ជាតិ
សាសនា / ធម៌
មកដឹងពីស្ថានភាពសាលារៀនរបស់ព្រះសង្ឃនាពេលបច្ចុប្បន្ន
30, Sep 2022 , 1:01 pm        
រូបភាព
សមណសិស្សនៅពុទ្ធិកវិទ្យាល័យសម្តេច ជួន ណាត ខេត្តកំពង់ចាម ចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី កាលពីឆ្នាំ២០១៩។ រូបពីទំព័រហ្វេសប៊ុករបស់ពុទ្ធិកវិទ្យាល័យសម្តេច ជួន ណាត ខេត្តកំពង់ចាម
សមណសិស្សនៅពុទ្ធិកវិទ្យាល័យសម្តេច ជួន ណាត ខេត្តកំពង់ចាម ចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី កាលពីឆ្នាំ២០១៩។ រូបពីទំព័រហ្វេសប៊ុករបស់ពុទ្ធិកវិទ្យាល័យសម្តេច ជួន ណាត ខេត្តកំពង់ចាម
សាលាពុទ្ធិកៈ គឺជាសាលាសម្រាប់អប់រំនិងបណ្តុះបណ្តាលព្រះសង្ឃក្នុងព្រះពុទ្ធសាសនា។ កម្រិតនៃការអប់ផ្នែកពុទ្ធិកៈ មាន ពុទ្ធិកបឋមសិក្សា ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ  និងពុទ្ធិកសាកលវិទ្យាល័យ។



បច្ចុប្បន្ន សាលាពុទ្ធិកបឋមសិក្សា មាន៩៦៩កនែង មានសិស្ស-សមណសិស្ស២៤៣២រូប។ សាលាពុទ្ធិកមធ្យមសិក្សាបមឋភូមិ មាន៣៩កន្លែង មានសិស្ស-សមណសិស្ស៦៣០២រូប។ សាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិ មាន១៣កន្លែង មានសិស្ស-សមណសិស្ស២៣៤៧រូប។ សាលាពុទ្ធិកសាកលវិទ្យាល័យថ្នាក់បរិញ្ញាបត្រ មាន៥កន្លែង មាននិស្សិត-សមណនិស្សិត៣៧១៧រូប។ សាលាពុទ្ធិកសាកលវិទ្យាល័យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មាន៥កន្លែង មាននិស្សិត-សមណនិស្សិត៧៩៧រូប។ ពាក្យ សិស្ស-សមណសិស្ស សំដៅលើសិស្សជាគ្រហស្ថ និងសិស្សជាព្រះសង្ឃ។ ពាក្យនិស្សិត-សមណនិស្សិត សំដៅលើនិស្សិតជាគ្រហស្ថ និងនិស្សិតជាព្រះសង្ឃ។ ពាក្យរូប សំដៅលើអង្គនិងនាក់។

របាយការណ៍អំពីចំនួនសាលាពុទ្ធិកគ្រប់កម្រិត ចំនួនសិស្ស-សមណសិស្ស និងចំនួននិស្សិត-សមណនិស្សិត ត្រូវបានបង្ហាញដោយលោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធិផល៥ឆ្នាំចុងក្រោយរបស់ក្រសួងនេះ ដែលរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

ចាប់ពីពុទ្ធិកបឋមសិក្សា ដល់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ សិស្សភាគច្រើនគឺជាព្រះសង្ឃ ដោយមានសិស្សជាគ្រហង្សតិចតួចណាស់។ ប៉ុន្តែនៅកម្រិតពុទ្ធិកសាកលវិទ្យាល័យ មាននិស្សិតជាគ្រហស្ថច្រើនគួរសម ដែលចូលរៀនជាមួយព្រះសង្ឃ។

ពុទ្ធិកបឋមសិក្សា គឺគិតចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៣ ហើយថ្នាក់ទី៣ នៅពុទ្ធិកបមឋសិក្សា អាចចាត់ទុកថា ស្មើនឹងថ្នាក់ទី៥ឬថ្នាក់ទី៦ នៅសាលាបឋមសិក្សារបស់គ្រហស្ថ។ ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ស្មើនឹងអនុវិទ្យាល័យ ដែលចាប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី៩។ ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ស្មើនឹងវិទ្យាល័យ ដែលចាប់ពីថ្នាក់ទី១០ដល់ថ្នាក់ទី១២។ ពុទ្ធិកសាកលវិទ្យាល័យ ស្មើនឹងសាកលវិទ្យាល័យទូទៅ។

