ជាតិ
សូមប្រយ័ត្ន! ទឹកស្ទឹងពោធិ៍សាត់ ហក់ឡើងដល់កម្រិតលើសប្រកាសអាសន្ន ៥,០៣ម៉ែត្រ
06, Oct 2022 , 5:59 pm        
រូបភាព
ស្ទឹងពោធិ៍សាត់ ដែលកម្ពស់ទឹកបានហក់ឡើងកម្រិតលើសប្រកាសអាសន្ន។ រូប៖ ពីក្រសួងធនធានទឹក
ស្ទឹងពោធិ៍សាត់ ដែលកម្ពស់ទឹកបានហក់ឡើងកម្រិតលើសប្រកាសអាសន្ន។ រូប៖ ពីក្រសួងធនធានទឹក
កម្ពស់ទឹកស្ទឹងពោធិ៍សាត់នាបច្ចុប្បន្ន បានហក់ឡើងដល់ ៥,០៣ម៉ែត្រ ដែលកម្រិតនេះ លើសពីកម្ពស់ទឹក ដែលត្រូវបានប្រកាសអាសន្នទៅទៀត។​ នេះបើយោងសេចក្តីជូនដំណឹងរបស់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់​ នារសៀលថ្ងៃទី៦តុលានេះ។

 
ប្រព័ន្ធសម្ពោធសម្ពោធទាប( ITCZ) បន្តអូសបន្លាយនៅកម្ពុជា​ជាមួយនឹងខ្យល់មូលសុងនិរតីខ្សោយ។  ទន្ទឹមនោះការជួបប្រសព្វគ្នា រវាង ទ្រនុងសម្ពោធខ្ពស់ពីប្រទេសចិន(ភាគខាងជើង) និងសម្ពោទាប ដែលរុញពីក្រោមក៏មានឥទ្ធិពលលើកម្ពុជា ផងដែរ។ ស្ថានភាពបែបនេះ ធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងក្របខណ្ឌទូទាំងប្រទេស រហូតដល់ថ្ងៃទី១១តុលា ឆ្នាំ២០២២។​
 
ជាក់ស្តែង ស្ថានភាពទឹកស្ទឹងពោធិ៍សាត់បច្ចុប្បន្ន​  បានហក់ឡើងដល់កម្រិតលើសពីការអាសន្នទៅទៀត។ លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយកខេត្តពោធិ៍សាត់​ បានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា​៖«ទឹកស្ទឹងពោធិ៍សាត់ ដែលត្រូវប្រកាសអាសន្ន គឺក្នុងកម្ពស់៥,០០ម៉ែត្រ។ ប៉ុន្តែបច្ចុប្បន្ន កម្ពស់ទឹកនេះ បានកើនដល់ ៥,០៣ម៉ែត្រ»។  
 
ជាមួយនឹងស្ថានភាពប្រឈមនេះ ក៏មានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ ដែលមានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់ ផងដែរ។ លោក កែវ វ័យ បានបន្ថែមថា៖ « ឥទ្ធិពលនៃស្ទឹងទាំងនេះ  នឹងធ្វើឱ្យទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើង បន្តបន្ទាប់ ហើយអាចបង្កឱ្យមានទឹកជំនន់ នៅក្នុងខេត្តពោធិ៍សាត់»។
 
លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ អំពាវនាវដល់ពលរដ្ឋទាំងខេត្តពោធិ៍សាត់ ជាពិសេសអ្នករស់នៅតាមដងស្ទឹពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com