ជាតិ
ខេត្តបន្ទាយមានជ័យ នឹងប្រារព្ធពិធីប្រណាំងទូក និងតាំងពិព័រណ៍ភូមិមួយផលិតផលមួយរយៈពេល២ថ្ងៃ
01, Oct 2022 , 9:29 am        
រូបភាព
រូបតំណាង
រូបតំណាង
ដោយ:
 ភ្នំពេញ៖ ខេត្តបន្ទាយមានជ័យ នឹងរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្តនៅតាមដងស្ទឹងសិរីសោភ័ណ ចាប់ពីថ្ងៃទី២២ដល់២៣ ខែតុលាឆ្នាំ២០២២។ ក្រៅពីការប្រណាំងទូក ក៏មានការដាក់តាំងបង្ហាញផលិតផលភូមិមួយផលិតផលមួយ និងរួមជាមួយការបង្ហាញសមិទ្ធផលនានារបស់រដ្ឋបាលខេត្ត ដល់សាធារណជនផងដែរ។

 
លោក យង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានThmeyThmey25 ថា ដោយសារមានការអនុញ្ញាតិឱ្យមានការរៀបចំកម្មវីធីអុំទូកនៅតាមបណ្ដាលខេត្តដែលមានលទ្ធភាព ដូច្នេះរដ្ឋបាលខេត្តបន្ទាយមានជ័យសម្រេចរៀបចំកម្មវិធីប្រណាំងទូកថ្នាក់ខេត្តនៅក្នុងខែតុលាខាងមុខ។ 
 
«កម្មវិធីនឹងរៀបចំ ប៉ុន្ដែដោយសារមិនទាន់បានប្រជុំសម្រេចនៅឡើងទើបមិនទាន់អាចជូនដំណឹងថា មានចំនួនទូកប៉ុន្មាននឹងត្រូវចូលរួមប្រកួត។ ប្រហែលល្ងាននេះ ក្រោយប្រជុំអាចដឹងច្បាស់»។ នេះជាការបញ្ជាក់របស់លោក តាំងកួយ។ 
 
កម្មវិធីប្រណាំទូកនេះ នឹងមានលក់ផលិតផលភូមិមួយផលិតផលមួយដូចជា ផលិតផលកសិកម្ម សិប្បកម្មច្រើនប្រភេទ ដែលនាំចេញពីស្រុកភូមិក្នុងខេត្តបន្ទាយមានជ័យ។ ក្រៅពីនេះ រដ្ឋបាលខេត្ត ក៏រៀបចំកម្មវិធីអមផ្សេង ដើម្បីបង្កើនបរិយាកាសនៃកម្មវិធីប្រណាំងទូកឱ្យកាន់តែរីករាយ។ 
 
លោក យង់ តាំងកួយ បានលើកឡើថា កម្មវិធីអុំទូកនៅឆ្នាំនេះ អាចនឹងមានចំនួនទូកប្រហាក់ប្រហែលឆ្នាំមុន ប៉ុន្ដែចំនួនអ្នកមកកម្សាន្តអាចមានការកើនឡើង។ «បើតាមការរំពឹងទុករបស់យើង អាចនឹងមានអ្នកចូលរួមច្រើនលើសឆ្នាំមុន ព្រោះខេត្តយើងខានធ្វើកម្មវិធីនេះឆ្នាំមុន។ ដូច្នេះហើយអាចមានពលរដ្ឋដែលចង់ដើរកម្សាន្ដច្រើន។ បើលើកមុនបាន១ម៉ឺននាក់ ឆ្នាំនេះអាចមានដល់១ម៉ឺន៥ប្រាំពាន់ទៅ ២ម៉ឺននាក់ដែរ»។ នេះជាការរំពឹងទុករបស់ប្រធានមន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ។
 
សូមបញ្ជាក់ថា រដ្ឋាភិបាល បានប្រកាសផ្អាក ការប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នៅថ្នាក់ជាតិ ដែលត្រូវប្រពឹត្តទៅ ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ តែយ៉ាងណារដ្ឋាភិបាល នៅតែអនុញ្ញាតឲ្យមានការៀបចំពិធីបុណ្យអុំទូកនេះ នៅតាមបណ្តារាជធានី-ខេត្ត ទៅតាមលទ្ធភាពជាក់ស្តែងនៃរាជធានី-ខេត្តនីមួយៗ៕
 
 

Tag:
 បន្ទាយមានជ័យ
  អុំទូកថ្នាក់ខេត្ត
  ដងស្ទឹងសិរីសោភ័ណ
© រក្សាសិទ្ធិដោយ thmeythmey.com