អន្តរជាតិ
សិង្ហបុរីចាត់ទុកទង្វើរុស្ស៊ីក្នុងការដាក់បញ្ចូលដែនដីអ៊ុយក្រែន គឺខុសនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ
02, Oct 2022 , 7:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ក្រសួងការបរទេសសិង្ហបុរី នៅថ្ងៃទី១ ខែតុលា បានរិះគន់សកម្មភាពរុស្ស៊ី ក្នុងការដាក់បញ្ចូលដែនដីអ៊ុយក្រែនថា ជាទង្វើខុសនឹងច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ (UN)។

 
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៣០ ខែកញ្ញា បានប្រកាសដាក់បញ្ចូលដែនដីរបស់អ៊ុយក្រែនចំនួន៤ ដូចជា តំបន់ Donetsk, តំបន់ Luhansk, តំបន់ Zaporizhzhia និងតំបន់ Kherson ជាផ្នែករបស់រុស្ស៊ីជាផ្លូវការ។ បញ្ហានេះ ត្រូវបានថ្នាក់ដឹកនាំបណ្តាប្រទេសជាច្រើន ជាពិសេសប្រទេសលោកខាងលិចរិះគន់យ៉ាងខ្លាំង។ 
 
ទន្ទឹមនេះ សិង្ហបុរី ដែលកន្លងមកធ្លាប់ដាក់ទណ្ឌកម្មលើរុស្ស៊ីជុំវិញការឈ្លានពានអ៊ុយក្រែនផងនោះ បានចាត់ទុកការក្រសោបយកដែនដីប្រមាណ ១៥ភាគរយនៃដែនដីអ៊ុយក្រែន ជាទង្វើខុសនឹងច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ។ 
 
«អធិបតេយ្យ ឯករាជ្យភាពនយោបាយ និងបូរណភាពដែនដីរបស់ប្រទេសទាំងអស់ ត្រូវតែទទួលបានការគោរព»។ ក្រសួងការបរទេសសិង្ហបុរីបានបញ្ជាក់បែបនេះ នៅថ្ងៃទី១ ខែតុលា ពោលគឺមួយថ្ងៃក្រោយរុស្ស៊ីដាក់បញ្ចូលដែនដីអ៊ុយក្រែនចំនួន ៤ជាផ្លូវការ។ 
 
ការដាក់ដែនដីទាំង៤ ជារបស់រុស្ស៊ី ធ្វើឡើងក្រោយមានការធ្វើប្រជាមតិ ដែលប្រទេសលោកខាងលិចហៅថា មិនស្របច្បាប់។ ការធ្វើប្រជាមតិនេះ បានបញ្ចប់កាលពីថ្ងៃទី២៧ ខែកញ្ញាកន្លងទៅ។ បើគិតទាំងដែនដីគ្រីមេផង រុស្ស៊ីបានគ្រប់គ្រងដែនដីអ៊ុយក្រែនប្រមាណ​ ២២ភាគរយ បើគិតចាប់ពីឆ្នាំ ២០១៤។ 
 
សូមបញ្ជាក់ថា ក្នុងថ្ងៃរុស្ស៊ីដាក់បញ្ចូលដែនដីអ៊ុយក្រែនជារបស់ខ្លួន អាម៉េរិក បានប្រកាសដាក់ទណ្ឌកម្មលើរុស្ស៊ី ដោយផ្តោតលើមន្រ្តីរុស្ស៊ី រួមទាំងក្រុមហ៊ុន និងសមាជិកសភាផង៕
 

Tag:
 សិង្ហបុរី
  អ៊ុយក្រែន
  UN
© រក្សាសិទ្ធិដោយ thmeythmey.com