សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាស៊ីអាគ្នេយ៍ក្លាយជាតំបន់​ទាក់ទាញ​ Tech Startups
07, Oct 2022 , 8:29 am        
រូបភាព
អាស៊ីអាគ្នេយ៍គឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់ការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យា (Tech Startups)ដោយសារចំនួនប្រជាជនកើនឡើង  កំណើនសេដ្ឋកិច្ចខ្ពស់ និងប្រព័ន្ធអេកូឡូស៊ីក្នុងការចាប់ផ្តើមអាជីវកម្មមានការរីកចម្រើនខ្លាំង។ បើយោងតាម Jungle Ventures ការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យានៅអាស៊ីអាគ្នេយ៍មានតម្លៃសរុប ៣៤០ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ ហើយព្យាករថានឹងកើនឡើងបីដងនៅឆ្នាំ ២០២៥ ។



អាស៊ីអាគ្នេយ៍គឺជាទីផ្សារដ៏មានសក្តានុពលហើយជាទីផ្សារថ្មី ខណៈពេលដែលទីផ្សារអាម៉េរិក មានតម្លៃកាន់តែថ្លៃ ដែលធ្វើឱ្យអ្នកវិនិយោគជាច្រើន កំពុងចាប់ផ្តើមយកចិត្តទុកដាក់ ចំពោះបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលមានឧស្សាហកម្ម​ និងបច្ចេកវិទ្យាឌីជីថល កំពុងមានសន្ទុះរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមទស្សនាវដ្តីពាណិជ្ជកម្ម Forbe មានហេតុផល ​៣​យ៉ាង​ដែល​អាស៊ីអាគ្នេយ៍​ក្លាយជាគោលដៅ​ទាក់ទាញ​អ្នក​វិនិយោគ។
 
កំណើនប្រជាជន ស្របពេលចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិតកើនឡើង

ចំនួនប្រជាជននៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍មានជាង ៦៥៥លាននាក់ ស្មើនឹង ៨,៥ភាគរយនៃចំនួនប្រជាជនពិភពលោក។ ប្រទេសហ្វីលីពីនតែមួយគត់ មានប្រជាជនប្រហែល ១០៩លាននាក់ ខណៈឥណ្ឌូណេស៊ីប្រមាណ ២៧៣លាននាក់ និងវៀតណាមជាង ៩៧លាននាក់។ អត្រាកំណើនប្រជាជននៅអាស៊ីអាគ្នេយ៍ នឹងកើនឡើងយ៉ាងឆាប់រហ័សជាងអាម៉េរិក និងអឺរ៉ុបនាពេលអនាគត។
 
យោងតាមការសិក្សារបស់ Google, Temasek និង Bain & Co. មនុស្សជាង ៤០លាននាក់ បានប្រើប្រាស់អ៊ិនធឺណិតក្នុងឆ្នាំ ២០២០ ក្នុងនោះ ៩៤ភាគរយនៃអ្នកប្រើប្រាស់ទាំងនេះ និយាយថាពួកគេមានគម្រោងបន្តប្រើប្រាស់សេវាកម្មឌីជីថលយ៉ាងសកម្ម។
 
ប្រហែលជា ១០ឆ្នាំមុន អ៊ិនធឺណិតពិតជាមិនសូវពេញនិយមទេ នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ បច្ចុប្បន្ននេះ ៩០ភាគរយនៃអ្នកប្រើប្រាស់ក្នុងតំបន់ បានភ្ជាប់អ៊ិនធឺណិតតាមរយៈទូរស័ព្ទចល័ត។ ដូច្នេះ ការផ្លាស់ប្តូរឌីជីថលកំពុងកើតមាននៅក្នុងគ្រប់វិស័យនៃអាជីវកម្មក្នុងបណ្តាប្រទេសទាំងនេះ។
 
កំណើនសេដ្ឋកិច្ចមានស្ថិរភាព

ផលិតក្នុងស្រុកសរុប(GDP) នៃខ្លាសេដ្ឋកិច្ចទាំងប្រាំប្រចាំអាស៊ីអាគ្នេយ៍មាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ នឹងកើនឡើងប្រមាណ ៥,១ភាគរយ ក្នុងឆ្នាំ ២០២២។ ការព្យាករកំណើន GDP របស់ហ្វីលីពីនឆ្នាំ ២០២២ ត្រូវបានកែសម្រួលពី ៦,៦ភាគរយ ទៅ ៧,១ភាគរយ ខណៈថៃត្រូវបានកែសម្រួលពី ៣,៤ភាគរយ ទៅ ៣,៧ភាគរយ។
 
