ជាតិ
អ្នកជំនាញអប់រំ៖ គ្រឿងស្រវឹងអាចផ្សព្វផ្សាយបាន តែមិនគួរជំរុញការលក់ឡើយ
01, Oct 2022 , 9:59 pm        
រូបភាព
អ្នកស្រី លឹម វីរីយ៉ា  សាស្រ្តាចារ្យផ្នែកធុរកិច្ច នៅកម្ពុជា.
អ្នកស្រី លឹម វីរីយ៉ា សាស្រ្តាចារ្យផ្នែកធុរកិច្ច នៅកម្ពុជា.
ដោយ: ថ្មីៗ
ដោយ៖ សុង សុធាវី 
 
ភ្នំពេញ៖ សាស្រ្តាចារ្យផ្នែកធុរកិច្ច អ្នកស្រី លឹម វិរីយ៉ា  បាននិយាយថា ការផ្សព្វផ្សាយគ្រឿងស្រវឹង វាជះឥទ្ធិពលអាក្រក់បំផុតចំពោះសុខភាពមនុស្សជាតិ។ ប៉ុន្តែអ្នកស្រី ក៏មិនហាមឃាត់ចំពោះការផ្សព្វផ្សាយដែរ តែមិនគួរជំរុញការលក់គ្រឿងស្រវឹងឡើយ។

 
អ្នកស្រី លឹម វិរិយ៉ា បានលើកឡើងថា មធ្យោបាយក្នុងការផ្សព្វផ្សាយផលិតផលនាពេលបច្ចុប្បន្ន មានពីរប្រភេទគឺ ការផ្សាយពាណិជ្ជកម្ម (Advertising) និង ការជំរុញការលក់ ( Promotion)។ 
អ្នកស្រី លឹម វិរីយ៉ា សាស្រ្តាចារ្យផ្នែកធុរកិច្ច និងជាសហគ្រិនមួយរូបផងនោះ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ ថា៖ «ការផ្សព្វផ្សាយគ្រឿងស្រវឹងហ្នឹង មិនមែនចេះតែធ្វើតាមការនឹកឃើញរបស់អ្នក Marketing ទេ ដោយសារតែវាមានផលប៉ះពាល់ខ្លាំង។ យើងផ្សាយពាណិជ្ជកម្មបាន តែមិនគួរអនុញ្ញាតឱ្យធ្វើការប្រម៉ូសិនទេ។ ផ្សាយពាណិជ្ជកម្មគឺជាការផ្តល់សារផលិតផលទៅកាន់សារធារណៈជនឱ្យចងចាំឈ្មោះផលិតផល។ ឧទាហរណ៍ លើកផ្ទាំងប៉ាណូតាមទីសាធារណៈ ផ្សាយវីដេអូរម្លឹកឈ្មោះក្នុងវិនាទីខ្លីៗ ផ្សាយតាមវិទ្យុ ទូរទស្សន៍  Mediaណាមួយ ដែលផ្នែកទាំងអស់បានលឺនឹងត្រចៀក ឃើញនឹងភ្នែករបស់មនុស្ស។ តែមិនត្រូវផ្សព្វផ្សាយបរិមាណជំរុញការលក់ទេ ឧ. ទិញថែមរង្វាន់ ទិញ១ថែម១ ផ្តល់កាដូពិសេសក្នុងឱកាសណា១ ដើម្បីជំរុញទឹកចិត្តមនុស្សឱ្យផឹកកាន់តែច្រើន ទិញកាន់តែច្រើន អាហ្នឹងមិនគួរឱ្យកើតមានទេ»។ 
 
ដើម្បីកាន់តែលំអិត សូមលោក លោកស្រី អ្នកនាងកញ្ញា ស្តាប់បទសម្ភាសរវាង អ្នកស្រី លឹម វិរីយ៉ា  ជាមួយ កញ្ញា​ សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖
 



 
សហគ្រិនស្រ្តីសំដីមុតស្រួចរូបនេះ ពន្យល់ថា ការផ្សព្វផ្សាយពីគ្រឿងស្រវឹងនៅកម្ពុជាទៀតសោត មិនត្រូវធ្វើឡើងនៅទីតាំងក្បែរសាលារៀន ឬ តំបន់ទាក់ទងនឹងការអប់រំឡើយ ជាពិសេសមិនត្រូវផ្សព្វផ្សាយនិងលក់ឱ្យយុវជន ដែលមានអាយុក្រោម១៨ឆ្នាំនោះទេ ដោយសារតែវាជះឥទ្ធិពលអាក្រក់បំផុតចំពោះសុខភាពរបស់ពួកគេ។ល។


 អ្នកស្រី លឹម វីរីយ៉ា  សាស្រ្តាចារ្យផ្នែកធុរកិច្ច នៅកម្ពុជា

ស្រ្តីសម្បុរសដែលមានស្រុកកំណើតមកពីខេត្តបាត់ដំបងរូបនេះ បានបន្ថែមដូច្នេះ៖ 
 
« បាតុភូតធម្មជាតិនៃខួរក្បាលរបស់មនុស្ស និងសត្វគឺដូចគ្នា នៅពេលដែលបានមើលឃើញ ស្តាប់លឺសារអ្វីម្យ៉ាងដដែលៗរយៈពេលវែង វានឹងរក្សាទុក ស្រដៀងនឹងគ្រឿងម៉ាស៊ីននៅក្នុងកំព្យូទ័រដែរ។ នៅពេលដែលការចងចាំកាន់តែច្រើនទៅៗ ថ្ងៃណាមួយវានឹងត្រូវរកកន្លែងបញ្ចេញមកវិញ។ វិធីក្នុងការបញ្ចេញរបស់មនុស្សទី១ គឺសាកល្បងផឹក ព្រោះតែគេផ្សាយគ្រឿងស្រវឹងហ្នឹងមកយូរណាស់ហើយ។ ទី២ អ្នកមិនចេះផឹក ក៏ក្លាយទៅជាអ្នកចូលរួមផ្សព្វផ្សាយគ្រឿងស្រវឹងទាំងនេះជាមួយគេដែរ ដោយសារផលប្រយោជន៍ណាមួយ។ សូម្បីតែក្មេងតូចៗក៏ទទួលរងឥទ្ធិពលនៃការផ្សាយទាំងនេះដែរ ដែលគ្នាមិនដឹងថាអ្វីអាក្រក់ទេ គ្រាន់តែដឹងថាជាភាពសើចសប្បាយទៅវិញ»។ 
 
 
យ៉ាងណាក៏ដោយ អ្នកស្រី លឹម វិរីយា ហាក់បង្ហាញការព្រួញបារម្ភចំពោះរូបភាពនៃការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងនៅកម្ពុជាបច្ចុប្បន្ន ដោយសារមានភាពសេរីពេក ដែលវានាំឱ្យប៉ះពាល់ដល់សុខភាពមនុស្សជាតិ បង្កឱ្យក្លាយជាអំពើហិង្សាក្នុងគ្រួសារ ប៉ះពាល់ដល់សន្តិសុខសង្គម និងសេដ្ឋកិច្ច។
 
រឹតតែសំខាន់ អ្នកស្រី លឹម វិរីយ៉ា បានសំណូមពរដល់ភាគីពាក់ព័ន្ធ ពិសេសអ្នកបង្កើតច្បាប់ ឱ្យពិចារណាលើច្បាប់ទប់ស្កាត់ការផ្សព្វផ្សាយបរិមាណជំរុញការលក់គ្រឿងស្រវឹងនេះតែម្តង៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com