អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ឥណ្ឌារង់ចាំព័ស្តុតាងពី WHO បន្ទាប់ពីកុមារហ្គំប៊ីជាង៦០នាក់ស្លាប់ក្រោយប្រើថ្នាំផលិតនៅឥណ្ឌា
06, Oct 2022 , 10:29 pm        
រូបភាព
ឥណ្ឌាកំពុងរង់ចាំព័ស្តុតាងពីអង្គការសុខភាពពិភពលោក (WHO) ជុំវិញការលើកឡើងថា ថ្នាំក្អកប្រភេទទឹកផលិតដោយក្រុមហ៊ុនឱសថឥណ្ឌាចំនួន៤ប្រភេទ មានទំនាក់ទំនងជាមួយការស្លាប់របស់កុមារជាង៦០នាក់នៅហ្គំប៊ី។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលឥណ្ឌានៅថ្ងៃទី៦ ខែតុលា។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) អះអាងថាថ្នាំប្រភេទនេះបណ្តាលឱ្យខូចក្រលៀន។



អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៥ ខែតុលា បាន​ចេញ​ការ​ប្រកាស​អាសន្ន​ថា ថ្នាំ​ក្អកប្រភេទទឹក​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឥណ្ឌា​ Maiden Pharmaceuticals ​ទំនងជាជាប់​ទាក់ទង​នឹង​ការ​ស្លាប់​របស់​កុមារ​នៅហ្គំប៊ីយ៉ាងហោចណាស់៦៦នាក់។ បច្ចុប្បន្ននេះ ឥណ្ឌាកំពុងរង់ចាំព័ស្តុតាងពី WHO ដើម្បីបញ្ជាក់។
 
លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuter ថា ទីភ្នាក់ងារ UN និងនិយតករឱសថរបស់ឥណ្ឌា រួមជាមួយក្រុមហ៊ុនផលិតថ្នាំ Maiden Pharmaceuticals កំពុងស៊ើបអង្កេតការស្លាប់កុមារអាហ្វ្រិក ដោយសារពួកគេសុទ្ធតែមានបញ្ហាក្រលៀនធ្ងន់ធ្ងរ។
 
«ការស៊ើបអង្កេតបន្ទាន់ត្រូវបានរៀបចំហើយភ្លាមៗបន្ទាប់ពីទទួលបានដំណឹងពីការពិភាក្សារបស់ WHO ផ្អែកលើព័ត៌មានដែលមាន»។ មន្ត្រីសុខាភិបាលឥណ្ឌាមួយរូបបានអះអាងបែបនេះ មុនបន្ថែមថា ឥណ្ឌាកំពុងរង់ចាំរបាយការណ៍បញ្ជាក់ពីទំនាក់ទំនងរវាងឱសថ និងការស្លាប់របស់កុមារចេញពី WHO។ 
 
ផលិតផលថ្នាំក្អកប្រភេទទឹកចំនួន៤ របស់ក្រុមហ៊ុនឱសថឥណ្ឌា Maiden ដែលកំពុងជាប់សង្ស័យបង្កគ្រោះថ្នាក់រួមមាន Promethazine Oral Solution, Kofexmalin Baby Cough Syrup, Makoff Baby Cough Syrup និង Magrip N Cold Syrup។ 
 
បើតាមការលើកឡើងរបស់ WHO ការវិភាគរបស់មន្ទីរពិសោធនៃក្រុមហ៊ុនឱសថព្យាបាលក្អក Maiden ផ្ទាល់ក៏ព្រមទទួលស្គាល់ថា បរិមាណសារធាតុគីមី diethylene glycol និង ethylene glycol មានកម្រិតខ្ពស់នៅក្នុងថ្នាំក្អកនោះដែលអាចធ្វើឱ្យអ្នកប្រើពុល និងបំផ្លាញក្រលៀនធ្ងន់ធ្ងរ។
 
ទាក់ទិននឹងភាគីហ្គំប៊ីដែលជាប្រទេសរងគ្រោះ លោក Mustapha Bittaye ប្រធាននាយកដ្ឋានផ្ដល់សេវាសុខភាព បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាចំនួនអ្នកស្លាប់បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយប្រទេសនេះក៏បានហាមឃាត់ការលក់ថ្នាំទឹកបំបាត់ក្អករបស់ក្រុមហ៊ុន Maiden ហើយដែរ។
 
យ៉ាងណាមិញ ក្រុមហ៊ុននេះទើបតែបានផលិត និង​នាំ​ចេញ​ឱសថប្រភេទទឹកព្យាបាលក្អកជាផ្លូវការទៅហ្គំប៊ីតែមួយប្រទេស​ប៉ុណ្ណោះ ខណៈប្រទេសផ្សេងបានលក់ចែកចាយតាមទីផ្សារមិនផ្លូវការក្នុងបរិមាណតិចតួច។
 
គួរបញ្ជាក់ថា ការស្លាប់របស់កុមារយ៉ាងហោចណាស់ ៦៦នាក់នៅអាហ្រ្វិកខាងលិច ជាការបំផ្លាញមុខមាត់របស់ឥណ្ឌាយ៉ាងខ្លាំងខណៈកន្លងមក ប្រទេសអាស៊ីខាងត្បូងមួយនេះជាឱសថស្ថានពិភពលោក ដែលផ្គត់ផ្គង់ថ្នាំដល់គ្រប់ទ្វីប ជាពិសេសទៅឱ្យអាហ្វ្រិក៕
 

Tag:
 WHO
  ឥណ្ឌា
  ហ្គំប៊ី
© រក្សាសិទ្ធិដោយ thmeythmey.com