ប្រទេសទាំងនេះ រីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅរយៈពេល ៣០ឆ្នាំកន្លងមកនេះ ដោយវ៉ាដាច់ប្រទេសអភិវឌ្ឍន៍ឈានមុខគេទាក់ទងនឹងកំណើនផលិតផលក្នុងស្រុកសរុបពិត (Real GDP) សម្រាប់មនុស្សម្នាក់។ ជាឧទាហរណ៍ ក្នុងប្រទេសវៀតណាម ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ ក្នុងភាពស្មើគ្នានៃអំណាចទិញ (Purchasing power parities - PPPs) មានជិត ៩១៨ ដុល្លារក្នុងឆ្នាំ១៩៩០, ១៩៨៧ដុល្លារក្នុងឆ្នាំ ២០០០  និង ៨៦៥១ដុល្លារក្នុងឆ្នាំ ២០២០។
 
ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមមានការរីកចម្រើនខ្លាំង

ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការច្នៃប្រឌិត និងជំរុញកំណើននៃការចាប់ផ្តើមអាជីវកម្ម។ គោលនយោបាយ និងវិធានការរបស់រដ្ឋាភិបាលលើកទឹកចិត្ត ដល់ការអភិវឌ្ឍក្រុមហ៊ុនបច្ចេកវិទ្យាថ្មីៗ។ ប្រទេសថៃបានលើកលែងទិដ្ឋាការ និងពន្ធ សម្រាប់ការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យាក្រោមកម្មវិធី Thailand 4.0។ ជាលទ្ធផល ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអន្តរជាតិជាច្រើន កំពុងជ្រើសរើសបង្កើតការិយាល័យ និងមជ្ឈមណ្ឌលនៅអាស៊ីអាគ្នេយ៍។
 
ក្រុមហ៊ុនបច្ចេកវិទ្យា​ Grab បានបើកដំណើរការក្នុងឆ្នាំ ២០១២ ផ្តល់សេវាកម្មដឹកអ្នកដំណើរ, ដឹកជញ្ជូនអាហារ ការកក់សណ្ឋាគារ និងសេវាកម្មហិរញ្ញវត្ថុ។ ហើយនៅឆ្នាំ ២០១៨ ក្រុមហ៊ុននេះបានរុញ Uber ចេញពីអាស៊ីអាគ្នេយ៍។ បច្ចុប្បន្ននេះ Grab គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានតម្លៃបំផុត នៅអាស៊ីអាគ្នេយ៍។ ក្រៅពីនេះ Shopee ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាចម្រុះជាតិសាសន៍ មានមូលដ្ឋាននៅប្រទេសសិង្ហបុរី មានអ្នកទាញយកកម្មវិធីមួយនេះ ២០០លានដង គិតត្រឹមឆ្នាំ ២០១៩ ។ ពីរឆ្នាំក្រោយមក Shopee ត្រូវបានចាត់ទុកថា ជាកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិចដ៏ធំបំផុត នៅអាស៊ីអាគ្នេយ៍ ដែលមានអ្នកចូលមើលចំនួន ៣៤៣លាននាក់ជារៀងរាល់ខែ។
 
ក្រៅពីនេះ អាស៊ីអាគ្នេយ៍ត្រូវបានគេឃើញថា មានការរីកចម្រើននៃការចាប់ផ្តើមអាជីវកម្ម (Startups) ជាច្រើននៅគ្រប់វិស័យ។ បើតាមស្ថិតិ Cento Ventures  មូលនិធិបណ្តាក់ទុនមានចំនួន ៣៩៣គម្រោង បានចាប់ផ្តើមអាជីវកម្មនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២១ ។ យោងតាមការព្យាកររបស់ Golden Gate Ventures ការផ្តល់មូលនិធិសម្រាប់ការចាប់ផ្តើមអាជីវកម្មនៅអាស៊ីអាគ្នេយ៍នឹងលើសពី ១៤ពាន់លានដុល្លារនៅឆ្នាំ ២០២៣៕
 

Tag:
 Tech Startups ​ អាស៊ីអាគ្នេយ៍ ​
© រក្សាសិទ្ធិដោយ thmeythmey.com