អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កាសែត New York Times៖ អាម៉េរិកជឿថា អ៊ុយក្រែននៅពីក្រោយការធ្វើឃាតកូនស្រីមនុស្សជំនិតលោក ពូទីន​
07, Oct 2022 , 9:59 am        
រូបភាព
ទីតាំងកើតហេតុដែលសម្លាប់កូនស្រីមនុស្សជំនិតប្រធានាធិបតីរុស្ស៊ី។ រូបថត AP
ទីតាំងកើតហេតុដែលសម្លាប់កូនស្រីមនុស្សជំនិតប្រធានាធិបតីរុស្ស៊ី។ រូបថត AP
 កាសែត The New York Times បានចេញរបាយការណ៍មួយនៅថ្ងៃទី៦ ខែតុលា​​​​​ដោយបង្ហាញពី​ការ​ជឿជាក់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិកថា ផ្នែកមួយចំនួននៃរដ្ឋាភិបាលអ៊ុយក្រែន​បាន​អនុញ្ញាតឱ្យមានការបំផ្ទុះគ្រាប់បែកលើឡានមួយនៅតំបន់ក្បែរក្រុងមូស្គូកាលពី ខែសីហាដែលបាន​សម្លាប់លោកស្រី Darya Dugina ដែលជាកូនស្រីរបស់មន្ត្រីជំនិតមេដឹកនាំស្ស៊ីលោក Alexander Dugin។​

 
យោងតាមកាសែត The New York Times មន្ត្រីអាម៉េរិកបានអះអាងថា អ៊ុយក្រែនពិតជានៅ ពី​ក្រោយ​ការសម្លាប់របស់លោកស្រី Dugina ក៏ប៉ុន្តែមន្ត្រីទាំងនោះមិនបានបង្ហាញលម្អិតថា ស្ថាប័នណាមួយនៃ​រដ្ឋាភិបាលអ៊ុយក្រែនដែលបានអនុញ្ញាតឱ្យមានបំផ្ទុះគ្រាប់បែកវាយប្រហារនោះឡើយ។ អាម៉េរិ​ក​បាន​បញ្ជាក់ថា ខ្លួនមិនមានជាប់ពាក់ព័ន្ធអ្វីចំពោះការវាយប្រហារនេះឡើយ ហើយ​ក៏មិនដឹង​ជាមុ​ន​ពី​គម្រោង​វាយប្រហារនោះផងដែរ។
 
ជុំវិញរបាយការណ៍នេះ អ្នកនាំពាក្យវិមានក្រេមឡាំងលោក Dmitry Peskov បានលើកឡើងនៅថ្ងៃ ដដែលថា​ វាមានសញ្ញាវិជ្ជមានដែលការអះអាងរបស់អាម៉េរិកគឺដូចនឹងអ្វីដែលបានរកឃើញ​ដោយ​រុស្ស៊ី​ដែរនោះ។
 
«ខ្ញុំពិតជាចង់សង្ឃឹមថា នេះមិនមែនជាការប៉ុនប៉ងមួយរបស់អាម៉េរិកដើម្បីដកខ្លួនចេញពីការទទួល​ខុសត្រូវចំពោះការរៀបចំអំពើភេរវកម្មនាពេលអនាគតណាមួយដោយរបបអ៊ុយក្រែ​ន​នោះ​ឡើយ»។ លោក Peskov បានសង្កត់ធ្ងន់បែបនេះដោយចង់សំដៅលើការ​ចូលដៃរបស់អាម៉េរិក​ជាមួយ​អ៊ុយក្រែន​។
 
យ៉ាងណាមិញ អ៊ុយក្រែនបានច្រានចោលការចោទពីការទាក់ទងនឹងការវាយប្រហារលើលោកស្រី Dugina ។ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោកស្រី Dugina ក៏មិនមែនជាបុគ្គលមួយដែលស្ថិតក្រោមគម្រោងអ៊ុយក្រែន ឬ​ជា​គោលដៅវាយប្រហារនោះឡើយ៕
 

Tag:
 អ៊ុយក្រែន
  អាម៉េរិក
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com