ជាតិ
អាជ្ញាធរ ដាក់កំហិតបង្ក្រាបល្បែងស៊ីសងនៅខេត្តព្រះសីហនុ ដើម្បីក្លាយជាភាពគំរូ
01, Oct 2022 , 1:59 pm        
រូបភាព
អាជ្ញាធរខេត្តព្រះសីហនុ ប្រជុំពិភាក្សាជុំវិញការបង្ក្រាបល្បែងស៊ីសងនៅខេត្តព្រះសីហនុ។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ។
អាជ្ញាធរខេត្តព្រះសីហនុ ប្រជុំពិភាក្សាជុំវិញការបង្ក្រាបល្បែងស៊ីសងនៅខេត្តព្រះសីហនុ។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ។
ដោយ:
ភ្នំពេញ៖ ប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងអភិបាលខេត្តព្រះសីហនុ បានដាក់គោលដៅរួមគ្នា បង្ក្រាបល្បែងស៊ីសង ដើម្បីក្លាយជាខេត្តគំរូ គ្មានល្បែងស៊ីសងខុសច្បាប់។

 
លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បានប្រជុំជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដាក់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងខេត្ត។ លើសពីនេះ គឺស្វែងរកបទល្មើសជួញដូរមនុស្ស និងសម្អាតប្រាក់កខ្វក់។ 
 
រដ្ឋបាលខេត្តព្រះសីហនុបានចេញផ្សាយលើទំព័រហ្វេសប៊ុកថា ក្រោយុសម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសឲ្យសមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ រួមទាំងស្នើឲ្យម្ចាស់ទីតាំងបញ្ឈប់ដោយខ្លួនឯង គឺឃើញទីតាំងទាំងនោះ បានបិទជាបន្តបន្ទាប់។ ប៉ុន្តែ អាជ្ញាធរ សង្កេតឃើញនៅមានទីតាំងមួយចំនួននៅមិនទាន់បញ្ឈប់។ 
 
ជុំវិញករណីបង្ក្រាបនេះ ក្នុងអង្គប្រជុំជាមួយអភិបាលខេត្តព្រះសីហនុ លោក សុខ ផល បានសង្កត់ធ្ងន់ថា៖ «ការឯកភាពគ្នាបង្ក្រាបនេះ គឺបោសសម្អាតបន្ថែម ដើម្បីជាគំរូនៅលើទឹកដីខេត្តព្រះសីហនុ»។ 
 
លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១ តុលាថា ប្រតិបត្តិការនៃការអនុវត្តមានពីរជំហាន។ ទីមួយគឺ អាជ្ញាធរបន្តចុះបោសសម្អាត ល្បែងខុសច្បាប់តាមមូលដ្ឋានក្នុងភូមិសាស្រ្តខេត្តបន្តទៀត។ មួយទៀត គឺចុះពិនិត្យទីតាំងដែលសង្ស័យមានការបើកល្បែងខុសច្បាប់ បើទោះជាកាន់អាជ្ញាប័ណ្ណរបស់ក្រសួងហិរញ្ញវត្ថុក៏ដោយ។ ករណីនេះ លោកបញ្ជាក់ថា អាជ្ញាធរនឹងចុះ ពិនិត្យសុពលភាពអាជ្ញាប័ណ្ណ ដើម្បីប្រមូលព័ត៌មានឲ្យកាន់តែច្បាស់។
 
ទាក់ទិននឹងរឿងខាងលើ លោក ឡង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ក៏បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីតាមប្រព័ន្ធទូរស័ព្ទ នៅថ្ងៃនេះដែរថា ពុំមែនតែល្បែងស៊ីសងទេ ដែលអាជ្ញាធរខេត្តកំពុងយកចិត្តទុកដាក់ ទប់ស្កាត់និងចុះបង្ក្រាប។ 
 
«ក្រោយពី សម្ដេច ចេញបញ្ជា ក្រុមការងារចាប់ផ្ដើមអនុវត្ត អប់រំ ផ្សព្វផ្សាយដល់ពលរដ្ឋ គឺមានថយចុះច្រើនពីករណីល្បែងស៊ីសង ព្រោះពលរដ្ឋមួយចំនួនភ្ញាក់រំលឹក ចូលរួមសហការ»។​ លោក ឡង ឌីម៉ង់ លើកឡើងបែបនេះ ហើយបន្តឲ្យពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីបង្ក្រាបនិងទប់ស្កាតល្បែងស៊ីសង និងបទល្មើសផ្សេងៗ។ 
 
ចាប់តាំងពីមានបទបញ្ជាពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អាជ្ញាធរខេត្តព្រះសីហនុ ចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ បាន៥កន្លែង រួមទាំងរកឃើញជនបរទេសចម្រុះជាតិសាសន៍ផងដែរ។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ៕ 
 
 
 
 

Tag:
 សង្គម
  ល្បែងស៊ីសង
© រក្សាសិទ្ធិដោយ thmeythmey.com