ជាតិ
សម្បុកសត្វក្រៀលចំនួនពីរមានកូន៤ក្បាល ត្រូវបានរកឃើញក្នុងដែនជម្រកសត្វព្រៃលំផាត់
30, Sep 2022 , 7:59 am        
រូបភាព
ដោយ:
 ភ្នំពេញ៖ សម្បុកសត្វក្រៀលចំនួនពីរ ត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃលំផាតក្នុងខេត្តរតនគិរី នៅអំឡុងខែកញ្ញា ឆ្នាំ២០២២។ សម្បុកទាំងពីរនោះ មានកូនសរុបចំនួន៤ក្បាល។

 
សត្វក្រៀល ជាបក្សីដែលកំពុងរងគ្រោះ កំពុងមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ រដូវវស្សាជារដូវបន្តពូជរបស់សត្វក្រៀល ក្រុមការងារជីវចម្រុះអង្គការជីវិតធម្មជាតិនៅកម្ពុជា បានចុះអង្កេត និងតាមដានស្វែងរកសម្បុកពងកូន របស់ពួកវានៅក្នុងដែនជម្រកសត្វព្រៃលំផាត់។ 


រូបភាពកូនក្រៀលទើបញាស់ ដោយ លោក វុទ្ធី វិចិត្រ
 
លទ្ធផលនៅក្នុងខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារបានរកឃើញសម្បុកពងកូនរបស់សត្វក្រៀលចំនួន២សម្បុក ។ ដោយសម្បុកទី១ រកឃើញមានកូនចំនួន២ក្បាល មានអាយុ៤ថ្ងៃ និងសម្បុរទី២មានកូនចំនួន២ក្បាលដែរ មានអាយុប្រមាណ៣០ថ្ងៃ។ 
 
បញ្ហានិងការបារម្ភមួយចំនួននៅតែបន្តកើតមាននៅឡើង។ កន្លងមក លោក វរសក្ស បានបញ្ជាក់ថា បញ្ហាដែលលំបាកបំផុតសម្រាប់សកម្មភាពអភិរក្សសត្វនៅក្នុងដែនលំផាត់ ដោយសារសម្បូរពលរដ្ឋចំណូលថ្មី ជាហេតុធ្វើឱ្យការយល់ដឹងទាក់ទងកិច្ចការពារ និងអភិរក្សសត្វព្រៃមានកម្រិត។


រូបភាពសម្បុកក្រៀល  ដោយលោក  វុទ្ធី វិចិត្រ

លោក វរសក្ស ប្រាប់ ThmeyThmey25 ដូច្នេះ៖ «នៅដែនលំផាត់យើងមានសហគមន៍៤ទៅ៥កន្លែង។ ក្រុមការងារតែងបានផ្សព្វផ្សាយជាហូរហែ ប៉ុន្ដែទន្លឹមនោះមានពលរដ្ឋចំណូលថ្មីមកធ្វើការកាន់តែច្រើន ខ្វះចំណេះដឹង និងជីវភាពមានកម្រិត។ ចង់ឬមិនចង់ នៅពេលអត់ម្ហូប គាត់នឹងចូលព្រៃដើម្បីដាក់អន្ទាក់ ប្រមាញ់សត្វដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ។ នេះហើយជាឧបសគ្គសម្រាក់ការងារអភិរក្សនៅដែនលំផាត់»។ 
 
បញ្ជាក់ផងដែរថា កាលពីដើមខែកក្កដា ឆ្នាំ២០២២កន្លងមក ក្រុមការងារបានរកឃើញសម្បុកក្រៀលទី១ ក្នុងរដូវពងកូននៅដែនជម្រកសត្វព្រៃលំផាត់ ប៉ុន្ដែត្រូវបានបំផ្លាញទៅវិញ បន្ទាប់ពីប្រទះឃើញបានបីថ្ងៃប៉ុណ្ណោះ។ 
 
សម្រាប់រដូវពងកូនឆ្នាំ២០២២ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ក្រុមអ្នកអភិរក្សជីវចម្រុះរបស់អង្គការជីវិតធម្មជាតិនៅកម្ពុជា រកឃើញសម្បុកពងកូនរបស់សត្វក្រៀលចំនួន៣សម្បុក គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា។ លទ្ធផលខាងលើ បានកំពុងបង្ហាញថាដែននេះ បានដើរតួយ៉ាងសំខាន់សម្រាប់ការដំណើរការគាំទ្រដល់ការរស់នៅ និងការបន្តពូជរបស់សត្វក្រៀល និងប្រភេទសត្វមួយចំនួន ឱ្យនៅគង់វង្ស៕


 រូបភាពសត្វក្រៀល  ដោយលោក វុទ្ធី វិចិត្រ
 
 

Tag:
 លំផាត
  សម្បុកក្រៀល
© រក្សាសិទ្ធិដោយ thmeythmey.com