយដោយឆាយនីសតៃប៉ិ និងលីបង់មានម្នាក់១ពិន្ទុ ចំណែកពូល D វៀតណាម លេខ១ មានពិន្ទុស្មើ អារ៉ាប៊ីសាអូឌីត តែវៀតណាម មានផលចំណេគ្រាប់បាល់៤៕
 
 

Tag:
 កីឡាបាល់ទាត់
 AFC
© រក្សាសិទ្ធិដោយ thmeythmey.com