ជាតិ
ដ្បិតរងការបន្ទោសពី ទេសចរ លើការហាមស្លៀកខ្លី តែអ្នកស្រី រដ្ឋនា នៅតែពេញចិត្តការងារថែប្រាសាទ
01, Oct 2022 , 8:59 pm        
រូបភាព
 អ្នកស្រី ឈឹប រដ្ឋនា អនុប្រធានភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា។​
អ្នកស្រី ឈឹប រដ្ឋនា អនុប្រធានភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា។​
ដោយ:
សៀមរាប៖  ភ្នាក់ងារទេសចរណ៍​ ជាការងារដែលអ្នកស្រី រដ្ឋនា បន្តធ្វើពីម្តាយខ្លួនបានជាង៧ឆ្នាំមកហើយ ក្នុងតួនាទីជាអ្នកមើលថែប្រាសាទ  ការពារសុវត្ថិភាពអ្នកទេសចរ ឬសង្រ្គោះភ្ញៀវពីគ្រោះថ្នាក់ចៃដន្យនានា។ ដ្បិតរងការស្តីបន្ទោសច្រើនពីភ្ញៀវទេសចរលើការហាមស្លៀកខ្លី និងហាមប៉ះពាល់ចម្លាក់លើតួប្រាសាទក្តី ប៉ុន្តែ ស្ត្រីមកពីស្រុកបន្ទាយស្រីរូបនេះ នៅតែពេញចិត្តធ្វើកិច្ច​ការនេះ​ដោយមិនរុញរាឡើយ។​

 
ក្នុងបរិវេណនៃប្រាសាទបន្ទាយស្រីដែលចម្ងាយប្រមាណ៤០គីឡូម៉ែត្រភាគខាងជើងទីរួមខេត្តសៀមរាប គឺមានទេសចរជាតិ និងអន្តរជាតិជាច្រើន កំពុងដើរមើលចម្លាក់នានាស្ថិតនៅលើតួប្រាសាទ។ ទេសចរខ្លះកំពុងថតរូបនៅមុខខ្លោងទ្វារប្រាសាទ ឯខ្លះទៀតកំពុងស្ដាប់ការបកស្រាយរបស់មគ្គទេសក៍ទេសចរយ៉ាងយកចិត្តទុកដាក់។ បើក្រលែងមើលទៅតាមជ្រុងនីមួយៗនៃប្រាសាទបន្ទាយស្រីវិញ យើងឃើញមានក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងមើលការខុសត្រូវភ្ញៀវទេសចរ និងថែរក្សាប្រាសាទ ដោយនៅក្នុងនោះក៏មានវត្តមានអ្នកស្រី ឈឹប រដ្ឋនា ផងដែរ។ 
 
អ្នកស្រី រដ្ឋនា  ត្រូវបានគេស្គាល់ជាភ្នាក់ងារទេសចរ តាមរយៈឯកសណ្ឋា​នដោយមានអាវពណ៌ផ្ទៃមេឃ ខោពណ៌ខ្មៅ និងមានពាក់កាតសម្គាល់ខ្លួនពណ៌ទឹកប៊ិច។​ អ្នកស្រី បានបម្រើការងារនេះ​ចាប់តាំងពីអំឡុងឆ្នាំ២០១៦មក ក្នុងតួនាទីជាអ្នកទប់ស្កាត់​ករណី​អ្នកទេសចរ​ប្រព្រឹត្ត​អំពើមិន​សមរម្យ​នានានៅ​ក្នុង​ពេល​ទស្សនាប្រាសាទ និង ជាអ្នកជួយ​សង្គ្រោះ​ភ្ញៀវ​ពេល​មាន​គ្រោះថ្នាក់ ឬការពារសុវត្ថិភាពអ្នកទេសចរ ផងដែរ។ បច្ចុប្បន្ន​ នាងជាអនុប្រធានភ្នាក់ងារទេសចរណ៍នៃនាយកដ្ឋានអភិវឌ្ឍរបស់អាជ្ញាធរជាតិអប្សរា​។
 
រយៈពេល៦ឆ្នាំក្នុងតួនាទីជាភ្នាក់ងារទេសចរណ៍ ប៉ុន្តែបើនិយាយឱ្យមែនទែនទៅ អ្នកស្រីបានភ្លក់រសជាតិជាអ្នកមើលថែប្រាសាទ និងភ្ញៀវទេសចរ តាំងពីអាយុប្រមាណ៥-៦ឆ្នាំមកម្លេះ។  កាលពីកុមារភាព អ្នកស្រី រដ្ឋនា តែងតែងើបពីព្រលឹម ដើម្បីដើរតាមម្តាយរបស់ខ្លួនទៅបំពេញភារកិច្ចថែទាំប្រាសាទ។
 