ជារួម វិស័យអប់រំផ្នែកពុទ្ធចក្រនេះ មានលក្ខណៈ និងប្រព័ន្ធដូចវិស័យអប់រំខាងអាណាចក្រដែរ។ ប៉ុន្តែ អ្វីដែលខុសប្លែកនោះ គឺ កម្រិតបឋមសិក្សាខាងព្រះសង្ឃ គឺសិក្សាតែរយៈពេល២ឬឆ្នាំ៣ឆ្នាំប៉ុណ្ណោះ នឹងអាចប្រឡងចូលរៀននៅកម្រិតមធ្យមសិក្សាបឋមភូមិ ចំណែកខាងគ្រហស្ថវិញ ត្រូវសិក្សារយៈពេល៦ឆ្នាំ។ ម្យ៉ាងទៀត ប្រព័ន្ធអប់រំខាងព្រះសង្ឃ មានមុខវិទ្យាច្រើនជាងគ្រហស្ថមួយចំនួន ដូចភាសាបាលី ភាសាសំស្ក្រឹត និងមុខវិទ្យាផ្នែកសាសនា ជាដើម។

គួរដឹងថា វិស័យអប់រំផ្នែកព្រះពុទ្ធសាសនា នៅមានសាលា១រៀនប្រភេទទៀត ហៅថា សាលាធម្មវិន័យ។ សាលាធម្មវិន័យ ជាទូទៅបណ្តុះបណ្តាលព្រះសង្ឃតែទៅលើទ្រឹស្តីព្រះពុទ្ធសាសនា ធម៌អាថ៌ និងវិន័យរបស់ព្រះសង្ឃ ដោយមិនបណ្តុះបណ្តាលអំពីចំណេះទូទៅ ដូចសាលាពុទ្ធិកៈឡើយ។ យោងតាមរបាយការណ៍ពីលោក សេង សុមុនី បច្ចុប្បន្ន សាលាធម្មវិន័យ មានមាន៤៥៥កន្លែង មានសិស្ស-សមណសិស្ស៨៨៥៦រូប។

ក្រៅពីចំនួនសាលាពុទ្ធិកៈ និងចំនួនព្រះសង្ឃជាសមណសិស្ស-សមណនិស្សិត របាយការណ៍ខាងលើ ក៏បង្ហាញចំនួននានាផ្សេងទៀត ក្នុងវិស័យព្រះពុទ្ធសាសនាដែរ។ វត្ត មាន៥១០៤វត្ត។ ព្រះសង្ឃទាំងគណៈមហានិកាយ និងគណៈធម្មយុត្តិ មាន៧០៩០០អង្គ ដោយក្នុងនោះ ព្រះសង្ឃគណៈមហានិកាយ៦៨៤៧៦អង្គ។ អាស្រមរបស់ព្រះពុទ្ធសាសនា មាន១៤៤កន្លែង។ មណ្ឌលវិបស្សនារបស់ព្រះពុទ្ធសាសនា មាន១៤៤កន្លែង។ អាចារ្យ-អាចារិនី មាន១៥១២៤នាក់។ តាជី-យាយជី ដែលស្នាក់នៅក្នុងវត្ត មាន១៣០១៦នាក់។ សិស្ស-និស្សិតដែលស្នាក់នៅតាមវត្ត មាន៧៧៨៥នាក់។ ក្មេងកំព្រាដែលស្នាក់នៅតាមវត្ត មាន២២០១នាក់។ ជនគ្មានទីពឹង ដែលស្នាក់នៅតាមវត្ត មាន៥៨៨នាក់។ គណៈកម្មការវត្ត មាន៣៧០០០នាក់។ ប្រជាជនខ្មែរ មាន៩៥ភាគរយ ដែលកាន់ព្រះពុទ្ធសាសនា៕


លោក សេង សុមុនី ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផល៥ឆ្នាំចុងក្រោយរបស់ក្រសួងធម្មការ និងសាសនា នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ (រូបពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា)។


Tag:
 ព្រះពុទ្ធសាសនា
  សាលាពុទ្ធិកៈ
© រក្សាសិទ្ធិដោយ thmeythmey.com