ជាតិ
ក្រសួងទេសចរណ៍ ឱ្យទេសចរប្រុងប្រយ័ត្នខ្ពស់ ពេលដើរកម្សាន្តតំបន់មាត់សមុទ្រ ទឹកជ្រោះ និងទឹកធ្លាក់
29, Sep 2022 , 11:29 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ ស្នើឱ្យទេសចរបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពេលដើរកម្សាន្តតាមតំបន់រមណីដ្ឋានទេសចរនានាក្នុងរដូវវស្សា ជាពិសេសតំបន់មាត់សមុទ្រ ទឹកជ្រោះ ទឹកធ្លាក់ ទឹកទន្លេជាដើម។ អំឡុងពេលភ្លៀង ទេសចរ ធ្វើដំណើរតាមសមុទ្រក៏ត្រូវប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់ខ្លាំង រលកសមុទ្រខ្ពស់ ជាពិសេសក្មេងៗ។

 
កម្ពុជានឹងបន្តទទួលរងឥទ្ធិពលព្យុះ ដែលធ្វើឱ្យ បណ្តាខេត្តមួយចំនួនមានភ្លៀងធ្លាក់ និងតំបន់មួយចំនួនងាយទទួលរងទឹកជំនន់។ ជាមួយគ្នានេះ តំបន់សមុទ្រ ក៏អាចមានរលកធំ និងខ្យល់កន្ត្រាក់ ដែលអាចធ្វើឱ្យទេសចរពិបាកដើរកម្សាន្ត។ ដោយឡែករមណីយដ្ឋានមួយចំនួនត្រូវផ្អាកដំណើរការដោយសារបញ្ហាទឹកជនលិន។
 
ជុំវិញបញ្ហានេះ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់សារព័ត៌មានThmeyThmey25ថា  បច្ចុប្បន្នភ្ញៀវទេសចរភាគច្រើនបានយល់ពីព័ត៌មាន ដោយពួកគេ តែងពិនិត្យមើលព័ត៌មានអាកាសធាតុមុនដំណើរកម្សាន្ត។ ការណ៍នេះទេសចរ អាចត្រៀមខ្លួន និងប្រុងប្រយ័ត្នពេលដើរកម្សាន្ត។
 
យ៉ាងណាមិញ លោក តុប សុភ័ក បន្តអំពាវនាវឱ្យទេសចរ និងអាជ្ញាធរតាមមូលដ្ឋានបង្កើនការការពារជុំវិញបញ្ហាអាកាសធាតុ។ «យើងបានឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ ហាមទេសចរមិនឱ្យទៅលេងកន្លែងមានគ្រោះថ្នាក់ ដូចជាទឹកជ្រោះអីកន្លែងមានគ្រោះថ្នាក់ត្រូវដាក់ស្លាកសញ្ញា ហើយបើមានគ្រោះថ្នាក់អីត្រូវជូនដំណឹងភ្លាមៗ»។ នេះជាការបញ្ជាក់របស់លោក តុប សុភ័ក ដោយបន្តថា តំបន់ទេសចរណ៍មួយចំនួនដែលមានទឹកជំនន់ ត្រូវផ្អាកដំណើរការមិនឱ្យទេសចរចូលកម្សាន្តឡើយ។
 
សូមជម្រាបថា តំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប តំបន់ទំនាបកណ្ដាល នឹងមានភ្លៀងពីតិច ទៅច្រើន ដោយសាររងឥទ្ធិពលព្យុះទី១៦ ណូរុ។ ក្រៅពីធ្វើតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប តំបន់ទំនាបកណ្ដាល  ក៏មានបណ្ដាខេត្តក្នុងភូមិសាស្រ្តជាប់ព្រំដែនថៃ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរ ទៅច្រើន លាយឡំទៅដោយផ្គួរ រន្ទះ និងខ្យល់កន្រ្តាក់។ រីឯតំបន់មាត់សមុទ្រ នឹងអាចភ្លៀងបន្តរហូតដល់ថ្ងៃទី៣០ ខែកញ្ញា លាយឡំ ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្លាំងផងដែរ។
 
ចំណែក រាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត និងមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិច ទៅបង្គួរតែប៉ុណ្ណោះ។ ក្រសួងទេសចរណ៍ បានអំពាវនាវដល់ប្រជាពលរដ្ឋ ទេសចរ និងអ្នកភ្ញៀវទេសចរធ្វើដំណើរតាមមាត់សមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចបង្កឡើងជាថាហេតុ៕
 
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com