«កាលពីតូច ខ្ញុំជិះកង់ជាមួយម្ដាយ ពីភូមិព្រះដាក់ទៅដល់ប្រាសាទបាយ័ន។ យើងត្រូវងើបពីព្រលឹមមែនទែន ដោយសារយើងក្រខ្លាំង សូម្បីតែនាឡិកាមើលម៉ោងក៏យើងអត់មាន ដែរ។ យើងដាំបាយខ្ចប់បាយ យកទៅហូប»។ អ្នកស្រី រដ្ឋនា រៀបរាប់បែបនេះមកកាន់សារព័ត៌មានថ្មីៗ​ ដោយ​បញ្ជាក់យ៉ាងដូច្នេះ៖ «នេះ ជាអ្វីដែលខ្ញុំមិនអាចបំភ្លេចបាន»។ 
 
ការដើរតាមម្តាយជាប់ជានិច្ច ដោយឃើញម្តាយរបស់ខ្លួនបានចូលរួមយ៉ាងសំខាន់ក្នុងការថែទាំប្រាសាទនានា និងរក្សាសុវត្ថិភាពដល់អ្នកទេសចរ មិនថានៅទីជិតក្តី ឬទីឆ្ងាយក្តីនេះ គឺជំរុញទឹកចិត្តដល់ រដ្ឋនា ឱ្យសម្រេចដើរតាមគន្លងម្តាយខ្លួនតាំងពីឆ្នាំ២០១៦មក។ 
 
កើតនៅក្នុងទឹកដីនៃស្រុកបន្ទាយស្រី រដ្ឋនា បានចាប់ផ្ដើមអាជីពការងារដំបូងជាភ្នាក់ងារទេសចរណ៍ នៅប្រាសាទប្រែរូបនៃតំបន់អង្គរក្នុងខេត្តសៀមរាប។ ធ្វើការងារនៅទីនោះ​បានប្រមាណមួយឆ្នាំ អ្នកស្រី រដ្ឋនា ក៏ត្រូវបានថ្នាក់ដឹកនាំពេញចិត្ត និង អនុញ្ញាតឱ្យមកបំពេញការងារថែទាំប្រាសាទបន្ទាយស្រី មកទល់សព្វថ្ងៃ។ 


 
«ខ្ញុំពិតជាសប្បាយចិត្តជាមួយការងារមួយនេះ ទោះបីខ្ញុំគ្មានថវិកា[សម្រាប់ចូលរួមថែរក្សាប្រាសាទ] តែខ្ញុំបានធ្វើជាចំណែកមួយ ជាអ្នកថែរក្សាប្រាសាទ ដែលសល់ពីដូនតាខ្មែរ។ ខ្ញុំស្រឡាញ់ ខ្ញុំចូលចិត្ត ដោយសារតែខ្ញុំជាអ្នកភូមិព្រះដាក់។ អ៊ីចឹង! ខ្ញុំមិនបានជួយអី ក៏យើងបានជួយមើលថែប្រាសាទ ដែលយើងនៅជិត ផងដដែរ»។​ នេះជាការរៀបរាប់របស់អ្នកស្រី ឈឹប រដ្ឋនា​ ពីដើមទងនៃការចូលបម្រើការងារជាភ្នាក់ងារទេសចរណ៍ក្នុងអាជ្ញាធរជាតិអប្សរា។
ការងារជាភ្នាក់ងារទេសចរណ៍ មើលទៅហាក់មិនមានផលលំបាកអ្វីឡើយ ប៉ុន្តែការងារនេះត្រូវការភាពអត់ធ្មត់ខ្ពស់ ដើម្បីទៅបំពេញការងារជារៀងរាល់ថ្ងៃ ដែលត្រូវមានអម្រែកម្ខាងមើលថែភ្ញៀវទេសចរ និងម្ខាងទៀតមើលថែសម្បត្តិវប្បធម៌ខ្មែរ។​ អ្នកស្រី រដ្ឋនា មានទំនួលខុសត្រូវមើលភ្ញៀវទេសចរមិនឱ្យប៉ះពាល់ចម្លាក់ប្រាសាទ មិនឱ្យទេសចរស្លៀកពាក់មិនសមរម្យ និងមិនឱ្យភ្ញៀវទេសចរចូលទៅកន្លែងមួយចំនួនក្នុងប្រាសាទ ដែលត្រូវបានហាមឃាត់ឡើយ។ ទំនួលខុសត្រូវដ៏ធំមួយទៀតរបស់ស្រ្តីរូបនេះ គឺត្រូវមើលសុវត្ថិភាពភ្ញៀវទេសចរ។ 
 
