កីឡាជាតិ
ជាតិ
ប្រដាល់គុនខ្មែរ៖ ផានិត តទល់ សម្បត្តិ និងទួនប៉េ ជួបផាត់ថាណា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត
02, Oct 2022 , 7:59 am        
រូបភាព
ការប្រកួតរវាងបង្គោលក្រហម ជ័រ ពៅ និងបង្គោលខៀវ ទួន ប៉េ នាពេលកន្លងទៅ។ រូបពី BTV
ការប្រកួតរវាងបង្គោលក្រហម ជ័រ ពៅ និងបង្គោលខៀវ ទួន ប៉េ នាពេលកន្លងទៅ។ រូបពី BTV
ដោយ:
កីឡាករជើងថ្មី ពេជ្រ សម្បត្តិ ត្រូវតទល់ជាមួយ ធន់ ផានិត និងកីឡាករថៃ ទួនប៉េ ស៊ីតសាមផាយ៉ាក ជួបកីឡាកររួមទឹកដី ផាត់ថាណា ស៊ីតអាចានវីន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់«ម្ចាស់ជើងឯកខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី៨» នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ ថ្ងៃទី២ ខែតុលា ចាប់ពីម៉ោង ៥៖០០នាទីល្ងាចតទៅ។

 
គូទី១ កីឡាករជើងថ្មីខ្ចីវស្សារក្របីព្រៃមុខដែក ពេជ្រ សម្បត្តិ ត្រូវប្រកួតជាមួយដែនសមុទ្រ ធន់ ផានិត លើប្រភេទទម្ងន់ ៦០គីឡូក្រាម។ ៤ប្រកួតចុងក្រោយរបស់សម្បត្តិ ឈ្នះ៣ និងចាញ់១។ មុនឈានមកដល់វគ្គនេះ សម្បត្តិ យកឈ្នះកីឡាករថៃ ផេត ម៉េតម៉ៃ ដោយវាយឱ្យសន្លប់ក្នុងទឹកទី២ ចំណែក ផានិត ៤ប្រកួតកន្លងមកឈ្នះ៣ និងចាញ់១ដូចគ្នា ហើយប្រកួតចុងក្រោយឈ្នះកីឡាករថៃ រ៉ាក់ ថែ ដែលមិនអាចប្រកួតបន្តបានក្នុងទឹកទី២ ដោយមានបញ្ហាជើងខាងឆ្វេង។
 
រីឯគូបន្ទាប់ អ្នកលេងឆ្លងដែនខ្ញីចាស់ ទួនប៉េ ស៊ីតសាមផាយ៉ាក់របស់ថៃ ត្រូវតទល់ជាមួយមិត្តរួមទឹកដីខ្លាព្រៃឆ្លងដែន ផាត់ថាណា ស៊ីនអាចានវីន លើប្រភេទទម្ងន់ ៦០គីឡូក្រាម។ ទួនប៉េ ៤ប្រកួតរបស់គេ ឈ្នះ៣ ចាញ់១ ប្រកួតចុងក្រោយឈ្នះកីឡាករកម្ពុជា ជ័រ ពៅ ដោយពិន្ទុ ខណៈ ផាត់ថាណា ៤ប្រកួត ឈ្នះ៣ និងចាញ់១ ដូចគ្នា ចុងក្រោយឈ្នះពិន្ទុ ផាន ផាន់ណាត់។
 
គួរបញ្ជាក់ថា អ្នកឈ្នះនឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើខ្សែក្រវាត់«ខារ៉ាបាវ រដូវកាលទី៨» អ្នកចាញ់ នឹងត្រូវតតាំងគ្នាដណ្តើមយកលេខ៣ នាថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២ នៅលើសង្វៀនបាយ័ន ស្ទឹងមានជ័យ៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ដណ្តើមខ្សែក្រវាត់
© រក្សាសិទ្ធិដោយ thmeythmey.com