ជាតិ
ក្រសួងវប្បធម៌ នឹងចាត់វិធានការទៅកាន់ក្រុមអ្នកផលិតវីដេអូបង្ហាញពីសម្ដី និងកាយវិការមិនសមរម្យ
07, Oct 2022 , 9:59 pm        
រូបភាព
លោក ប៉ុក បូរក្ស  ប្រធាននាយកដ្ឋានភាពយន្តខ្មែរ។ រូបភាពពីហ្វេសប៊ុកលោកផ្ទាល់
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្តខ្មែរ។ រូបភាពពីហ្វេសប៊ុកលោកផ្ទាល់
ដោយ៖ សុង សុធាវី 

ភ្នំពេញ៖ ប្រធាននាយកដ្ឋានភាពយន្តខ្មែរ លោក ប៉ុក បូរក្ស បានបញ្ជាក់ថា ក្រសួងវប្បធម៌នឹងបន្តអប់រំ ទៅកាន់ក្រុមអ្នកផលិតវីដេអូតាមបណ្តាញសង្គមផ្សេងៗ ឱ្យស្គាល់ច្បាស់ពីរូបភាពអាសអាភាស អំពើហិង្សាជាដើម ដើម្បីកុំឱ្យពួកគេប្រព្រឹត្តខុស តែបើក្រុមផលិតណាមួយចចេសរឹងរូសមិនគោរពតាម នឹងត្រូវទទួលទោស។

 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ក្នុងសន្និសីទសារព័ត៌មាន មហោស្រពជាតិ ភាពយន្តខ្នាតខ្លី លើកទី៣ ឆ្នាំ២០២២ លោក ប៉ុក បូរក្ស នាយកដ្ឋានភាពយន្តខ្មែរ ពន្យល់ថា ការកម្សាន្តផ្សេងៗតាមបណ្តាញសង្គម មិនមែនជាទម្រង់ភាពយន្តខ្នាតខ្លីឡើយ។ រឿងកំប្លែងខ្លី រូបភាពសម្តែងមួយចំនួន និង ការផលិតមិនដូចគ្នាទាំងស្រុងនោះទេ ដោយសារតែពួកគេមិនមានខ្លឹមសារសាច់រឿងច្បាស់លាស់។ 


មន្រ្តីវប្បធម៌ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី ភាពយន្តខ្នាតខ្លីលើកទី៣ ឆ្នាំ២០២២
 
ដើម្បីជា្របកាន់តែច្បាស់ សូមលោកអ្នាកនាងទស្សនាបទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ  ជាមួយ លោក ប៉ុក បូរក្ស  ប្រធាននាយកដ្ឋានភាពយន្តខ្មែរ ដូចតទៅ៖ 





 
លោក បូរក្ស ឡើកឡើងដូច្នេះថា៖ « ពេលខ្លះគាត់ប្រើតែទូរសព្ទមួយ ថតហើយយកមកកាត់ យកទៅដាក់ផ្សាយបាន ហើយគ្មានមាតិការ គ្មានអ្នកដឹកនាំ ថត និពន្ធ ឬ បច្ចេកទេស អីទេ ដែលវាបង្ហាញពីផលប៉ះពាល់ជាច្រើន។ យើងផ្តល់សិទ្ធឱ្យអ្នកផលិតទាំងនោះ តែកុំឱ្យលើស ឬ បំពានច្បាប់នៃប្រទេស។ អ៊ីចឹងយើងធ្វើសិក្ខាសាលាបង្រៀនពួកគាត់ ក្នុងដំណើរការផលិតឱ្យយល់ថា ​អ្វីទៅជារូបភាពអាសអាភាស? អ្វីជាអំពើហិង្សា? អ្វីជាផលប៉ះពាល់ក្នុងការផលិតវីដែអូ ឬ ភាពយន្ត? បើសិនពួកគាត់យល់បានហើយ នឹងអាចទប់ស្កាត់ផលប៉ះពាល់បាន ព្រោះអីនៅក្នុងហ្វេសប៊ុកមិនបានកំណត់អាយុអ្នកមើលទេ។ អ្វីដែលសំខាន់គឺ អប់រំអ្នកផលិតហ្នឹង យន្តការអប់រំ ណែនាំ ករណីរឹងរួស យើងនឹងមានវិធានការតាមផ្លូវច្បាប់ ដែលសហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីកសាងសំណុំរឿងតែម្តង»។
 
បន្ថែមពីលើនេះទៀត លោក ប៉ុក បូរក្ស  ប្រធាននាយកដ្ឋានភាពយន្តខ្មែរ បានអំពាវនាវដល់ឪពុកម្តាយគ្រប់រូបចូលរួមអប់រំកូនចៅ និងបង្រៀនពួកគេឱ្យប្រើទូរសព្ទក្នុងដៃប្រកបដោយការពិចារណា ដោយមិនគួរបណ្តែតបណ្តោយតាមតែចិត្តពួកគេពេកទេ។  ពិសេសការមើលវីដេអូបែបស្រើបស្រាល ឬ ប្រើសម្ដីមិនសមរម្យលើសពីអាយុពួកគេពេក។


លោក ប៉ុក បូរក្ស  ប្រធាននាយកដ្ឋានភាពយន្តខ្មែរ.
 
ប្រធាននាយកដ្ឋានភាពយន្តខ្មែររូបនេះសង្កត់ធ្ងន់ថា៖ « បើសិនមានការគ្រប់គ្រងពីឪពុកម្តាយ នោះគុណវិបត្តិនឹងកាត់បន្ថយបានច្រើន។ យុគសម័យបច្ចេកវិទ្យា ៤.០ យើងឃើញហើយថាវាលឿនណាស់! យើងទទួលបានគ្រប់មធ្យោបាយទាំងអស់។ អ៊ីចឹងក៏មានការចូលរួមពីមន្រ្តីវប្បធម៌  ពីឪពុកម្តាយ និងគ្រប់ភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់។ បើក្រសួងម្នាក់ឯងគ្រប់រឿង ខ្ញុំជឿថាមិនអាចចាប់ឆ្វេង ចាប់ស្តាំបានទាំងអស់នោះទេ៕
 
 

Tag:
 វិស័យ សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com