រដ្ឋនា ត្រូវទៅបំពេញការងារនៅប្រាសាទបន្ទាយស្រីនេះជារៀងរាល់ថ្ងៃស្ទើរគ្មានថ្ងៃឈប់សម្រាកឡើយ។ ក្នុងការបំពេញការងារនេះ​អ្នកស្រី តែងតែទង្កិចផ្លូវចិត្តនូវពាក្យសម្ដីនានារបស់ភ្ញៀវទេសចរស្ទើរតែគ្មានលុះថ្ងៃ។ បើតាមភ្នាក់ងារទេសចរណ៍រូបនេះ​ អ្វីដែលពិបាកនិយាយជាមួយអ្នកទេសចរ គឺ​ការអនុវត្តតាមក្រមប្រតិបត្តិអង្គរ ដែលហាមភ្ញៀវទេសចរមិនឱ្យស្លៀកខ្លី។​
 
«យើងហាមគាត់ទៅ! ភ្ញៀវតបមកវិញដោយសម្ដីដែលយើងពិបាកនឹងទទួលយក។ ភ្ញៀវសួរខ្ញុំវិញថា ម៉េចបានចូលមិនបានគ្រាន់តែចឹង មិនឱ្យចូលអត់ទៅគ្មានអ្វីអស្ចារ្យផងគ្រាន់តែជាដុំថ្ម»។ នេះជាសម្តីដែលអ្នកស្រី រដ្ឋនា ទទួលបានពីទេសចរមួយចំនួន ដោយបន្ថែមថា ៖ « ពេលខ្លះយើងហាមទេសចរមិនឱ្យប៉ះចម្លាក់នៅតួប្រាសាទ​​ ដើម្បីការពារឬរក្សានូវរូបរាងដើមរបស់រូបចម្លាក់ ភ្ញៀវទាំងនោះក៏ស្តីបន្ទោសខ្លាំងៗមកលើយើងវិញក៏មានដែរ»។ 
 
ត្បិតសម្តីពីភ្ញៀវទេសចរមួយចំនួនធ្វើឱ្យប៉ះទង្កិចដល់ផ្លូវអារម្មណ៍ក៏ពិតមែន ប៉ុន្តែស្រីវ័យ៣០ឆ្នាំរូបនេះ នៅតែរក្សាភាពទន់ភ្លន់ក្នុងការឆ្លើយឆ្លងជាមួយអ្នកទេសចរ និងព្យាយាមពន្យល់ពួកគេឱ្យយល់ពីក្រមប្រតិបត្តិអង្គរដែលត្រូវអនុវត្តជាប្រចាំ។ លើសពីនេះ អ្នកស្រី បានខិតខំពង្រឹងការងាររបស់ខ្លួនឱ្យកាន់តែកាន់តែប្រសើរក្នុងការថែទាំអ្នកទេសចរឱ្យមានសុវត្ថិភាពពេលចូលទស្សនាប្រាសាទ និងថែទាំប្រាសាទកុំឱ្យរងផលប៉ះពាល់ផ្សេងៗពីសំណាក់ភ្ញៀវទេសចរ។ 
 
អ្នកស្រី ឈឹប រដ្ឋនា ហាក់មានមោទកភាពចំពោះខ្លួនឯងដែលបានចូលរួមថែរក្សាសម្បត្តិបន្សល់ពីបុព្វបុរសខ្មែរ ដោយអ្នកស្រី បានចាត់ការងារជាភ្នាក់ងារទេសចរនេះ គឺជាផ្នែកមួយនៃជីវិត។ អ្នកស្រី បានរៀបរាប់យ៉ាងដូច្នេះ៖«ដូចពាក្យចាស់ពោលថា ចានក្នុងរាវ គង់ប៉ះទង្គិច។ ថ្ងៃខ្លះមានភ្ញៀវនិយាយល្អ ហើយថ្ងៃខ្លះមានភ្ញៀវនិយាយមិនល្អ ប៉ុន្តែយើងជាអ្នកធ្វើការ ហើយស្ម័គ្រចិត្តធ្វើការនៅទីនេះអ្វីក៏យើងត្រូវទទួលយកដែរ។  មិនមែនជួបការលំបាកហើយត្រូវដើរចេញទេ ព្រោះធ្វើការកន្លែងណាក៏លំបាកដែរ។ ខ្ញុំពេញចិត្តធ្វើការងារនេះ ដោយគ្មានចិត្តចង់បោះបង់ចោលឡើយ»៕ 
 
 

Tag:
 ប្រាសាទបន្ទាយស្រី
  ជីវព័ត៌មាន
  ឈឹប រដ្ឋនា
 BBC
© រក្សាសិទ្ធិដោយ thmeythmey.com